ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានប្រកាស​បន្ត​បើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​ជូន​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ ដែល​ត្រូវបាន​ព្យួរ​កិច្ចសន្យាការងារ​ស្របតាម​ស្មារតី​នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល (​លើក​ទី​១៨) ​សម្រាប់​ខែវិច្ឆិកា និង​ខែធ្នូ ឆ្នាំ​២០២៣ សម្រាប់​រោងចក្រ​ទាំង​១៤​។ 

សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​៥ ខែមករា បានឱ្យដឹងថា ក្រសួង​បើក​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករនិយោជិត​ដែល​បាន​ព្យួរ​កិច្ចសន្យាការងារ​នៃ​រោងចក្រ ចំនួន​ ១៤ ​ក្នុង​វិស័យ​កាត់ដេរ ដែល​ត្រូវបាន​ព្យួរ​កិច្ចសន្យាការងារ ស្របតាម​ស្មារតី​នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល​។​

រោងចក្រ​ទាំង​ ១៤​ នោះ មាននៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ចាម តាកែវ ស្វាយរៀង និង​ព្រៃវែង​។​

​ក្រសួង​បានលើកឡើង​ដែរ​ថា ប្រាក់ឧបត្ថម្ភ​នេះ​ នឹងត្រូវ​បើក​ផ្តល់​ជា​ប្រាក់រៀល និង​អាស្រ័យ​លើ​ចំនួន​ថ្ងៃ​នៃ​ការព្យួរ​កិច្ចសន្យា​ការងារ ក្នុងនោះ​ចំនួន​ ៨១ ០០០ ​រៀល (២០ ​ដុល្លារ​អាមេរិក​) សម្រាប់​ការព្យួរ​កិច្ចសន្យាការងារ​រយៈពេល ៧ ​ថ្ងៃ ដល់​ ១៤​ថ្ងៃ និង​ ១៦២ ០០០​ រៀល (៤០​ ដុល្លារ​អាមេរិក​) សម្រាប់​ការព្យួរ​កិច្ចសន្យាការងារ​រយៈពេល ១៥ ​ថ្ងៃ ដល់ ១​ ខែ​។​


​លោក កត្តា អ៊​ន អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​៥ ខែកុម្ភៈ​ថា ចាប់តាំងពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២៣ រហូតដល់​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៤ នេះ​មាន​កម្មករនិយោជិត​សរុប​ចំនួន ១៥៣ ៩២៨​នាក់ ក្នុងចំណោម​កម្មករនិយោជិត​ចំនួន ១៦០ ៦១២​ នាក់ ដែល​ស្មើនឹង​ថវិកា​ចំនួន ២៤,៧៣៧,៦៤៣,០០០​រៀល បាន​បើកប្រាក់​​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល​ពី​ភ្នាក់ងារ​វី​ង​។​

ក្រសួង​ការងារ​បានបញ្ជាក់​តាម​រយៈ​សេចក្តីជូនដំណឹង​ផងដែរ​ថា ធនាគារ វី​ង (​ខេ​ម​បូ​ឌា​) ម​.​ក នឹង​បង្វិល​ប្រាក់ឧបត្ថម្ភ​នេះ​ជូន​រាជរដ្ឋាភិបាល​វិញ ប្រសិនជា​កម្មករនិយោជិត​ខកខាន មិនបាន​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នេះ ក្នុង​រយៈពេល ២១​ថ្ងៃ បន្ទាប់ពី​ទទួលបាន​សារ​តាម​ទូរស័ព្ទ​ពី​ធនាគារ វី​ង​។

 ក្រសួង​បន្តថា​៖«​ក្នុងករណី​បងប្អូន​កម្មករនិយោជិត ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​ទាំង​១៤ នេះ មិនបាន​ទទួល​សារ​ទូរស័ព្ទ​ពី​ធនាគារ វី​ង សូម​ទំនាក់ទំនង​សួរ​ព័ត៌មាន​បន្ថែម ឬ​ធ្វើ​បច្ចុប្បន្នភាព​លេខ​ទូរស័ព្ទ​របស់ខ្លួន​ទៅ​រដ្ឋបាល​រោងចក្រ របស់ខ្លួន​»​។

 ​លោក ម៉ាន់ សេង​ហាក់ ប្រធាន​សហព័ន្ធ​សហជីព​ឥទ្ធិពល​ការងារ បាន​ប្រាប់ឱ្យដឹង​ដែរ ការផ្តល់ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋា​ភិបាល​នេះ ជា​រឿង​ល្អ​មួយ​សម្រាប់​កម្មករ​ដោះស្រាយ​ទុក្ខលំបាក​បាន​ ១ ​កម្រិត ប៉ុន្តែ​ចំនួន​ប្រាក់ឧបត្ថម្ភ​នេះ មិនអាច​ទ្រទ្រង់​ជីវភាព​បាន​នោះទេ​ដោយសារ​ទំនិញ​ឡើងថ្លៃ​។​

លោក​បាន​ថ្លែងថា​៖«​ខ្ញុំ​ឃើញ សេចក្តីជូនដំណឹង​រប​ស់​ក្រសួង គេ​អនុវត្ត​តាំងពី​ឆ្នាំ​២០២០ ក្នុងអំឡុង​កូ​វីដ ហើយ​មកទល់ពេលនេះ យើង​ឃើញថា ៣​ឆ្នាំ​ហើយ​។ ជាមួយគ្នានេះដែរ កម្មករ​ដែល​នៅមាន​ការងារ​ធ្វើ បាន​ដំឡើង​ប្រាក់​ឈ្នួល ជា​រៀងរាល់ឆ្នាំ​ផងដែរ ដូចនេះ កម្មករ​ដែល​ព្យួរការងារ ក៏​គួរតែ​បូក​ប្រាក់​បន្ថែម​ប្រាក់​ឱ្យ​ពួកគាត់​ផងដែរ​»៕