​ភ្នំពេញៈ ក្រសួងសុខាភិបាល បានបង្ហាញ​ក្ដីបារម្ភ​ចំពោះ​ការ​ប្រើប្រាស់​បារី​អេឡិចត្រូនិក ផលិតផល​ស៊ី​ហ្សា និង​អេ​ច​ឈ៍ ធី ភី ដែល​ធ្វើឱ្យមាន​ផល​ប៉ះ​​ពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​សម្រាប់​អ្នកប្រើប្រាស់ ខណៈដែល​ក្រសួង​អំពាវនាវ​ដល់​យុវជន យុវនារី និង​ប្រជាជន​ទាំងអស់ កុំ​សាក​ល្បង​ប្រើប្រាស់​បារី​នេះ​។​

​កន្លងមក អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ហាមឃាត់​ការនាំ​ចូល ការ​ជួញដូរ ការធ្វើ​អាជីវកម្ម និង​ការ​ប្រើប្រាស់​បារី​អេឡិចត្រូនិក (E-cigarette) ផលិតផល​ស៊ី​សា (SHISHA)​​ និង​ផលិត​ផល អេ​ច​ឈ៍ ធី ភី (HTP-Heated Tobacco Product) ដោយហេតុ​ផល​ថា ផលិតផល​ទាំងនេះ បង្កឱ្យមាន​ផល​ប៉ះ​ពាល់​ដល់​សុខភាព និង​បណ្តាលឱ្យ​អ្នកប្រើប្រាស់​ងាយ​នឹង​ទទួល​ភាព​ញៀន​ដោយ​សារធាតុ​ញៀន​ផ្សេងទៀត​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង សុខាភិបាល នៅ​ថ្ងៃទី​ ៣ ខែកុម្ភៈ​។

ក្រសួងសុខាភិបាល បាន​អំពាវនាវ​ដល់​យុវជន យុវនារី និង​ប្រជាជន​ទាំងអស់ កុំ​សាក​​ល្បង សូម្បីតែ ១​ ដង​នូវ​ផលិត​ផល​ខាងលើនេះ និង​កុំ​ជឿ​តាម​ការឃោសនា​ថា បារី​អេឡិចត្រូនិក ស៊ី​សា និង​ផលិតផល អេ​ច​ឈ៍ ធី ភី ជា​មធ្យោបាយ​ផ្តាច់​បារី​។​

​ក្រសួង​បញ្ជាក់ថា៖ «​សូម​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​អនុវត្តតាម​ការណែនាំ​ទាំងនេះ ដើម្បី​ចៀសវាង​ពី​ការ​ញៀន​ដែល​ធ្វើឱ្យមាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ និង​បង្ក​គ្រោះថ្នាក់​ដល់​សង្គម ដោយ​ការប្រើប្រាស់​បារី​អេ​ឡិច​ត្រូ​និក ស៊ី​សា និង​ផលិតផល អេ​ច​ឈ៍ ធី ភី​»​។​

​ជាមួយគ្នានេះ ក្រសួង​ក៏បាន​បង្ហាញ​ការព្រួយបារម្ភ​ចំពោះ​បារី​អេឡិចត្រូនិក ផលិតផល​ស៊ី​សា និង​ផលិតផល អេ​ច​ឈ៍ ធី ភី ដែល​ភាគច្រើន មាន​រចនាប័ទ្ម​យ៉ាង​ស្រស់ស្អាត​មាន​ភាព​ទាក់​ទាញ​យុវវ័យ និង​មាន​ជន​ឆ្លៀតឱកាស​ផ្សព្វផ្សាយ​លក់​បារី​អេ​ឡិច​​ត្រូ​និក ស៊ី​សា និង​ផលិតផល អេ​ច​ឈ៍ ធី ភី តាមរយៈ​បណ្តាញ​សង្គម​ដោយ​បំផ្លើស​ថា ជា​ឧ​ប​ករ​ណ៍​សម្រាប់​ផ្តាច់ការ​ជក់បារី និង​ជា​ផលិតផល​មាន​សុវត្ថិភាព​ជាង​បារី​ធម្មតា​។ ប៉ុន្តែ​ផ្ទុយទៅវិញ បារី​អេឡិចត្រូនិក ផលិតផល​ស៊ី​សា និង​អេ​ច​ឈ៍ ធី ភី ពិតជា​មាន​ផលប៉ះពាល់​ដល់​សុខភាព និង​បង្ក​គ្រោះថ្នាក់​ដល់​សង្គម​។​

​លោក មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជាបាន​ប្រាប់ឱ្យដឹង​ដែរ​ថា បច្ចុប្បន្ននេះ ការប្រើប្រាស់​បារី​អេឡិចត្រូនិក និង​ផលិតផល អេ​ច​ឈ៍ ធី ភី កំពុងតែ​មានការ​កើនឡើង​គួរឱ្យ​ព្រួយបារម្ភ​ខ្លាំង តាមរយៈ​ការចុះ​អង្កេត និង​ចុះ​សួរ​ប្រជាពលរដ្ឋ​ក៏បាន​ប្រាប់​ដែរ​ថា នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់ មានការ​កើនឡើង​យុវជន​បាន​ប្រើប្រាស់​បារី​អេឡិចត្រូនិក​។​

​ប្រព័ន្ធ​បណ្ដាញ​សង្គម​បាន​ផ្សព្វផ្សាយ​ការ​បង្ហោះ​លក់​បារី​អេឡិចត្រូនិក​គ្រប់​ប្រភេទ​ជា​ពិសេស​ផលិតផល អេ​ច​ឈ៍ ធី ភី គឺមាន​ការកើនឡើង​គួរឱ្យ​កត់​សម្គាល់​ផងដែរ​។

លោក មុំ គង់ បាន​ប្រាប់ថា​៖ «​កាលណា​មាន​អ្នក​បង្ហោះ​លក់​កាន់តែច្រើន មានន័យថា ឱកាស​នៃ​ការទាក់ទាញ​ឱ្យ​យុវជន និង​កុមារ ចាប់ផ្ដើម​ប្រើប្រាស់​បារី​អេឡិចត្រូនិក​ហ្នឹង ក៏​កាន់តែច្រើន​ផងដែរ​។ ជាពិសេស​ទាក់ទាញ​អ្នកថ្មី តាមរយៈ​ការ​បង្ហោះ ផ្សាយពាណិជ្ជកម្ម​បំភាន់ ជក់​ទៅ​វា​ឡូយ វាស​ង្ហា ខណៈដែល​អ្នក​ផ្សាយ​ហ្នឹង គឺ​សុទ្ធតែ​យុវជន និង​ក្មេងៗ​។ អ៊ីចឹង​ទាក់​ទាញ​គ្នា​គាត់​ខ្លាំងណាស់​»​។​

​បើតាម​លោក មុំ គង់ កន្លង​មក​កម្ពុជា បាន​ចូលរួម​សកម្ម​ភាព​ទប់ស្កាត់​ការប្រើប្រាស់​បារី​អេឡិចត្រូនិក​គ្រប់​ប្រភេទ ជា​ពិសេស​ផលិតផល អេ​ច​ឈ៍ ធី ភី​នេះ​រួចហើយ ដោយ​រាជ​រដ្ឋា​​ភិ​បាល បានធ្វើការ​ហាមឃាត់​ទាំង​ការចែក​ចាយ ការនាំ​ចូល និង​ការប្រើប្រាស់​ជាដើម​។ ប៉ុន្តែ​បច្ចុប្បន្ននេះ នៅតែមាន​ជន​ល្មើស​ឆ្លៀតឱកាស ប្រើប្រាស់​បណ្ដាញ​សង្គម ធ្វើការ​ផ្សព្វ​ផ្សាយ​លក់​បារី​អេឡិចត្រូនិក​គ្រប់​ប្រភេទ ក្នុង​រូបភាព​ទាក់​ទាញ​កុមារ និង​យុវជន​។​

​លោក​ថ្លែងថា​៖ «​ក្នុងនាម​ខ្ញុំ​ជា​អ្នកតាមដាន​រឿង​ហ្នឹង វិធានការ​បន្ទាន់​នោះ គឺត្រូវធ្វើ​យ៉ាងណា​ដើម្បី​បញ្ឈប់​ឱ្យបាន​អ្នក​ប្រើ​​ប្រាស់​បណ្ដាញ​សង្គម ដែល​ផ្សព្វផ្សាយ​លក់​ផលិតផល​ទាំង​អស់ហ្នឹង ដល់​កុមារ និង​យុវជន ពីព្រោះ​បើ​មិនមាន​អ្នក​ផ្សព្វ​ផ្សាយ ក៏​មិនមាន​អ្នកប្រើប្រាស់​ដែរ​»​។

លោក​ មុំ គង់ បញ្ជាក់ថា ក្រៅពី​វិធានការ​បញ្ឈប់​អ្នក​ផ្សព្វ​ផ្សាយ​លក់​ហើយ រាជរដ្ឋាភិបាល ក៏ត្រូវ​ដាក់ចេញ​វិធានការ​ទប់​​ស្កាត់​ការនាំ​ចូល​ផលិតផល​ទាំង​នោះ មក​ប្រទេស​កម្ពុជា​ឱ្យបាន​តឹងរ៉ឹង​បំផុត ជាង​ពេលកន្លងមក ដើម្បី​អាច​ធានា​លុបបំបាត់​ការ​នាំ​ចូលមក​ចែកចាយ និង​លក់​បារី​អេឡិចត្រូនិក​គ្រប់​ប្រភេទ ជាពិសេស​ផលិតផល អេ​ច​ឈ៍ ធី ភី ទៅឱ្យ​កុមារ និង​យុវជន​ខ្មែរ​។​

​កន្លងមក អង្គការ​សុខភាព​ពិភពលោក​ក៏បាន​ចេញ​វិធានការ​បន្ទាន់ ដោយ​ណែនាំ​បណ្តា​ប្រទេស​ទាំងអស់​ហាមឃាត់​ការលក់​បារី​អេឡិចត្រូនិក​ជាពិសេស​ត្រូវ​ពង្រឹង​ការអនុវត្ត​ទប់ស្កាត់​ការនាំ​ចូល និង​បន្ត​ការត្រួតពិនិត្យ និង​ឃ្លាំ​មើល​ឱ្យបាន​ហ្មត់ចត់ ដើម្បី​ធានា​ដល់​ការគាំទ្រ​កិច្ច​អន្តរាគមន៍​ផ្នែក​សុខភាព​សាធារណៈ​។ ក្រៅពីនេះ​បណ្ដា​ប្រទេស​នានា ក៏ត្រូវ​អនុវត្ត​ច្បាប់​ឱ្យបាន​តឹងរ៉ឹង​បំផុត ចំពោះ​ការធ្វើ​ពាណិជ្ជកម្ម​លក់ នាំចូល ចែកចាយ និង​ផលិត​បារី​អេឡិចត្រូនិក​គ្រប់​រសជាតិ​៕