​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ ម៉ា​ណែ​ត បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យមើល​ឡើងវិញ​ពី​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម គ្រឿង​ស្រវឹង ជាពិសេស​នៅលើ​ផ្ទាំង​ប៉ាណូ​តាម​ទីសាធារណៈ​ដោយ​ត្រូវ​កម្រិត​ឱ្យបាន​សមរម្យ​ ដើម្បី​រួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ដោយសារ​ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​។​

​លោក​បាន​ណែនាំ​បែបនេះ​នៅ​សម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​ ​២ ខែកុម្ភៈ ឆ្នាំ​ ២០២៤ ដើម្បី​ពិភាក្សា​ឆ្លង និង​អនុម័ត​របៀបវារៈ​មួយចំនួន និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ រួមទាំង​គ្រឿង​ស្រវឹង​ផងដែរ​។​

​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​ប្រជុំ​ពេញអង្គ​នេះ​លោក ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ឱ្យ​ក្រសួង​​ព័ត៌មាន​សហការ​ជាមួយ​ក្រសួង​សុខា​ភិ​បាល និង​ក្រសួងពាណិជ្ជកម្ម ដឹកនាំ​បង្កើត​ក្រម​ប្រតិបត្តិ​មួយ​ជាក់លាក់​ដើម្បី​អនុវត្ត​ចំពោះ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​។​

​សូម​រំឭកថា នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ​២០២៣ របស់​ក្រសួង​ព័ត៌មាន កាលពី​ថ្ងៃទី ​២៣ ខែមករា លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពង្រឹង​ការត្រួត​ពិនិត្យ​ជាតិ​អាល់កុល​លើ​អ្នកបើកបរ​ដោយ​លោក​លើកឡើងថា គ្រោះថ្នាក់​ធំជាងគេ គឺ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​មកពី​ការសេព​គ្រឿង​ស្រវឹង​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត ថ្លែង​នាឱកាស​នោះ​ថា​៖ «​ខ្ញុំ​សុំឱ្យ​ឯកឧត្តម ស ថេត អគ្គស្នងការ​នគរបាល​ជាតិ​ឱ្យ​ពិនិត្យមើល​ពង្រឹងឡើង​វិញ​នូវ​ការត្រួតពិនិត្យ​ជាតិ​អាល់កុល​ឡើងវិញ ព្រោះ​អាហ្នឹង​សោកនាដកម្ម​ណាស់​។ ត្រូវធ្វើ​ម៉េច​ទប់​អាហ្នឹង​(​ជាតិ​អាល់កុល​)​កុំឱ្យ​វា​ចូលខ្លួន ហើយ​ត្រូវ​បើកបរ​ដោយ​ប្រយ័ត្នប្រយែង​។ ពង្រឹង​ច្បាប់​ពង្រឹង​ការត្រួតពិនិត្យ​ហើយ​មហាជន​ត្រូវ​ចូលរួម​»​។​

​អភិបាលខេត្ត​កែប លោក សោម ពិសិដ្ឋ បាន​ប្រាប់​នៅ​ថ្ងៃទី​ ៤ ខែកុម្ភៈ​ថា ការណែនាំ​របស់​នាយក​រដ្ឋមន្ត្រី​គឺ​ចាក់​ចំ​បេះដូង​អាជ្ញាធរ​រាជធានី ខេត្ត ទូទាំងប្រទេស ដោយឡែក​សម្រាប់​ខេត្ត​កែប​លោក​ថា​មាន​លក្ខណៈ​ស្មុគស្មាញ​ក្នុងការ​ដោះ​ស្រាយ​លើ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​។​

​លោក​បាន​ថ្លែងថា​៖ «​ដោយសារ​កន្លងមក​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​​ស្រវឹង​មិនមាន​លិខិតបទដ្ឋាន​គតិយុត្ត​ណាមួយ​ហាមឃាត់​ពី​ចំណុច​នេះ មុខសញ្ញា និង​គោលបំណង​របស់គាត់​ដែល​ផ្សព្វផ្សាយ​នោះទេ តែ​យើង​មាន​ក្រុមការងារ​ចម្រុះ​ខេត្ត​ក្នុងការ​​ពិនិត្យ​លើ​អក្ខរាវិរុទ្ធ គម្លាត​ចិញ្ចើមផ្លូវ​សាធារណៈ​ឬក៏​ផ្សព្វផ្សាយ​ប៉ះពាល់​ខ្លាំង​ទៅដល់​ប្រពៃណី សាសនា និង​វប្បធម៌​ដ៏​រុងរឿង​របស់​យើង​»​។​

​លោក​បាន​បន្ថែមថា​៖ «​ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​ស្រា​បៀរ​នេះ ក្នុងនាម​ខ្ញុំ​ជា​អភិបាល​ខេត្ត​ក៏មាន​ការថ្លឹងថ្លែង​ពី​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សង្គម ព្រោះ​កន្លងមក​មានការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង ហើយ​ខ្ញុំ​ក៏បាន​បញ្ជា​ឱ្យមាន​ការរុះរើ​ផ្ទាំង​ប៉ាណូ​គ្រឿង​ស្រវឹង​នៅ​ទីតាំង​សំខាន់ៗ​មួយចំនួន ដែល​ប៉ះពាល់​ដល់​សង្គម​ផងដែរ​»​។​

​ជាមួយនេះ លោក សោម ពិសិដ្ឋ រំពឹងថា ក្រោយពី​មាន​អន្តរក្រសួង​ចំនួន ​៣ សហការ​បង្កើត​ក្រម​ប្រតិបត្តិ​មួយ​ជាក់លាក់​ដើម្បី​អនុវត្ត​ចំពោះ​ការ​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ខេត្ត​កែប​នឹង​អនុវត្ត​ឱ្យបាន​ល្អប្រសើរ​។​

​ជុំវិញ​រឿងនេះ លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី ​(AIP)​ បាន​ថ្លែងថា ការអនុវត្ត​ច្បាប់​ជា​រឿង​មួយ​ដែល​អាជ្ញាធរ​គួរ​ធ្វើ ហើយ​លោក​ក៏​ជំរុញឱ្យមាន​គោលនយោបាយ​ឬ​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង​ផងដែរ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​នៅក្នុង​គោល​​នយោបាយ​គ្រប់គ្រង​គ្រឿង​ស្រវឹង​នឹងមាន​ចែងថា​ពេលណា​លក់ដូរ​បាន ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្មរ​បៀ​ប​ណា ហើយ​គួរ​ដំឡើង​ពន្ធ​ឱ្យ​ខ្ពស់​លើ​គ្រឿង​ស្រវឹង​ដូច​នៅ​ប្រទេស​ថៃ​ដើម្បី​ធ្វើ​ម៉េច​កាត់បន្ថយ​លទ្ធភាព​អ្នកប្រើប្រាស់​គ្រឿង​ស្រវឹង​»​។​

​ក្នុងន័យ​ដំឡើង​ពន្ធ​នេះ​លោក​បាន​បន្ថែមថា​៖ «​កុំឱ្យ​គាត់​មាន​ធនធាន​ដើម្បី​ទិញ​គ្រឿង​ស្រវឹង​បាន​ច្រើន មានន័យថា គាត់​មានលទ្ធភាព​ទិញ​ស្រា​មែន ប៉ុន្តែ​ទិញ​បាន​តិចជាង​មុន​។ ឧទាហរណ៍ ​៤​ ម៉ឺន​រៀល ​ធ្លាប់​ទិញ​បាន​ស្រា​បៀរ​បាន​ ១ កេស ប៉ុន្តែ​នៅពេល​យើង​ដំឡើង​ពន្ធ​ ៤​ ម៉ឺន​រៀល​ទិញ​បានតែ​កន្លះ​កេស​ទេ​»​។​

​លោក​ គឹម បញ្ញា បាន​បន្តថា អាជ្ញា​ធរ​ពាក់ព័ន្ធ​ត្រូវ​បង្កើន​ការផ្សព្វផ្សាយ​អប់រំ​ពី​ផលប៉ះពាល់​នៃ​គ្រឿង​ស្រវឹង​ដែល​ចាំបាច់​ត្រូវតែ​ធ្វើ​ដើម្បី​រួមគ្នា​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​អ្នកបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​៕