ព្រះសីហនុៈ មន្ត្រី អ្នកស្ម័គ្រចិត្ត ថ្នាក់ដឹកនាំ មន្ដ្រីប្រតិបត្តិ និងយុវជនកាកបាទក្រហមកម្ពុជានៃសាខាខេត្តចំនួន ៧ សរុបចំនួនជាង ២០០ នាក់ រួមនឹងកាកបាទក្រហមថ្នាក់ជាតិ បានបើកការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា សាខាខេត្តព្រះសីហនុ លើកទី១ កាលពីយប់ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៤។
ការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា សាខាខេត្តព្រះសីហនុលើកទី១ ក្រោមប្រធានបទ «យុវជនជាភ្នាក់ងារនៃការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់បរិស្ថានបៃតង»។ នេះបើយោងតាមការប្រកាសរបស់កាកបាទក្រហមកម្ពុជា នាថ្ងៃទី ៤ ខែកុម្ភៈ។
ការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា សាខាខេត្តព្រះសីហនុ លើកទី១ នេះបានធ្វើឡើងចាប់ពីថ្ងៃទី ២ ដល់ទី ៤ ខែកុម្ភៈ ដោយមានការចូលរួមពីមន្ត្រី អ្នកស្ម័គ្រចិត្ត នៃទីស្នាក់ការកណ្តាល ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីប្រតិបត្តិ និងយុវជនកាកបាទក្រហមកម្ពុជានៃសាខាខេត្តព្រះសីហនុ ស្ទឹងត្រែង កំពត កែប កំពង់ស្ពឺ កោះកុង និងខេត្តសៀមរាប។
លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានថ្លែងពីអត្ថន័យ ក្នុងការរៀបចំឱ្យមានការបោះជំរំយុវជន ដែលបង្ហាញពីសមត្ថភាពរបស់សាខាខេត្តព្រះសីហនុ ដែលមានភាពរឹងមាំ និងម្ចាស់ការទៅតាមទិសវិមជ្ឈការវិសហមជ្ឈការ ដែលលោកស្រីប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមបានដាក់ចេញកាលពីឆ្នាំ ២០១០ ស្របតាមយុទ្ធសាស្ត្ររបស់កាកបាទក្រហមកម្ពុជា។
លោកស្រីបានថ្លែងថា៖ «បើនិយាយពីយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា, ការរៀបចំឱ្យមានការបោះជំរំយុវជននេះ គឺជាការរួមចំណែកលើកកម្ពស់ការងារយុវជន និងការអភិវឌ្ឍធនធានមនុស្ស ដែលផ្តោតលើមនុស្សដែលមានសុខភាពល្អ និងមានសមត្ថភាព»។
លោកស្រី ម៉ែន នារីសោភ័គ បន្តថា៖ ការបោះជំរំយុវជននាពេលនេះ គឺជាឱកាសមួយដែលឱ្យយុវជនអាចផ្លាស់ប្តូរនូវបទពិសោធន៍ ការសាមគ្គីគ្នា យកចិត្តទុកដាក់គិតគូរពីគ្នាទៅវិញទៅមក ក្នុងការរស់នៅជាមួយគ្នា និងរៀនសូត្របានពីអ្វីដែលជាបច្ចុប្បន្នភាពនៃបញ្ហាប្រឈមក្នុងសកម្មភាពមនុស្សធម៌ ដែលយុវជនកាកបាទក្រហមកម្ពុជា មានភារកិច្ចក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមទាំងនេះ»។
លោកស្រីក៏មានក្តីសង្ឃឹមជឿជាក់ផងដែរថា បន្ទាប់ពីកម្មវិធីនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងសាខាដទៃទៀត នឹងបន្តពង្រឹង និងពង្រីកបណ្តាញយុវជនកាកបាទក្រហមកម្ពុជា នៅតាមខេត្តរៀងៗខ្លួន ឱ្យសមស្របទៅនឹងពាក្យស្លោកថា «យុវជនគឺអ្នកស្ម័គ្រចិត្តវ័យក្មេង, យុវជនគឺជាឆ្លឹងខ្នងរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម»។
ចំណែកលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានលើកឡើងនៅក្នុងការបើកកម្មវិធីបោះជំរំនោះដែរថា ការបោះជំរំយុវជនគឺជាការផ្ដល់ឱកាសឱ្យយុវជនមានការជួបជុំ ក្នុងការសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក បណ្ដុះផ្នត់គំនិត ស្មារតី ការចេះចែករំលែក ទទួលបានចំណេះដឹងថ្មីៗ និងបទពិសោធន៍ជាច្រើនក្នុងការកែប្រែឥរិយាបថ ប្រកបដោយភាព វិជ្ជមាន ដើម្បីក្លាយជាកូនល្អ យុវជនល្អ និងពលរដ្ឋល្អនៅក្នុងសង្គម។
លោកបានបន្តថា ការធ្វើសកម្មភាពរួមគ្នាជាក្រុម ការងារមនុស្សធម៌ ការងារសង្គម និងបរិស្ថាន ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើនលើឆាកជាតិ និងអន្ដរជាតិ។
សូមបញ្ជាក់ថា ក្នុងឆ្នាំ ២០២៣ កាកបាទក្រហមកម្ពុជា ក៏បានចូលរួមកម្មវិធីបោះជំរំយុវជនអន្តរជាតិលើកទី៩ ផងដែរនាប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ២ ដល់ថ្ងៃទី១០ ខែកក្កដា ក្នុងគោលបំណងដើម្បីផ្ដល់ឱកាសឱ្យយុវជន អ្នកស្ម័គ្រចិត្ត ចេះធ្វើការងាររួមគ្នាជាក្រុម ចែករំលែកបទពិសោធន៍ការងារផ្ទាល់ខ្លួន ផ្លាស់ប្ដូរចំណេះដឹង និងផ្នត់គំនិតជាវិជ្ជមាន ពីការងារអភិវឌ្ឍន៍សហគមន៍រួមគ្នា៕