ភ្នំពេញៈ ការបង្កើតឱ្យមានក្លិបសិក្សាក្រៅម៉ោង នឹងជួយពង្រឹងសមត្ថភាព និងក្រមសីលធម៌របស់សិស្សានុសិស្សកាន់តែមានគុណភាព ខណៈបច្ចុប្បន្នក្រសួងបានបង្កើតឱ្យមានក្លិបសិក្សាក្រៅម៉ោងសិក្សាលើការអប់រំបច្ចេកវិទ្យា (ICT) និងសហគ្រិនភាពនៅតាមសាលារៀនកម្រិតអនុវិទ្យាល័យ។
ក្លិបសិក្សាក្រៅម៉ោងដែលសិក្សាលើការអប់រំបច្ចេកវិទ្យា (ICT) និងសហគ្រិនភាព តាមសាលារៀនកម្រិតអនុវិទ្យាល័យនេះ គឺបានធ្វើឡើងរៀងរាល់ថ្ងៃចុងសប្តាហ៍ ដោយមានគ្រូដឹកនាំប្រចាំសាលា សម្រាប់ជួយណែនាំដល់សិស្ស។ គ្រូដឹកនាំប្រចាំសាលា ណែនាំលើជំនាញសរសេរកូដបង្កើតកម្មវិធីទូរស័ព្ទដៃ ដើម្បីដោះស្រាយបញ្ហាក្នុងសហគមន៍របស់ពួកគេ ក៏ដូចជាបញ្ហាកើតមាននៅលើសកលលោកផងដែរ។ នេះបើយោងតាមហ្វេសប៊ុកក្រសួងអប់រំ នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៤។
ក្រសួងអប់រំឱ្យដឹងទៀតថា ក្លិបសិក្សានេះ ត្រូវបានរៀបចំឡើង ដើម្បីជំរុញលើកទឹកចិត្តសិស្សឱ្យចាប់អារម្មណ៍ក្នុងការជ្រើសរើសយកជំនាញបច្ចេកវិទ្យាដែលស្របតាមបរិបទនៃបរិវត្តកម្មឌីជីថលនៃការអប់រំ និងបំណិនសតវត្សរ៍ទី២១ ព្រមទាំងជួយលើកកម្ពស់ការអប់រំបែបឌីជីថលនៅកម្ពុជា។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំបានឱ្យដឹងថា ការបង្កើតឱ្យមានក្លិបសិក្សាក្រៅម៉ោងនេះក្រសួងមិនមែនគ្រាន់តែបង្រៀនតែមុខវិជ្ជាបច្ចេកវិទ្យា (ICT) និងសហគ្រិនភាពប៉ុណ្ណោះទេ ពោលក្រសួងបានបង្រៀនមុខវិជ្ជាជាច្រើនទៀត ដូចជា៖ គណិតវិទ្យា ប្រវត្តិវិទ្យា រូបវិទ្យា ភាសាបរទេស អប់រំកាយ និងមុខវិទ្យាជាច្រើនទៀត ដែលក្រសួងមើលឃើញថាមានភាពចាំបាច់។
លោកស្រីបន្តថា៖ «ការបង្កើតឱ្យមានក្លិបសិក្សាក្រៅម៉ោងនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងចំណុចគន្លឹះទាំង ៤ ដែលសម្តេច ហ៊ុន ម៉ាណែត បានដាក់ចេញនៅក្នុងអាណត្តិទី ៧ នេះ រួមមានការពង្រឹងអភិបាលកិច្ច ការយកចិត្តទុកដាក់ការសិក្សាក្រៅម៉ោងសិក្សា សុខភាពសិក្សារបស់សិស្ស និងការសហការរវាងដៃគូជាមួយសហគមន៍»។ ក្លិបសិក្សាក្រៅម៉ោង ដែលបានបង្រៀននៅមុខវិទ្យាជាច្រើននេះ គឺឆ្លើយតបទៅនឹងគន្លឹះទី២ ដែលធ្វើឡើងក្នុងទិសដៅពង្រឹងសមត្ថភាព បំណិន ចរិយាសម្បត្តិ កាយសម្បទា និងសីលធម៌របស់សិស្សានុសិស្ស។
ជាមួយគ្នានេះដែរលោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា បានសាទរចំពោះការដាក់អនុវត្តក្លិបសិក្សាក្រៅម៉ោង ដើម្បីជំរុញឱ្យសិស្សបានអនុវត្តស្វ័យសិក្សាឱ្យបានច្រើន ដែលជាការឆ្លើយតបតាមតម្រូវការជាក់ស្តែង។ «ខ្ញុំគាំទ្រទាំងស្រុងលើការបង្កើតឱ្យមានក្លិបសិក្សាក្រៅម៉ោងបន្ថែម ហើយខ្ញុំក៏សូមស្នើឱ្យលោកនាយកសាលានីមួយៗ ត្រូវមានភាពម្ចាស់ការលើខ្លួនឯង ចេះដឹកនាំខ្លួនឯង កុំរង់ចាំតែក្រសួងសម្រេច ព្រោះកាលណាសាលារៀននីមួយៗមានភាពម្ចាស់ការច្បាស់លាស់នឹងជួយឱ្យសិស្សមានសមត្ថភាពគ្រប់គ្រាន់ ហើយដើរទាន់សតវត្សរ៍ទី២១»។
បើតាមក្រសួងអប់រំ ក្នុងអំឡុងពេលដាក់ឱ្យសាកល្បងក្លិបសិក្សាក្រៅម៉ោង រយៈពេល ៥ ឆ្នាំចុងក្រោយនេះ មានសាលារៀនជាច្រើននៅគ្រប់ខេត្តក្រុងបានអនុវត្តកម្មវិធីក្លិបសិក្សាក្រៅម៉ោងនេះ ពិសេសសាលាជំនាន់ថ្មី សាលាធនធាន និងសាលាស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ វិស័យអប់រំកម្រិតមធម្យមសិក្សា។ លើសពីនេះ សម្រាប់ឆ្នាំសិក្សាថ្មី ក្រសួងក៏បានដាក់បញ្ចូល កម្មវីធីក្លិបសិក្សាទៅក្នុងស្តង់ដាសាលារៀនគំរូ ដែលតម្រូវឱ្យសាលារៀនទាំងអស់នៅទូទាំងប្រទេសត្រូវតែអនុវត្ត៕