ព្រះសីហនុៈ សួនសុវត្ថិភាពចរាចរណ៍ ចំនួន២ និងសម្ភារអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍មួយចំនួន ត្រូវបានកាកបាទក្រហមកម្ពុជាប្រគល់ និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងវិទ្យាល័យចំនួន២ គឺវិទ្យាល័យ ហ៊ុន សែន វាលរេញ និងវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ក្នុងខេត្តព្រះសីហនុ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤។
ការសម្ពោធសួនសុវត្ថិភាពចរាចរណ៍ទី២ និងទី៣ នេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ចំណេះដឹងដល់យុវជនកាកបាទក្រហមកម្ពុជា សិស្សានុសិស្ស អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ឱ្យយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ផ្លាកសញ្ញាចរាចរណ៍ ក្រមសីលធម៌ក្នុងការបើកបរ ចេះគោរពអ្នកដទៃពេលបើកបរ ដើម្បីការពារអាយុជីវិតខ្លួនឯង ក្រុមគ្រួសារ។ នេះបើយោងតាមហ្វេសប៊ុកកាកបាទក្រហមកម្ពុជា។
នាឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានលើកឡើងថា គុណតម្លៃនៃកម្មវិធីនាពេលនេះ បានបង្ហាញពីសារប្រយោជន៍នៃការយកចិត្តទុកដាក់លើកកម្ពស់សុវត្ថិភាពចរាចរណ៍ក្នុងប្រទេសកម្ពុជា ដែលបញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាប្រឈមទាំងអស់គ្នា ប៉ុន្តែគ្រប់គ្នាអាចទប់ស្កាត់បាន ដោយអាចកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍។
លោកស្រីបញ្ជាក់ថា៖ «ជាក់ស្តែង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន បង្កឡើងដោយមនុស្ស ដោយសារមិនគោរពច្បាប់ចរាចរណ៍ ហេតុដូចនេះ ខ្ញុំសូបអំពាវនាវដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ដែលបានទទួលការយល់ដឹងពីសុវត្ថិភាពចរាចរណ៍នេះហើយ សូមចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងត្រូវធ្វើជាមិត្តអប់រំមិត្ត ផ្សព្វផ្សាយបន្តដល់មិត្តភក្តិ បងប្អូន និងក្រុមគ្រួសារ ដើម្បីចៀសវាងពីគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ»។
លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុបានថ្លែងថា សួនសុវត្ថិភាពចរាចរណ៍ ផ្តល់សារៈសំខាន់ណាស់ ស្របពេលស្ថានភាពខេត្តព្រះសីហនុ កំពុងអភិវឌ្ឍខ្លាំងលើគ្រប់វិស័យ រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទើបស្ថាបនារួចរាល់ ទន្ទឹមនោះខេត្តកំពុងប្រឈមស្ថានភាពចរាចរណ៍ ជាពិសេសកំណើននៃយានយន្តភ្ញៀវទេសចរ កំណើនការដឹកជញ្ជូនជាដើម។
លោកស្រី ហៀក ហ៊ីមុល្លី ថ្លែងថា៖«គ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមនិងបានកើតឡើងជារៀងរាល់ថ្ងៃក្នុងខេត្ត ពិសេសនៅតាមផ្លូវជាតិលេខ៤ មានករណីគ្រោះថ្នាក់ញឹកញាប់។ បច្ចុប្បន្នអាជ្ញាធរខេត្តខិតខំប្រឹងប្រែងឆ្លើយតប និងចាត់វិធានការដោះស្រាយតាមគ្រប់រូបភាព»។
ខេត្តបានប្រើប្រាស់កម្លាំងចម្រុះដូចជា កម្លាំងនគរបាលចរាចរណ៍ កងរាជអាវុធហត្ថ ចុះផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកកាន់តែទូលំទូលាយដល់មូលដ្ឋាន ដើម្បីចូលរួមពង្រឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាព។
លោក គឹម បញ្ញា ប្រធានអង្គកាមូលនិធិបង្ការរបួសអាស៊ី បានថ្លែងនៅថ្ងៃទី៤ ខែកុម្ភៈ ដោយគាំទ្រចំពោះវិធានការទាំងឡាយដែលផ្តោតលើការអប់រំ ការអនុវត្តច្បាប់ និងវិធានការផ្សេងៗទៀត សំដៅធ្វើយ៉ាងណាទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
លោកបានប្រាប់ទៀតថា ដូច្នេះ ការសម្ពោធដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍នេះ គឺដើម្បីអប់រំ និងផ្សព្វផ្សាយដល់សិស្សានុសិស្ស បានយល់ និងអនុវត្តឱ្យបានច្បាស់ពីផ្លាកសញ្ញាចរាចរណ៍ ដែលមាននៅលើផ្លូវ។
លោក គឹម បញ្ញាថ្លែងថា៖ «ជារួម ខ្ញុំគាំទ្រចំពោះការបង្កើតសួនហ្នឹង និងពង្រីកទៅដល់គ្រប់សាលារៀន ជាពិសេសសាលារៀន នៅតាមបណ្តោយផ្លូវជាតិដែលមានហានិភ័យខ្ពស់ និងមួយទៀត សុំឱ្យមានការពង្រឹងការប្រើប្រាស់អនុវត្តនូវសួននេះឱ្យបានជាប់ជាប្រចាំ។ ទោះយ៉ាងណា ដូចខ្ញុំធ្លាប់ផ្តល់យោបល់ គួរមានការបណ្តុះបណ្តាលបច្ចេកទេសពីការបើកបរដល់សិស្សានុសិស្ស និងអត្ថន័យរបស់ផ្លាកសញ្ញាចរាចរណ៍ផងដែរ»។
សូមរំឭកផងដែរថា កាកបាទក្រហមកម្ពុជា បានសម្ពោធ និងដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍ទី១ នៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។
យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ក្នុងឆ្នាំ២០២៣ គ្រោះថ្នាក់កើតឡើងសរុប ៣ ៣១៧លើក (យប់៥៥%) បណ្តាលឱ្យស្លាប់១ ៥៩០នាក់ និងរបួស៤៥១៥នាក់ (ធ្ងន់២,៧៦៦នាក់)។ បើធៀបនឹងឆ្នាំ២០២២ ករណីគ្រោះថ្នាក់ចរាចរណ៍កើន ៣៤១លើក ស្មើ១១% ប៉ុន្តែចំនួនអ្នកស្លាប់បានថយចុះ ១១៩នាក់ ស្មើ៧% និងចំនួនអ្នករងរបួសកើនឡើង៤៨៩នាក់ ស្មើ១២%៕