ភ្នំពេញៈ អនុប្រធានទី១ អាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ បានស្នើឱ្យប្រទេសឡាវចូលរួមជារដ្ឋភាគីទី១៦៥ នៃអនុសញ្ញាអូតាវ៉ា ខណៈកម្ពុជាក៏បានប្តេជ្ញាគាំទ្រដល់ភាគីឡាវឱ្យអស់ពីលទ្ធភាពក្នុងការបោសសម្អាតមីន និងអនុវត្តតាមបទដ្ឋានរបស់អនុសញ្ញាអូតាវ៉ា។
លោក លី ធុជ ដែលជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ឆ្នាំ ២០២៤ផងដែរនោះ បានលើកឡើងដូចនេះ នៅថ្ងៃទី ៥ ខែកុម្ភៈ ក្នុងជំនួបពិភាក្សាការងារជាមួយលោក Buakeo Phumvongsay ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា នាទីស្នាក់ការអាជ្ញាធរមីន។
លោកលី ធុជ បានស្នើសុំឱ្យប្រទេសឡាវពិចារណាចូលរួមជារដ្ឋភាគីទី១៦៥ នៃអនុសញ្ញាអូតាវ៉ា ក្នុងពេលដែលកម្ពុជាធ្វើជាប្រធាននិងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាបអង្គរស្តីពីពិភពលោកមួយដែលគ្មានមីននៃអនុសញ្ញាអូតាវ៉ាឆ្នាំ ២០២៤ ក្នុងខែវិច្ឆិកាខាងមុខ។នេះបើយោងតាមហ្វេសប៊ុកលោកលី ធុជ។
លោកបានថ្លែងថា៖ «កម្ពុជានឹងខិតខំកៀរគរធនធាន និងស្វែងរកកិច្ចសហប្រតិបត្តិការ និងជំនួយពីដៃគូអភិវឌ្ឍន៍ និងម្ចាស់ជំនួយនានា ដើម្បីគាំទ្រដល់សកម្មភាពបោសសម្អាតមីនរបស់ប្រទេសឡាវ ក្នុងករណីដែលឡាវបានចូលរួមជារដ្ឋភាគីអនុសញ្ញា ហើយកម្ពុជានឹងប្តេជ្ញាគាំទ្រដល់ភាគីឡាវឱ្យអស់ពីលទ្ធភាព ក្នុងការបោសសម្អាតមីន និងអនុវត្តតាមបទដ្ឋានរបស់អនុសញ្ញាអូតាវ៉ា»។
ប្រភពដដែលបានលើកឡើងផងដែរថា លោកBuakeoPhumvongsayបានសាទរដល់កម្ពុជាដែលទទួលបានការជ្រើសតាំងជាប្រធាននិងម្ចាស់ផ្ទះកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា និងកោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធាន។
ជាការឆ្លើយតបនឹងសំណើរបស់លោកលី ធុជនេះដែរលោកBuakeoPhumvongsayបានលើកឡើងថា លោកនឹងធ្វើសេចក្តីរាយការណ៍ និងលើកសំណើបន្តទៅរដ្ឋាភិបាលនៃប្រទេសឡាវ ដើម្បីធ្វើការពិចារណាលើចំណុចនេះ។
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា ក៏បានកត់សម្គាល់ដែរថា នៅខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខ គឺជាព្រឹត្តិការណ៍អន្តរជាតិដ៏ធំមួយដែលកម្ពុជានឹងរៀបចំ ហើយប្រជាជនជុំវិញពិភពលោកនឹងមកទស្សនាខេត្តសៀមរាប តាមរយៈការចូលរួមសន្និសីទអន្តរជាតិនៃអនុសញ្ញាអូតាវ៉ាដើម្បីជំរុញពិភពលោកមួយដែលគ្មានមីន។
លោក BuakeoPhumvongsayថា ប្រទេសឡាវបានត្រៀមខ្លួនជាស្រេចក្នុងការចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃអនុសញ្ញាអូតាវ៉ា ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប នាពេលខាងមុខផងដែរ។
សូមរំឭកផងដែរថា កាលពីចុងខែមករាកន្លងទៅ លោក លី ធុជ និងគណៈប្រតិភូបានដឹកនាំកិច្ចប្រជុំដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីននៃអនុសញ្ញាអូតាវ៉ា និងការរៀបចំសេចក្តីថ្លែងការណ៍ និងផែនការសកម្មភាពសៀមរាប-អង្គរនាទីក្រុងហ្សឺណែវប្រទេសស្វ៊ីស។
កិច្ចប្រជុំនោះ មានការចូលរួមពីតំណាងប្រទេសដែលជាសមាជិកគណៈកម្មការទាំង៥នៃអនុសញ្ញាអូតាវ៉ា ដៃគូសំខាន់ៗតំណាងអង្គការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត៕