បាត់ដំបងៈ អាជ្ញាធរមីន និងអង្គភាពស៊ីម៉ាក់ បានបង្ហាញការសោកស្ដាយចំពោះករណីផ្ទុះគ្រាប់មីននៅក្នុងខេត្តបាត់ដំបងដែលបណ្ដាលឱ្យរងរបួសដៃជើងធ្ងន់ធ្ងរហើយអង្គភាពទាំង២ក៏បានអំពាវនាវជាថ្មីឱ្យពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់។
ការអំពាវនាវជាថ្មីនេះធ្វើឡើង ក្រោយពីមានករណីផ្ទុះមីនបណ្តាលឱ្យបុរសអាយុ ៥៥ ឆ្នាំ ម្នាក់រងរបួសជើងទាំង២ និងរបួសដៃ បន្ទាប់ពីជនរងគ្រោះដើរទៅចម្ការដើម្បីគាស់ល្មៀតយកទៅលក់ផ្គត់ផ្គង់ជីវភាពគ្រួសារ ហើយបានប៉ះគ្រាប់មីន នៅចំណុចភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។ នេះបើតាមយោងហ្វេសប៊ុករបស់អាជ្ញាធរមីន កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤។
អាជ្ញាធរមីនបានឱ្យដឹងទៀតថា គ្រាប់មីនដែលផ្ទុះនេះជាប្រភេទមីន ៦៩ ខណៈបច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្ដបាត់ដំបង ដោយរថយន្តយោធា។
លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា ទាំងរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមីនបានខិតខំប្រឹងប្រែងជាខ្លាំងលើការងារបោសសម្អាតមីន ពីព្រោះគ្រាប់មីនមានភាពកាចសាហាវជាងគ្រាប់សំណល់ជាតិផ្ទុះផ្សេងៗ។ ក្នុងនាមជាអាជ្ញាធរមីន គឺលោកពិតជាមិនចង់ឱ្យមានករណីផ្ទុះមីនបែបនេះបន្តកើតឡើងចំពោះប្រជាជនកម្ពុជានោះឡើយ។
លោកបានថ្លែងថា៖ «អាជ្ញាធរមីន នឹងបន្តអនុវត្តការងារបោសសម្អាតមីនឱ្យអស់ពីកម្ពុជាឆាប់ៗដោយជំរុញឱ្យប្រតិបត្តិករជាតិយើង ក៏ដូចជាអាជ្ញាធរដែនដីជួយផ្សព្វផ្សាយអំពីគ្រោះថ្នាក់ដោយសារមីនហ្នឹងទៅកាន់សហគមន៍ដែលមានសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីឱ្យបងប្អូនយើងមានការប្រុងប្រយ័ត្នបន្តទៀត»។
ក្រៅពីការផ្សព្វផ្សាយអប់រំឱ្យយល់ដឹងពីគ្រោះថ្នាក់ដោយសារមីនហើយ លោក លី ធុជ ក៏បានស្នើឱ្យប្រជាពលរដ្ឋដែលរស់នៅតំបន់មានសំណល់ជាតិផ្ទុះពីសង្គ្រាម កុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ឬប្រសិនបើ បានឃើញគ្រាប់មិនទាន់ផ្ទុះសូមកុំប៉ះពាល់ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ចនិងប្រតិបត្តិករបោសសម្អាតមីន ដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល។
ទន្ទឹមនេះ អាជ្ញាធរមីន នឹងព្យាយាមទម្លាក់ធនធានហិរញ្ញវត្ថុ និងកងកម្លាំងបោសសម្អាតមីនឱ្យបានរហ័សជាងនេះ ដើម្បីឆ្លើយតប និងអន្តរាគមន៍ ក្នុងការចូលរួមទប់ស្កាត់កុំឱ្យប្រជាពលរដ្ឋមានគ្រោះថ្នាក់ដោយសារគ្រាប់មីន។ នេះជាការបន្ថែមរបស់លោក លី ធុជ។
ដោយឡែក លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ក៏បានលើកឡើងក្នុងទំព័រហ្វេសប៊ុករបស់លោកដែរថា គ្រាប់មីនដែលផ្ទុះនេះ ជាគ្រាប់មីនសំណល់ពីសង្គ្រាម។
លោកបានបញ្ជាក់ថា៖ «នេះជាសោកវិនាសកម្មនៃមរតកសង្គ្រាមដែលបន្តគំរាមកំហែងដល់អាយុជីវិតប្រជាជនកម្ពុជា។ ខ្ញុំសូមចូលរួមសោកស្តាយជាមួយជនរងគ្រោះ និងគ្រួសារ»។
លោកថា ការអភិវឌ្ឍក្នុងតំបន់ចម្ការមីនឬតំបន់សង្ស័យមានមីនឬសំណល់យុទ្ធភណ្ឌសង្គ្រាមត្រូវតែធ្វើការបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះជាមុន ដើម្បីធានាសុខសុវត្ថិភាព និងអនុលោមតាមច្បាប់រដ្ឋ។ ហេតុនេះប្រសិនបើមានការអភិវឌ្ឍក្នុងចម្ការមីនដោយគ្មានការបោសសម្អាតមីនជាមុនទេនោះវានឹងធ្វើឱ្យមានមនុស្សស្លាប់ និងរបួស ជាពិសេសវាអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលាទាំងកំពុងអភិវឌ្ឍនិងការប្រើប្រាស់ដីតំបន់នោះផងដែរ។
សូមរំឭកផងដែរថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កន្លងមក ក៏មានករណីផ្ទុះមីនបណ្ដាលឱ្យពលរដ្ឋម្នាក់ រងរបួសធ្ងន់និង២នាក់ទៀតរងរបួសស្រាលផងដែរ នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
យោងតាមរបាយការណ៍របស់អាជ្ញាធរមីនកាលឆ្នាំ២០២៣ កន្លងមក បានបង្ហាញថា ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមានចំនួន ៣២ នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ៤ នាក់ រងរបួស ១៨ នាក់ និងពិការអវយវៈ១០នាក់។ ជនរងគ្រោះខាងលើនេះ ភាគច្រើនបានឡើងនៅក្នុងខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង និងខេត្តរតនគិរី។
តួលេខជនរងគ្រោះឆ្នាំ២០២៣ កន្លងមក មានការថយចុះ ២២ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២២ ដែលមានជនរងគ្រោះចំនួន ៤១ នាក់៕