ភ្នំពេញៈ នៅក្នុងឆ្នាំ ២០២៣ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេស RCEP ចំនួន ១៤ ប្រទេសសម្រេចបានក្នុងទំហំទឹកប្រាក់ជិត ៣០ ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម។
របាយការណ៍ក្រសួងពាណិជ្ជកម្មដែលបានចេញកាលពីថ្ងៃទី ៣០ ខែមករា បានបញ្ជាក់ទៀតថាការនាំចេញពីកម្ពុជា ទៅកាន់ប្រទេស RCEP សម្រេចបានក្នុងទំហំទឹកប្រាក់ ៨១៧២ លានដុល្លារ កើនឡើងជាង ២៨ ភាគរយ ខណៈដែលការនាំចូលពីប្រទេស RCEP មកវិញ សម្រេចបានក្នុងទំហំទឹកប្រាក់ ២១ ២៨៦ លានដុល្លារ ថយចុះជាង ១៣ ភាគរយធៀបនឹងឆ្នាំ ២០២២។
RCEP បានចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយនេះ មានប្រទេសចំនួន ១៥ នៅអាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសសមាជិកអាស៊ានចំនួន ១០ និងដៃគូពាណិជ្ជកម្មចំនួន ៥ គឺ ចិនជប៉ុន កូរ៉េខាងត្បូងអូស្ត្រាលី និងនូវែលសេឡង់ ជាសមាជិក។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់ឱ្យដឹងបន្ថែមនៅថ្ងៃទី ៥ ខែកុម្ភៈថា កំណើននៃការនាំចេញពីកម្ពុជា ទៅកាន់បណ្តាប្រទេស RCEP ចំនួន ១៤ មានតែប្រទេស ៤ ទេ ដែលកម្ពុជាបាននាំចេញទៅមានការថយចុះដែលក្នុងចំណោម ៤ ប្រទេសនោះ មានប្រទេស២ ដែលជាប្រទេសសមាជិកអាស៊ាន ខណៈដែលប្រទេសចំនួន ១០ ផ្សេងទៀតមានកើនឡើង។
លោកបានបញ្ជាក់ដូច្នេះថា៖ «កម្ពុជាគឺជាខ្សែច្រវាក់ផ្គត់ផ្គង់មួយក្នុងចំណោមខ្សែច្រវាក់ផ្គត់ផ្គង់នៅលើពិភពលោក ដូចជា ការនាំចេញសម្លៀកបំពាក់ ស្បែកជើងគ្រឿងអេឡិចត្រូនិក និងអគ្គិសនីនិងកសិកម្ម ដែលជាកត្តាចម្បងដែលជំរុញការនាំចេញទៅកាន់បណ្តាប្រទេស RCEP កើនឡើង»។
លោកប៉ែនសុវិជាតិបានប្រាប់បន្តថា ចាប់តាំងពីចូលជាធរមានកាលពីដើមឆ្នាំ ២០២២ មក ការនាំចេញរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ ជាពិសេសទៅប្រទេស RCEP បានកើនឡើងគួរឱ្យកត់សម្គាល់។ ក្នុងនាមជាប្លុកពាណិជ្ជកម្មធំបំផុតរបស់ពិភពលោក RCEP មានទំហំអត្រាផលិតផលក្នុងស្រុកសរុបជាង ២៦ ពាន់ពាន់លានដុល្លារ ដែលតំណាងឱ្យប្រហែល ៣០ ភាគរយ នៃផលិតផលក្នុងស្រុកសរុបពិភពលោក ២៨ ភាគរយនៃពាណិជ្ជកម្មពិភពលោក និងជាង ៣២ ភាគរយនៃការវិនិយោគពិភពលោក។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ចំពោះការធ្លាក់ចុះនៃទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយប្រទេស RCEP នៅក្នុងឆ្នាំ ២០២៣ កន្លងទៅអាចដោយសារកត្តាគួបផ្សំគ្នាមួយចំនួនដូចជាឥទ្ធិពលសង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែនដែលធ្វើឱ្យទំនិញលើទីផ្សារកើនឡើង,បញ្ហាសង្គ្រាមអ៊ីស្រាអែល និងប៉ាឡេស្ទីន បានធ្វើឱ្យកើតមានអតិផរណាក្នុងសកលលោក។
ដោយឡែកចំពោះការកើនឡើងការនាំចេញពីកម្ពុជាទៅបណ្តាប្រទេសជាសមាជិកកិច្ចព្រមព្រៀង RCEP នៅក្នុងអំឡុងពេលនៃភាពតានតឹងផ្នែកសេដ្ឋកិច្ច និងនយោបាយអន្តរជាតិដែលមិនមានស្ថិរភាពគឺបង្ហាញថា សមត្ថភាពផលិតកម្មរបស់កម្ពុជាកំពុងរីកចម្រើនកាន់តែរហ័ស និងគុណភាពប្រកបដោយស្តង់ដា។
លោកបានបញ្ជាក់ថា៖ «មូលហេតុដែលនាំឱ្យផលិតកម្ម និងការនាំចេញរបស់កម្ពុជាកើនឡើងអាចមកពីកត្តាមួយចំនួនដូចជា ស្ថិរភាពនយោបាយ និងភូមិសាស្ត្រនយោបាយកាន់តែល្អសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក កំណែទម្រង់ប្រព័ន្ធច្បាប់វិនិយោគ ទីផ្សារនាំចេញកាន់តែច្រើន»៕