ភ្នំពេញៈ មន្ដ្រីក្រសួងសុខាភិបាលបានក្រើនរំឭក និងជំរុញដល់ឱសថការីទាំងអស់ឱ្យចូលរួមលុបបំបាត់ឱសថក្លែងក្លាយអន់គុណភាពដែលបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាជននិងសង្គមជាតិ ដើម្បីជំរុញ និងលើកកម្ពស់វិស័យសុខាភិបាលកម្ពុជា។
ការជំរុញបែបនេះធ្វើឡើងក្នុងកម្មវិធីផ្សព្វផ្សាយដែនកំណត់វិជ្ជាជីវៈឱសថការីដល់សមាជិកឱសថការីរាជធានីភ្នំពេញ ដែលរៀបចំដោយគណៈឱសថការីកម្ពុជា កាលថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៤។
ថ្លែងប្រាប់អ្នកសារព័ត៌មាននាឱកាសនោះលោក វ៉ា សុខគា អនុប្រធានទី២ ក្រុមប្រឹក្សាគណៈឱសថការីជាតិឱ្យដឹងថា កម្មវិធីផ្សព្វផ្សាយដែនកំណត់វិជ្ជាជីវៈឱសថការី ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ ពីដែនកំណត់វិជ្ជាជីវៈរបស់ឱសថការី នៅក្នុងវិស័យវេជ្ជសាស្ត្រ ដោយបានកំណត់ក្នុងសៀវភៅនិយាមវិជ្ជាជីវៈឱសថការី និងដែនកំណត់វិជ្ជាជីវៈឱសថការី។
លើសពីនេះ លោកបានរំឭកដល់ឱសថការី ត្រូវគោរពដែនកំណត់វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន ដើម្បីកុំឱ្យប្រឈមទៅនឹងផ្លូវច្បាប់ក្នុងករណីឱសថការីប្រព្រឹត្តខុសវិជ្ជាជីវៈខណៈលោកក៏បានជំរុញឱ្យឱសថការីត្រូវចូលរួមលុបបំបាត់ឱសថដែលនាំប៉ះពាល់ដល់សុខភាព។
លោក វ៉ា សុខគា ថ្លែងថា៖ «យើងត្រូវតែរួមសាមគ្គីគ្នាលុបបំបាត់ឱសថក្លែងក្លាយ ឱសថអន់គុណភាពឱសថញៀន ឬសារធាតុប៉ះពាល់ដល់សរសៃប្រសាទ ដែលជះឥទ្ធិពលអាក្រក់ដល់សុខុមាលភាពរបស់យុវជនយើងហើយយើងត្រូវនាំគ្នាទប់ស្កាត់និងលុបបំបាត់ឱ្យខាងតែបាន»។
ជាមួយគ្នានេះដែរ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញថ្លែងថា លោកសង្កេតឃើញឱសថដ្ឋានដែលបានដំណើរការអាជីវកម្មនៅភ្នំពេញ គឺបានបំពេញបានល្អ ប៉ុន្តែក៏ត្រូវការពង្រឹងនូវសមត្ថភាពបន្ថែមទៀតដែរ។ «បច្ចុប្បន្ននៅរាជធានីភ្នំពេញមានឱសថដ្ឋានចំនួន ១ ៥៤០ ទទួលបានការអនុញ្ញាតបើកអាជីវកម្មពីមន្ទីរសុខាភិបាលរាធានីភ្នំពេញ ទោះបីគាត់អនុវត្តបានល្អហើយក៏យើងត្រូវការពង្រឹងបន្ថែមនូវចំណុចខ្វះខាត និងខ្វះចន្លោះរបស់ឱសថស្ថានទាំងនោះ ឱ្យកាន់តែប្រសើរថែមទៀត»។
លោកនុត សម្បត្តិប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជាបានគាំទ្រលើការជំរុញឱ្យមានការរួមលុបបំបាត់ឱសថក្លែងក្លាយអន់គុណភាព ដែលបង្កគ្រោះថ្នាក់ដល់សុខភាព។ «ខ្ញុំសូមគាំទ្រនូវការជំរុញឱ្យរួមគ្នាទប់ស្កាត់ និងលុបបំបាត់ឱសថក្លែងក្លាយនានាដែលកំពុងផ្តល់ផលប៉ះពាល់ដល់សុខភាព ព្រោះថា បើយើងលុបបំបាត់ឱសថទាំងនោះបានជោគជ័យ នឹងធ្វើឱ្យសង្គមយើងលែងមានឱសថក្លែងក្លាយ ថ្នាំញៀនដែលបំផ្លាញអាយុជីវិតប្រជាជនយើងទៀត»។
បន្ថែមពីនេះ លោក វ៉ា សុខគា ក៏បានអំពាវនាវដល់អ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសុខាភិបាល ត្រូវមានសេចក្តីថ្លៃថ្នូរ ស្មោះត្រង់ចំពោះវិជ្ជាជីវៈប្រកបដោយកាតព្វកិច្ចក្នុងវិជ្ជាជីវៈឱសថអមវេជ្ជសាស្ត្រ ប្រកបដោយប្រសិទ្ធភាព និងគុណភាពថែមទៀត៕