តាមរយៈរបាយការណ៍សិក្សាស្រាវជ្រាវបឋមរបស់ក្រសួងកិច្ចការនារី និងអង្គការភ្លែនអន្តរជាតិកម្ពុជា បានបង្ហាញថា ការរៀបការនៅវ័យកុមារ ការរៀបការដោយបង្ខំ និងការរស់នៅជាមួយគ្នាជាប្ដីប្រពន្ធវ័យក្មេង (CEFMU) មុនអាយុ ១៥ឆ្នាំ មានអត្រាថយចុះប្រមាណ ០,៥%។
ក្រសួងកិច្ចការនារី និងអង្គការភ្លែនអន្តរជាតិកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍សិក្សាស្រាវជ្រាវស្ដីពីស្ថានភាពការរៀបការនៅវ័យកុមារ ការរៀបការដោយបង្ខំ និងការរស់នៅជាមួយគ្នាជាប្ដីប្រពន្ធវ័យក្មេង (CEFMU) ដោយមានការចូលរួមពីក្រសួងពាក់ព័ន្ធ និងអង្គការដៃគូផ្សេងទៀតផងដែរ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។
របាយការណ៍ដដែលបានឱ្យដឹងទៀតថា និន្នាការថយចុះអត្រាការរៀបការនៅវ័យកុមារ ការរៀបការដោយបង្ខំ និងការរស់នៅជាមួយគ្នាជាប្ដីប្រពន្ធវ័យក្មេង (CEFMU) បើធៀបជាមួយនឹងទិន្នន័យនៃការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា (CDHS)នៅឆ្នាំ២០២១-២០២២ បានបញ្ជាក់ពីការថយចុះអត្រាប្រេវ៉ាឡង់ CEFMU មុនអាយុ ១៥ ឆ្នាំ ជាមួយនឹងអត្រាថយចុះពី១,៨% ទៅ ០.៥%។
ជាងនេះទៅទៀត មានការថយចុះនៃអត្រាប្រេវ៉ាឡង់ក្នុងចំណោមស្ត្រីដែលរៀបការមុនអាយុ ១៨ ឆ្នាំ ថយចុះពី ១៩% ទៅ ១៤,៤៤%។ ចំពោះបុរសវិញ ភាគរយនៃបុរសដែលរៀបការមុនអាយុ ១៥ឆ្នាំ បានថយចុះពី ១,៨% ទៅ ០,២២%។ លើសពីនេះទៀតមានការថយចុះនៃអត្រាប្រេវ៉ាឡង់នៃបុរសដែលបានរៀបការនៅចន្លោះអាយុពី ១៥ ឆ្នាំ ដល់ ១៨ ឆ្នាំ ពី ៦% ទៅ ២,៩៦%។
របាយការណ៍ដដែលនេះបានធ្វើការសិក្សាស្រាវជ្រាវក្នុងខេត្តចំនួន៩ រួមមាន៖ ខេត្តរតនគិរី មានអត្រាខ្ពស់បំផុតនៃស្ត្រីដែលបានរៀបការមុនអាយុ ១៨ ឆ្នាំ គឺ ៣៧,៣%, ខេត្តព្រះវិហារមានអត្រាខ្ពស់ជាងគេទី២ គឺ ១៦,៧%។ ខេត្តស្ទឹងត្រែង ១៤,៧%, ខេត្តកំពត ១៤ ភាគរយ, ខេត្តសៀមរាប ១២ ភាគរយ, ខេត្តព្រៃវែង ១០,៧%។ ខេត្តព្រះសីហនុ ៩,៣%, ខេត្តបាត់ដំបង ៨ ភាគរយ ហើយនិងខេត្តតាកែវ មានអត្រាលំដាប់ទាបជាងគេគឺ ៧,៣%។
លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេស នៃអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា បានលើកឡើងក្នុងសិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ថា ទោះបីជាប្រទេសកម្ពុជា បានកាត់បន្ថយតិចតួចនូវការរៀបការវ័យកុមារ ការរៀបការដោយបង្ខំ និងការរស់នៅជាមួយគ្នាជាប្ដីប្រពន្ធវ័យក្មេងក៏ដោយ ក៏ទម្រង់នៃអំពើហិង្សាផ្អែកលើយេនឌ័រនេះ នៅតែកើតមានជាបន្ត ដោយបានបង្កឱ្យមានការលំបាកចំពោះការអនុវត្តឱ្យបានពេញលេញនូវសិទ្ធិកុមារនៅក្នុងប្រទេស។
លោកស្រីថា ប្រេវ៉ាឡង់នៃអំពើហិង្សាពីដៃគូស្និទ្ធស្នាល ត្រូវបានសង្កេតឃើញមាននៅឡើយ ដោយក្នុងនោះស្ត្រី ១នាក់ក្នុងចំណោមស្ដ្រីកម្ពុជា ១០ នាក់ បានជួបប្រទះអំពើហិង្សាបែបនេះ។
លោកស្រីលើកឡើងទៀតថា លទ្ធផលបឋមដែលបានរកឃើញពីការសិក្សាស្រាវជ្រាវនេះ បានបញ្ជាក់ឡើងវិញថា ការរៀបការកុមារ ការរៀបការវ័យក្មេង និងការរៀបការដោយបង្ខំ នៅតែមានផលប៉ះពាល់ និងមានឥទ្ធិពលទៅលើក្មេងស្រីនៅឡើយ ហើយនិងក្មេងប្រុសនៅក្នុងប្រទេសកម្ពុជា។
លោកស្រី គ្វីននេត វ៉ង បានមានប្រសាសន៍ថា៖ «ការរៀបការ និងការរស់នៅជាមួយគ្នាជាប្ដីប្រពន្ធនៅវ័យក្មេង គឺជាការអនុវត្តប្រកបដោយគ្រោះថ្នាក់ និងជាការរំលោភសិទ្ធិរបស់កុមារ ព្រមទាំងសិទ្ធិរបស់ក្មេងស្រី និងស្ដ្រី ហើយវាក៏ជាការបង្កនូវឧបសគ្គជាមូលដ្ឋានចំពោះការអភិវឌ្ឍធនធានមនុស្សផងដែរ»។
លោកស្រីបានអះអាងថា ការសិក្សាស្រាវជ្រាវនេះបានធ្វើការវិភាគស៊ីជម្រៅទៅលើមូលហេតុចម្បងនៃការរៀបការវ័យក្មេង និងការរៀបការដោយបង្ខំ និងការរស់នៅជាមួយគ្នាជាប្ដីប្រពន្ធវ័យក្មេង វាជាប្រពៃណីមួយប្រកបដោយគ្រោះថ្នាក់ ដែលទទួលរងឥទ្ធិពលពីបទដ្ឋានវប្បធម៌ ជាតិសាសន៍ និងប្រព័ន្ធបិតាធិបតេយ្យ ដែលនៅតេបន្តបង្កើតបទដ្ឋានយេនឌ័រអវិជ្ជមាន។
លើសពីនេះទៅទៀត ក្នុងការវិភាគស៊ីជម្រៅនេះដែរ ក៏ពាក់ព័ន្ធជាមួយនឹងកត្តាមួយចំនួនរួមមាន៖ កត្តាទីតាំងភូមិសាស្ត្រ សេដ្ឋកិច្ចគ្រួសារ ភាពក្រីក្រ វិសមភាពសង្គមសេកិច្ច ការអប់រំ ការបោះបង់ការសិក្សា កង្វះចំណេះដឹងពីសុខភាពបន្តពូជ ការមានផ្ទៃពោះនៅវ័យជំទង់ កង្វះការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ព្រមទាំងឥទ្ធិពលនៃអ៊ីនធឺណិត និងប្រព័ន្ធបណ្ដាញសង្គម។
លោកស្រីថា ទាំងនេះគឺជាបុព្វហេតុ ឬកត្តាពាក់ព័ន្ធនៃការរៀបការនៅវ័យកុមារ ការរៀបការដោយបង្ខំ និងការរស់នៅជាមួយគ្នាជាប្ដីប្រពន្ធវ័យក្មេង (CEFMU) នៅក្នុងប្រទេសកម្ពុជា។
ចំណែក លោកស្រី ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ក៏បានថ្លែងដែរថា ក្រសួងកិច្ចការនារី និងអង្គការភ្លែនអន្តរជាតិកម្ពុជា បានរៀបចំរបាយការណ៍នេះឡើងដើម្បីប្រមូលធាតុចូល ក្នុងការរៀបចំផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់ការរៀបការវ័យក្មេង និងការមានផ្ទៃពោះវ័យជំទង់។
លោកស្រីបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ នេះ នៅតែបន្តផ្ដល់អាទិភាពខ្ពស់ និងបង្កើនការវិនិយោគក្នុងការលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ដ្រី លុបបំបាត់គម្លាតយេនឌ័រក្នុងវិស័យអប់រំ និងឌីជីថល ព្រមទាំងលុបបំបាត់អំពើហិង្សាលើស្ដ្រី និងក្មេងស្រី ដែលជាការរំលោភសិទ្ធិមនុស្ស ដើម្បីចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស លើកកម្ពស់សីលធម៌សង្គម។
លោកស្រីបានថ្លែងថា៖ «កិច្ចការពារកុមារ ការលើកកម្ពស់សិទ្ធិកុមារ ជាពិសេសការចូលរួមទប់ស្កាត់បង្ការការរៀបការវ័យកុមារ និងការអភិវឌ្ឍខ្លួនក្លាយជាមនុស្សពេញវ័យ ជាការងារស្នូលរបស់រាជរដ្ឋាភិបាលកម្ពុជា»។
លោកស្រី ហ៊ូ សាមិត្ត បានបន្តថា ៖ «កិច្ចការងារនេះ ក៏ត្រូវបានដាក់បញ្ចូលទៅក្នុងក្របខ័ណ្ឌច្បាប់ គោលនយោបាយ ផែនការសកម្មភាពជាតិ លិខិតបទដ្ឋានគតិយុត្ត ដើម្បីធានាឱ្យមានភាពល្អប្រសើរឡើងនូវបរិយាកាសរៀនសូត្រល្អក្នុងសាលារៀន ក៏ដូចជាកាត់បន្ថយហានិភ័យនៃការបោះបង់ការសិក្សាផងដែរ»។
អាពាហ៍ពិពាហ៍ក្នុងវ័យកុមារ វាគឺជាទម្រង់មួយនៃការកេងប្រវ័ញ្ច និងជាអំពើហិង្សាលើកុមារ ទោះបីអត្រានៃការរៀបការក្នុងវ័យកុមារក្នុងប្រទេសកម្ពុជា មិនខ្ពស់បំផុតនៅក្នុងតំបន់ក៏ដោយ ប៉ុន្តែវាជាប្រធានបទដ៏មានសារៈសំខាន់ ដែលគួរឱ្យចាប់អារម្មណ៍ និងយកចិត្តទុកដាក់។ នេះបើតាមការបន្ថែមរបស់លោកស្រី ហ៊ូ សាមិត្ត៕