​ភ្នំពេញៈ រយៈពេល​ ២៣​​ ថ្ងៃ សាលាដំបូង​រាជធានី-ខេត្ត​ ទូទាំងប្រទេស​បាន​ដោះស្រាយ​រួចរាល់​នូវ​សំណុំរឿង​អត្រានុកូលដ្ឋាន​បាន​ចំនួន​សរុប​ ៤៧,២០​ ភាគ​រយ​នៃ​សំណុំរឿង ខណៈ​ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ ជំ​រុញឱ្យ​អនុប្រធាន ចៅក្រម និង​ក្រឡា​បញ្ជី ត្រូវ​កំណត់​កាលបរិច្ឆេទ​ជំនុំជម្រះ​ឱ្យបាន​ឆាប់រហ័ស​លើ​សំណុំ​រឿងក្តី បទល្មើស​គ្រឿង​ញៀន បទល្មើស​ចរាចរណ៍ និង​រឿងក្ដី​អត្រានុកូលដ្ឋាន​។​

​យោងតាម​ក្រុមការងារ​ព័ត៌មាន​និង​ទំនាក់ទំនង​សាធារណៈ​នៃ​គណៈបញ្ជាការ​ដឹកនាំ​យុទ្ធ​នា​ការជំរុញ​និង​ព​ន្លឿ​ន​ការ​ដោះ​​ស្រាយ​រឿងក្តី​នៅតាម​តុលាការ​និង​យុទ្ធនាការ​ត្រួតពិនិត្យ​និង​ដោះស្រាយ​ភាពមិនប្រក្រតី​នៅតាម​តុលាការ​នៃ​ក្រសួងយុត្តិធម៌ កាលពី​ថ្ងៃទី ​៣ ខែកុម្ភៈ បានឱ្យដឹងថា សំណុំរឿង​អត្រា​នុ​កូ​ល​​ដ្ឋា​ន​នៅ​សាលាដំបូង​រាជធានី​-​ខេត្ត នៅមុន​ពេល​មាន​យុទ្ធ​​នា​ការសរុប​មាន​ចំនួន​ ៦ ៨៥០​ សំណុំរឿង​។​

​ប្រភព​ដដែល​បានឱ្យដឹង​ដែរ​ថា សំណុំរឿង​ចូល​ថ្មី​ក្រោយពេល​ប្រកាស​បើក​យុទ្ធនាការ​ទាំង​ ២ ​ខាងលើ គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែមករា ឆ្នាំ​ ២០២៤ មាន​ចំនួន​សរុប​ ១ ៨៨០​ សំណុំ​​រឿង ដោយ​សរុប​ទាំងអស់​មាន​ចំនួន ៨ ៧៣០ ​សំណុំរឿង​។​

ក្រសួងយុត្តិធម៌​បានឱ្យដឹង​ទៀតថា​៖ «​រយៈពេល​ ២៣ ​ថ្ងៃ បន្ទាប់​ពីថ្ងៃ​ប្រកាស​បើក​យុទ្ធ​នា​ការ​សាលាដំបូង​រាជធានី​-​ខេត្ត ទូទាំងប្រទេស បាន​ដោះស្រាយ​រួចរាល់​នូវ​សំណុំរឿង​អត្រា​នុ​កូ​ល​ដ្ឋា​ន​បាន​ចំនួន​សរុប​ ៤៧,២០ ​ភាគរយ​នៃ​សំណុំរឿង​សរុប​នៅ​ទូទាំងប្រទេស​»​។​

​តាមរយៈ​យុទ្ធនាការ​ចំនួន ​២​ នោះ​គឺ​ផ្តល់​អាទិភាព​លើ​កា​រព​​ន្លឿ​ន​ដំណោះស្រាយ​សំណុំរឿង​ចំនួន ​៣ គឺ​កា​រព​ន្លឿ​ន​នីតិវិធី​ទៅលើ​សំណុំរឿង​អត្រា​នុ​កូ​ល​ដ្ឋា​ន គ្រឿងញៀន និង​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​។​

​ជុំវិញ​លទ្ធផល​នៃ​ការ​ដោះ​ស្រាយ​សំណុំ​រឿងនេះ លោក អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ បាន​ប្រាប់​នៅ​ថ្ងៃទី​ ៤ ខែកុម្ភៈថា បើ​យោងតាម​របាយការណ៍​ល​ទ្ធ​ផល​ដែល​ឃើញ​មុនគេ​គឺ​កា​រព​ន្លឿ​ន​សំណុំរឿង​អត្រា​នុ​កូ​ល​ដ្ឋា​ន ជា​អ្វីដែល​លោក​ចាត់ទុកថា ជា​សំណុំរឿង​ចាំបាច់​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជា​ជា​ពលរដ្ឋ​។​

​យ៉ាងណាក្ដី លោក​បាន​លើកឡើងថា ការ​ព​ន្លឿ​ន​លើ​សំណុំរឿង​ទាំង​ ៣ ​នេះ​ក៏​នៅ​មិនទាន់​ធ្វើឱ្យមាន​ភាពល្អប្រសើរ​ស​ម្រា​ប់​សាលាដំបូង​រាជធានី ខេត្ត​នៅឡើយ​ទេ តែ​គួរ​ព​ន្លឿ​ន​លើ​គ្រប់​សំណុំរឿង​ទាំងអស់​ដែល​ពលរដ្ឋ​រង់ចាំ​ភាព​យុ​តិ្ត​ធម៌ ទោះបីជា​សំណុំរឿង​ទាំង​ ៣​ នោះ​ចាំបាច់ ប៉ុន្តែ​សំណុំរឿង​ផ្សេងទៀត​គួរតែមាន​ការជំនុំជម្រះ​ឱ្យបាន​លឿន​ដូចគ្នា​ផងដែរ​។​

​លោក​បាន​និយាយថា​៖ «​តុលា​ការ ដើម្បី​ឱ្យមាន​ជំនឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​ទាល់តែ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ឱ្យបាន​លឿន​ដែល​អាចធ្វើ​ទៅបាន​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ទុកចិត្ត និង​ទទួលបាន​ភាពយុត្តិធម៌​លើ​ភាគី​ពាក់ព័ន្ធ​ក៏ដូចជា​ធានា​ភាពស្មើគ្នា​ចំពោះមុខ​ច្បាប់ និង​យុត្តិធម៌​នៅក្នុង​សង្គម​»​។​

​លោក អំ សំអាត បានបញ្ជាក់​បន្ថែមថា អង្គការ​សង្គម​ស៊ីវិល​នៅតែ​ទាមទារ និង​ជំរុញ​ឱ្យ​រាជ​​រដ្ឋាភិបាល​ធ្វើកំណែទម្រង់​ប្រ​ព័ន្ធ​ច្បាប់ និង​ប្រព័ន្ធតុលាការ​ដោយ​ធ្វើ​យ៉ាងម៉េច​ឱ្យមាន​ឯក​រាជ្យ​ដែល​អាច​រក្សាបាន​ភាព​ស្មើគ្នា​ចំពោះមុខ​ច្បាប់ និង​លុបបំបាត់​ភាពមិនប្រក្រតី​។

​ក៏ប៉ុន្ដែ​សម្រាប់​លោក យង់​ ​ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យ​សភា​កម្ពុជា និង​ជា​អ្នក​តាម​ដាន​ព្រឹត្តិការណ៍​សង្គម បាន​ថ្លែងថា តាម​ការកត់សម្គាល់​ឃើញ​ថា ការដាក់ចេញ​យុទ្ធនាការ​ទាំងនេះ​ពិត​ជាមាន​ប្រសិទ្ធភាព​ដែល​ក្រសួង​បានដាក់​គោលដៅ​ព​ន្លឿ​ន​ការដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​។

លោក​បន្តថា ការ​ដោះ​ស្រាយ​សំណុំ​ឯកសារ​ដែលមាន​សារៈសំខាន់​សម្រាប់​ការប្រើ​ប្រាស់​ក្នុង​ជីវភាព​សង្គម​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ព្រោះ​ពលរដ្ឋ​ត្រូវ​ការយក​អត្រា​នុ​កូ​ល​​ដ្ឋា​ន​ទៅប្រើ​ប្រាស់​ផ្សេង​ជា​ចាំ​បាច់​បំផុត ដូច្នេះ​ប្រសិនបើ​មានការ​ជាប់គាំង​សំណុំរឿង​អត្រា​នុ​កូ​ល​ដ្ឋា​ន​រាប់ពាន់​សំណុំរឿង​ដូច​កន្លងមក​វា​ធ្វើឱ្យ​អាក់ខាន​ដំណើរ​សង្គមកិច្ច និង​សេដ្ឋកិច្ចសង្គម​របស់​ព​ល​រដ្ឋ​នៅ​មូលដ្ឋាន​»​។​

​ជុំវិញ​លទ្ធផល​នេះដែរ លោក យង់ ពៅ បាន​ចូលរួម​សាទរ និង​លើកទឹកចិត្ត​ឱ្យ​ដោះស្រាយ​កិច្ចការ​អត្រានុកូលដ្ឋាន​ឱ្យបាន​លឿន​រហ័ស បន្ថែមទៀត​។​ដើម្បី​ចូលរួមចំណែក​ដោះ​​ស្រាយ​រឿងក្ដី​ឱ្យបាន​ឆាប់រហ័ស​និង​មាន​ប្រសិទ្ធភាព ធានាបាន​គោលការណ៍​យុត្តិធម៌ ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ លោក សេង ស៊ី​វុត្ថា បាន​ជំរុញ​ទៅកាន់​អនុប្រធាន​សាលាឧទ្ធរណ៍ ចៅ​ក្រម និង​ក្រឡាបញ្ជី​ឱ្យខិត​ខំ​ព​ន្លឿ​ន​ការដោះស្រាយ​សំណុំរឿង​ឱ្យបាន​ឆាប់រហ័ស​។ នេះ​បើ​យោងតាម​លិខិត​របស់លោក សេង ស៊ី​វុត្ថា ចុះ​ថ្ងៃទី ​២ ខែកុម្ភៈ ឆ្នាំ​ ២០២៤​។​

​លោក​បាន​សង្កត់ធ្ងន់ថា​៖ «​សូម​អនុប្រធាន​សាលាឧទ្ធរណ៍ និង​ចៅក្រម​ទទួលបន្ទុក​សំណុំរឿង​បទល្មើស​គ្រឿងញៀន​មុន​ឆ្នាំ​ ២០២៤ ដាក់​កម្មវិធី​ជំនុំជម្រះ​ឱ្យបាន​ចប់សព្វគ្រប់​នៅត្រឹម​ខែមីនា ឆ្នាំ​ ២០២៤»៕