សៀមរាបៈ ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប សមាគមទេសចរណ៍ មូលនិធិឈាមនីមុនីនាថ សមាគមសហគ្រិនវ័យក្មេង សហភាពសហព័ន្ធយុវជនកម្ពុជានិងមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំកម្មវិធីបរិច្ចាគឈាម កាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៤ ដោយមានអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមបានជាង ៣៥០ ប្លោក។
កម្មវិធី«បរិច្ចាគឈាម» និង «ដំណើរកម្សាន្តក្នុងមហានគរ ឆ្ពោះទៅកាន់ខេត្តសៀមរាប» ធ្វើឡើងក្រោមប្រធានបទ «ឈាមខ្ញុំជារបស់អ្នក ឈាមអ្នកជារបស់ខ្ញុំ»។
កម្មវិធីនេះ គឺជាការផ្តួចផ្តើមបង្កើតព្រឹត្តិការណ៍សប្បុរសធម៌រួមគ្នា ក្នុងគោលបំណង ចូលរួមចំណែកពង្រឹងសុខុមាលភាពសង្គម និងបម្រើប្រយោជន៍សាធារណៈ ដោយមានការនិមន្ត និងអញ្ជើញចូលរួមបរិច្ចាគឈាមពីព្រះសង្ឃ ថ្នាក់ដឹកនាំមន្ទីរ កងកម្លាំង និងនិយោជិត និយោជកពីបណ្តាក្រុមហ៊ុនឯកជន សិល្បករ សិល្បការិនី និងសិស្សានុសិស្ស និស្សិត និងប្រជាពលរដ្ឋនានាជាច្រើន។
តាមរយៈការផ្សាយផ្ទាល់នៃកម្មវិធីនេះ លោក សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល បានថ្លែងឱ្យដឹងថា ការធ្វើអំណោយទានសម្រាប់ជីវិតដោយការផ្តល់ឈាមដោយស្ម័ត្រចិត្ត និងមិនទទួលកម្រៃ គឺជាការចូលរួមសង្គ្រោះជីវិតអ្នករងគ្រោះដោយក្តីសប្បុរស។
លោក សុខ ប៉ូ បានថ្លែងថា៖ «ការបរិច្ចាគឈាមម្តងអាចឱ្យយើងដឹងពីស្ថានភាពសុខភាពរបស់យើងម្តង ដឹងពីស្ថានភាពឆ្លងឬមិនឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺរលាកថ្លើម ស្វាយ អេដស៍...និងជួយធ្វើឱ្យប្រសើរឡើងនូវសុខភាពបេះដូង ការលើសទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ហើយក្រុមការងារធ្វើតេស្តឈាមដោយសម្ងាត់ និងឥតគិតថ្លៃ»។
ចំណែក កញ្ញា នី មុនីនាថ ប្រធានមូលនិធិឈាមនីមុនីនាថ ក៏បានលើកឡើងដែរថា ការបរិច្ចាគឈាមនេះរៀបចំឡើង ក្រោមប្រធានបទ «ឈាមខ្ញុំជារបស់អ្នក ឈាមអ្នកជារបស់ខ្ញុំ» ស្របគ្នាទៅនឹងយុទ្ធនាការដំណើរកម្សាន្តក្នុងមហានគរ និងតំបន់គោលដៅទេសចរណ៍នានាក្នុងខេត្តសៀមរាប។
កញ្ញាបានថ្លែងថា គោលបំណងនេះគឺចង់បង្ហាញដល់មហាជនក៏ដូចជាដើម្បីបំផុសស្មារតី និយោជិត និយោជក សិល្បករសិល្បការិនី សិស្សនិស្សិត ចូលរួមសកម្មភាពមនុស្សធម៌បែបនេះឱ្យបានកាន់តែច្រើន ដែលបង្ហាញពីចេតនា និងឆ្លុះបញ្ចាំងពីទឹកចិត្ត ចែករំលែកក្តីស្រឡាញ់ និងជាចំណែកមួយជួយដល់អាយុជីវិតមនុស្ស ដែលកំពុងស្ថិតក្នុងដំណាក់កាលគ្រោះថា្នក់ផ្សេងៗ។
កញ្ញា នី មុនីនាថ ថ្លែងថា៖ «ព្រឹត្តិការណ៍នៃការបរិច្ចាគឈាមនៅពេលនេះ អាចបង្កើតបាននូវវប្បធម៌ ដ៏ល្អមួយសម្រាប់សង្គម ពោលគឺឈាមបានផ្សព្វផ្សាយ ផ្សារភ្ជាប់នឹងការស្រឡាញ់ជីវិតរបស់ប្រជាជនគ្រប់រូប។ ការផ្តល់ឈាមដោយស្ម័គ្រចិត្តរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា គឺជាការជួយសង្គ្រោះជីវិតប្រជាជនយើង ដែលផ្តល់នូវសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក»។
កញ្ញាបានបន្តថា៖ «និយាយរួមការបរិច្ចាគឈាមមានអត្ថន័យយ៉ាងធំធេង ក្នុងគោលបំណងជួយសង្គ្រោះជីវិតមនុស្ស អ្នកជំងឺ ឱ្យបានទាន់ពេលវេលា និងអាចធានាផ្តល់ឈាមទាន់ពេលវេលាដល់អ្នកជំងឺ ជាពិសេសកាត់បន្ថយហានិភ័យនៅពេលខ្វះខាតឈាមបំផុត»។
ជាមួយគ្នានេះ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងទឹកដីប្រវត្តិសាស្ត្រ នៃខេត្តសៀមរាបនេះ ដើម្បីបំផុសស្មារតីឱ្យមានការចូលរួមសកម្មភាពមនុស្សធម៌ដោយការបរិច្ចាគឈាមបែបនេះ ដែលបង្ហាញពីចេតនាដ៏ល្អបរិសុទ្ធ និងឆ្លុះបញ្ចាំងពីទឹកចិត្តដ៏ថ្លៃថ្លា ចែករំលែកក្តីស្រឡាញ់ និងជាចំណែកមួយជួយដល់អាយុជីវិតមនុស្ស ដែលកំពុងស្ថិតក្នុងដំណាក់កាលគ្រោះថា្នក់៕