ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតនឹងធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសថៃនៅថ្ងៃទី ៧ ខែកុម្ភៈដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ហើយលោកនឹងចូលគាល់ព្រះមហាក្សត្រថៃ និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ថៃមួយចំនួន រួមទាំងប្រមុខរដ្ឋាភិបាលថៃលោកសេដ្ឋា ថាវីស៊ីន ផងដែរ។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ៥ ខែកុម្ភៈ បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកហ៊ុន ម៉ាណែតនេះធ្វើឡើងតបតាមការអញ្ជើញរបស់លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ខណៈលោកស្រីពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត, លោកស៊ុន ចាន់ថុល អនុប្រធានទី ១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកសុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសកម្ពុជាព្រមទាំងឥស្សរជនជាន់ខ្ពស់ និងថ្នាក់ដឹកនាំវិស័យឯកជននៃសភាពាណិជ្ជកម្មកម្ពុជាក៏នឹងអមដំណើរផងដែរ។
ក្នុងដំណើរទស្សនកិច្ចនេះ លោក ហ៊ុន ម៉ាណែត នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រថៃ ព្រះបាទមហាវ៉ាជីរ៉ាឡុងកន ព្រះវ៉ាជីរ៉ាក់ក្លៅចៅយូហួរ នាព្រះបរមរាជវាំង នារាជធានីបាងកក និងជួបពិភាក្សាការងារជាមួយលោកផនភេត វិឈិតឆុលឆៃ ប្រធានព្រឹទ្ធសភាថៃ និងលោកវ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភាថៃ។
ក្រសួងការបរទេសបានបញ្ជាក់ថា៖«នាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃ នឹងជួបពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ឈរលើផលប្រយោជន៍ទៅវិញទៅមកដោយនឹងមានការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន»។
ដំណើរទស្សនកិច្ចផ្លូវការរបស់លោកហ៊ុន ម៉ាណែតទៅកាន់ប្រទេសថៃនេះ ក៏នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែងនិងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំង ២ ស្របតាមស្មារតី«ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព» ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំង ២ ព្រមទាំងសម្រាប់សន្តិភាព ស្ថិរភាពនិងវិបុលភាពក្នុងសហគមន៍អាស៊ាននិងអន្តរជាតិ។ ប្រភពដដែលបន្តថា ក្រៅពីនេះលោកហ៊ុន ម៉ាណែត ក៏នឹងថ្លែងសុន្ទរកថា ក្នុងវេទិកាធុរកិច្ចកម្ពុជា-ថៃ ផងដែរ។
ជុំវិញដំណើរទស្សនកិច្ចនេះ លោកប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជានិងថៃ មានសារៈសំខាន់ដោយប្រទេសទាំង ២ ជាប្រទេសជិតខាងគ្នា ខណៈកន្លងទៅ អតីតប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន បានប្រែក្លាយព្រំដែនប្រទេសជិតខាង រួមមានថៃផងដែរនោះ ទៅជាព្រំដែនមិត្តភាព សន្តិភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍដើម្បីផ្លាស់ប្តូរទេសចរ ទំនិញចេញចូល ដែលតមកដល់បច្ចុប្បន្ននេះ។
លោកឱ្យដឹងថា៖«ដំណើរទស្សនកិច្ចរបស់សម្តេចធិបតីទៅកាន់ថៃលើកនេះ ដូចរាល់ដងគឺរក្សាកិច្ចសហប្រតិបត្តិការដែលមានស្រាប់ដែលកសាងដោយសម្តេចតេជោហ៊ុន សែន និងខិតខំបន្តពូនជ្រំពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមនិងស៊ីជម្រៅ»។ លោកបន្តថា ៖ «យើងមានប្រធានបទជជែកច្រើនក្នុងន័យជំរុញទំនាក់ទំនងឱ្យកាន់តែល្អនិងជិតស្និទ្ធក្នុងនាមប្រទេសជិតខាង ហើយហុចផលប្រយោជន៍ដល់គ្នាទៅវិញទៅមក»។
លោក ប៉ែន បូណា បានលើកឡើងដែរថា ដំណើរទស្សនកិច្ចនេះក្រៅពីបំណងពង្រឹងទំនាក់ទំនងផ្នែកការទូតគឺពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយថៃដែលជាកិច្ចការដែលលោកហ៊ុន ម៉ាណែតតែងអនុវត្តជាប្រចាំពេលបំពេញទស្សនកិច្ចក្រៅប្រទេស ពោលគឺការទាក់ទាញវិនិយោគិន។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ដំណើរទស្សនកិច្ចនេះនឹងជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងថៃឱ្យកាន់តែជិតស្និទ្ធ ដែលរួមចំណែកដល់ការអភិវឌ្ឍក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មទំនាក់ទំនងរវាងប្រជាជននិងប្រជាជនជាដើម។
លោកថ្លែងថា៖«ភាគីទាំង ២ មានការផ្លាស់ប្តូរទស្សនកិច្ចគ្នាញឹកញាប់ នេះជាសូចនាករបញ្ជាក់ពីកម្រិតវឌ្ឍនភាពទំនាក់ទំនងប្រទេសទាំង ២»។ លោកគិន ភា លើកឡើងថា កម្ពុជានិងថៃ ជាទូទៅផ្តោតលើផលប្រយោជន៍ពាណិជ្ជកម្មទ្វេភាគី ការពិភាក្សាគ្នាលើពលករឆ្លងដែនខណៈកម្ពុជាមានពលករខ្លួនធ្វើការនៅថៃច្រើនហើយនឹងអាចផ្តោតលើសន្តិសុខនៅតាមបណ្តោយព្រំដែនទប់ស្កាត់គ្រឿងញៀនការជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន និងកិច្ចសហការគាំទ្រគ្នាលើឆាកអន្តរជាតិ។
ចំណែក លោក សេង វណ្ណលី សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនិងជាអ្នកតាមដាននយោបាយតំបន់ក៏បានថ្លែងដែរថា នេះជាការបង្ហាញពីការយកចិត្តទុកដាក់លើទំនាក់ទំនងទ្វេភាគីពាក់ព័ន្ធសេដ្ឋកិច្ចពាណិជ្ជកម្ម និងការវិនិយោគ។ លោកថា មេដឹកនាំទាំង ២ នឹងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចសង្គម និងនយោបាយ ព្រមទាំងទំនងជាចរចាពីតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រថៃផងដែរដោយភាគីទាំង ២ មានគោលដៅដូចគ្នា។
លោកបន្ថែមថា នាយករដ្ឋមន្ត្រីថៃ ទទូចចង់អភិវឌ្ឍន៍វិស័យឧស្ម័ន និងប្រេង នៅតំបន់ត្រួតស៊ីគ្នារវាងថៃ និងកម្ពុជាដែលចង់ឱ្យភាគីកម្ពុជាចូលរួមអភិវឌ្ឍន៍រួមគ្នា។ លោក ហ៊ុន ម៉ាណែត ក៏អាចនឹងលើកឡើងពីការចង់បានរបស់រដ្ឋាភិបាលកម្ពុជា ចំពោះលម្ហសេរីភាពនយោបាយនៅក្នុងស្រុកថៃ ជាពិសេសចង់ឱ្យថៃ ធានាមិនឱ្យមានការធ្វើនយោបាយពីក្នុងស្រុកថៃប្រឆាំងរដ្ឋាភិបាលក្រុងភ្នំពេញឡើយ។ ទោះយ៉ាងណា លោកសេង វណ្ណលី ក៏សង្ឃឹមថា បំណងអភិវឌ្ឍន៍រួមគ្នានេះអាចនឹងជួយជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងប្រទេសទាំង ២។
ទន្ទឹមនឹងនេះ ពលរដ្ឋខ្មែរមួយចំនួនដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសថៃបានប្រកាសស្វាគមន៍វត្តមាននៃដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត តាមរយៈវីដេអូឃ្លីបដែលបង្ហោះនៅលើបណ្តាញសង្គមនានា។សូមរំឭកដែរថា កាលពីចុងខែកញ្ញា ឆ្នាំ ២០២៣ នាយករដ្ឋមន្ត្រីថៃលោកសេដ្ឋា ថាវីស៊ីន ក៏បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ហើយក៏បានជួបពិភាក្សាការងារជាមួយលោកហ៊ុន ម៉ាណែត ផងដែរ៕