អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា ចាប់ពីថ្ងៃទី ២៩ ខែមករា ដល់ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៤ សមត្ថកិច្ចនគរបាលជាតិបានបង្ក្រាបបទល្មើសព្រហ្មទណ្ឌនៅទូទាំងប្រទេស បានចំនួន ៥៤ ករណី ក្នុងចំណោមករណីព្រហ្មទណ្ឌ ដែលបានកើតឡើងសរុបចំនួន ៦១ ករណី ដែលជាការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពរបស់រដ្ឋាភិបាល។
លោក ទូច សុខៈ អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី៥ ខែកុម្ភៈថា ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ១សប្តាហ៍ចុងក្រោយនេះដែរមន្ត្រីនគរបាលជាតិបានក្រសោបបានជនសង្ស័យពាក់ព័ន្ធនឹងករណីក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ បទល្មើសព្រៃឈើ និងជលផលជាច្រើនករណី។
លោកបានបញ្ជាក់ទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌទូទាំងប្រទេសទាំង ៥៤ ករណីនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៧៦ នាក់ ដែលភាគច្រើនជាប់ពាក់ព័ន្ធនឹងបទល្មើសហិង្សា ឃាតកម្ម បទល្មើសលួច ឆក់ ប្លន់ ជាដើម។
លោក ទូច សុខៈ បានបញ្ជាក់ថា៖ «បេសកកម្មរបស់កម្លាំងសមត្ថកិច្ចនេះ ជាការបន្តយកចិត្តទុកដាក់ជំរុញ និងអនុវត្តយ៉ាងសកម្មលើគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដែលបន្តដាក់ចេញយ៉ាងម៉ឺងម៉ាត់ដោយរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់លោកហ៊ុន ម៉ាណែត បន្តពីរដ្ឋាភិបាលអាណត្តិមុនៗ»។
លោកថា ចំពោះគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព បានកំណត់ពីការគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ មានសណ្ដាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង នៅគ្រប់ភូមិ-ឃុំ-សង្កាត់។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកអំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ សាទរចំពោះការបំពេញភារកិច្ចរបស់មន្ត្រីមានសមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសនេះ ដែលលោកលើកទឹកចិត្តឱ្យបន្តសកម្មភាពនេះកាន់តែសកម្មដោយគ្មានការយោគយល់ណាមួយចំពោះបទឧក្រិដ្ឋ និងបទមជ្ឈិម ចៀសវាងមានការសម្របសម្រួលក្រៅប្រព័ន្ធតុលាការណាមួយចំពោះបទល្មើសព្រហ្មទណ្ឌ ដែលទាមទារការបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
លោកប្រាប់ថា៖ «តួនាទីរបស់មន្ត្រីនគរបាលយុត្តិធម៌ត្រូវតែអនុវត្តការទប់ស្កាត់និងការបង្ក្រាបទៅលើបទល្មើស ឬការអនុវត្ត ការស្វែងរកយុត្តិធម៌ យកជនដែលប្រព្រឹត្តខុសទៅអនុវត្តតាមផ្លូវច្បាប់ ដោយមិនមានការយោគយល់ ដើម្បីឱ្យមានប្រសិទ្ធភាពផ្លូវច្បាប់ និងចៀសវាងមានបញ្ហាអំពើពុករលួយ»។
លោកបន្តថា ដើម្បីជំរុញប្រសិទ្ធភាពគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព រដ្ឋាភិបាលត្រូវធានាធ្វើយ៉ាងណាឱ្យមន្ត្រីអនុវត្តច្បាប់នៅឆ្ងាយ ឬមិនពាក់ព័ន្ធទៅនឹងសកម្មភាពបទល្មើសនានាតួយ៉ាងល្បែងស៊ីសង ករណីគ្រឿងញៀន ជាដើម។
សូមបញ្ជាក់ដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញឱ្យគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធបង្កើនការផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដោយលោកថា សន្តិសុខគឺជាកត្តាចម្បងសម្រាប់ការអភិវឌ្ឍ តំបន់ទេសចរណ៍ និងតំបន់ឧស្សាហកម្ម ដែលដាច់ខាតត្រូវធានាឱ្យបាន ជុំវិញសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។
ជាមួយគ្នានេះដែរ ចាប់ពីដើមអាណត្តិទី៧នេះ លោកស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញនូវទិសដៅអាទិភាពចំនួន៦ ក្នុងនោះពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌផងដែរ និងតែងតែណែនាំដល់មន្ត្រីពាក់ព័ន្ធ ជាពិសេសអគ្គស្នងការនគរបាលជាតិបង្កើនការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាប រាល់បទល្មើសក្នុងសង្គម តាមទិសស្លោក «ធ្វើអ្វីៗដើម្បីភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»៕