ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតកម្មវិធីចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ តាមរយៈអនឡាញ ដើម្បីផ្តល់ភាពងាយស្រួលដល់យុវជនគ្រប់ទីកន្លែង។
កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ គឺដើម្បីផ្ដល់ឱកាសស្មើគ្នាជូនយុវជនក្នុងការទទួលបានការអភិវឌ្ឍជំនាញ និងឱកាសការងារកាន់តែល្អប្រសើរក្នុងការបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅ។
ក្រសួងការងារនៅថ្ងៃទី ៥ កុម្ភៈ បានប្រកាសឱ្យដឹងថា៖ «ដើម្បីកាន់តែផ្ដល់ភាពងាយស្រួលថែមទៀតដល់យុវជន ដែលមានបំណងចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលនេះ ក៏អាចចុះឈ្មោះបានតាមរយៈ Online ផងដែរ ដោយចូលទៅកាន់គេហទំព័រ Scholarship.TVET.gov.kh (https://scholarship.tvet.gov.kh/home) រួចអានសេចក្ដីណែនាំដើម្បីបំពេញបែបបទនៃការចុះឈ្មោះ»។
ទាក់ទងនឹងការចុះឈ្មោះតាមប្រព័ន្ធ online នេះដែរ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ឱ្យដឹងបន្ថែមថា ការចុះឈ្មោះតាម online ផ្តល់ភាពងាយស្រួលដល់យុវជនគ្រប់ទីកន្លែង មិនថាទីក្រុង និងជនបទ ឬយុវជនរវល់ការងារពួកគេមានភាពងាយស្រួលក្នុងការចុះឈ្មោះ។
លោកបន្តថា គិតត្រឹមម៉ោង ៥ រសៀល ថ្ងៃទី ៤ ខែកុម្ភៈ មានអ្នកចុះឈ្មោះសរុបមានចំនួន ២៧ ១៨៦ នាក់ (ស្រី ៩ ៤១១ នាក់) ក្នុងនោះ រាជធានីភ្នំពេញចំនួន ១០ ១២៨ នាក់, ខេត្តបាត់ដំបងចំនួន ៣ ៣៧២ នាក់, ខេត្តសៀមរាបចំនួន ១ ៩៣២ នាក់, ខេត្តព្រះសីហនុចំនួន ១ ០៧៩ នាក់, ខេត្តកណ្ដាលចំនួន ៩៧០ នាក់ និងបណ្ដាខេត្តផ្សេងៗចំនួន ៩ ៧០៤ នាក់។
បើតាមលោក កត្តា អ៊ន ការបើកវគ្គបណ្តុះបណ្តាលគិតត្រឹមថ្ងៃទី ៥ ខែកុម្ភៈ ក្រសួងបានបើកវគ្គបណ្តុះបណ្តាលចំនួន ៤៧៧ ថ្នាក់ ដែលនៅក្នុងនោះមាន វិស័យសំណង់ ១១១ ថ្នាក់, អគ្គិសនី និងថាមពល ៥ ថ្នាក់, អេឡិចត្រូនិក ១៩ ថ្នាក់, កម្មន្តសាល ២០ ថ្នាក់, មេកានិកទូទៅ/មេកានិករថយន្ត ៧៥ ថ្នាក់, ធុរកិច្ច និងព័ត៌មានវិទ្យា ១០៥ ថ្នាក់, សេវាកម្ម ៣០ ថ្នាក់, បរិក្ខារត្រជាក់ និងកម្តៅ ៥២ ថ្នាក់, ទេសចរណ៍ ៣៤ ថ្នាក់ និងកសិកម្ម និងកសិ-ឧស្សាហកម្ម ២៦ ថ្នាក់។
លោក ជ័យ តិច អ្នកសិក្សាពីការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានថ្លែងនៅថ្ងៃទី ៥ ខែកុម្ភៈថា លោកគាំទ្រចំពោះវិធានការបន្ថែមនេះ គឺជារឿងល្អ ក្រៅតែពីអនុញ្ញាតឱ្យយុវជនទៅដាក់ពាក្យនៅទីតាំងរៀនដោយផ្ទាល់។ លោកថា៖ «ការដាក់ចេញជម្រើសច្រើន គឺកាន់តែល្អ និងងាយទទួលបានសម្រាប់យុវជនយើង»។
កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ត្រូវបានរាជរដ្ឋាភិបាលប្រកាសដាក់ចេញដល់ក្រុមគោលដៅយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ចំនួន ១,៥ លាននាក់ ដោយមិនបង់ថ្លៃសិក្សា និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែទៀតផង។
សូមរំឭកផងដែរថា វគ្គបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ បានប្រកាសបើកជាផ្លូវការ កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ នាវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា រាជធានីភ្នំពេញ ដោយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ។
លោក ហេង សួរ បានថ្លែងក្នុងឱកាសនោះថា ការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) គឺជាស្ពានមួយ ដែលមានភាពបត់បែន ងាយស្រួល និងរយៈពេលខ្លីសម្រាប់យុវជនកម្ពុជា អាចចាប់យកនូវជំនាញមួយ ដែលអាចបង្កើនចំណូលមួយសម្រាប់ជួយទ្រទ្រង់ខ្លួនឯងផង និងដើម្បីជួយសម្រាលបន្ទុកគ្រួសារផងដែរ។
លោកមានប្រសាសន៍ថា៖ «លទ្ធផលចុងក្រោយ ដែលសម្តេចធិបតីចង់ឃើញ គឺគ្រប់គ្នាពេលដែលរៀនចប់គឺចេះ ហើយមានការងារធ្វើ ទោះបីជាបងប្អូនបានចូលរៀន បានចុះកម្មសិក្សា ចុងក្រោយមានតែសញ្ញាបត្រ តែគ្មានការងារធ្វើនោះក៏មិនមែនជាលទ្ធផលជោគជ័យសម្រាប់ក្រសួងក្នុងការឆ្លើយតបចំពោះសម្តេចធិបតីទេ»៕