ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់គ្រឹះស្ថានអប់រំឯកជននានាឱ្យបង្កើនការយកចិត្តទុកដាក់ក្នុងការបង្រៀនភាសាខ្មែរលើការសរសេរ និងការអានដល់សិស្សានុសិស្សដើម្បីជួយលើកកម្ពស់ អក្សរសាស្ត្រជាតិ។
លោកបានថ្លែងអំពាវនាវបែបនេះ ក្នុងពិធីសម្ពោធគ្រឹះស្ថានឯកជនមួយ នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៤។
លោកបានលើកឡើងថា ក្រសួងកំពុងពង្រឹងគុណភាពនៃការអប់រំនៅកម្ពុជា ក៏ដូចជាសីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ក៏ដូចជាការពិនិត្យកែសម្រួលកម្មវិធីសិក្សា សកម្មភាពក្រៅម៉ោងសិក្សា ដើម្បីពង្រឹងទាំងចំណេះដឹង វិន័យ វិជ្ជាសម្បទា ចរិយាសម្បទា ក៏ដូចជាបំណិនសម្បទាផងដែរ។
លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថា៖ «យើងដឹងហើយថា ការបង្រៀនភាសាខ្មែរមានសារៈសំខាន់ដើម្បីឱ្យកូនខ្មែរចេះភាសាខ្មែរឱ្យបានច្បាស់លាស់ ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡាក៏បានរៀបចំកញ្ចប់អំណានដំបូង ដែលមានវិធីសាស្ត្រថ្មីៗនៅក្នុងការរៀនអាន និងសរសេរភាសាខ្មែរ។ ជាពិសេសយើងក៏លើកទឹកចិត្តឱ្យមានការបង្រៀនតែងសេចក្តី ក៏ដូចជាសរសេរតាមអានផងដែរ»។
លោករដ្ឋមន្ត្រីបានបន្តថា ក្រសួងបានជំរុញការអនុវត្ត សេចក្តីណែនាំស្តីពីការលើកកម្ពស់ការសិក្សាភាសាខ្មែរ វប្បធម៌ អរិយធម៌ខ្មែរនៅតាមគ្រឹះស្ថានចំណេះទូទៅឯកជនដែលអនុវត្តកម្មវិធីសិក្សាអន្តរជាតិ និងសូមលើកទឹកចិត្តឱ្យមានការអប់រំតាមបែបព្រះពុទ្ធសាសនានៅតាមគ្រឹះស្ថានអប់រំឯកជនទាំងអស់ផងដែរ។
លោកបានបញ្ជាក់ទៀតថា៖ «ក្រសួងអប់រំ ក៏សូមលើកទឹកចិត្តឱ្យមានការសហការក្នុងការអនុវត្តការអប់រំតាមបែបព្រះពុទ្ធសាសនានៅក្នុងសាលារៀន ដើម្បីលើកកម្ពស់ចរិយាសម្បទា និងយល់ដឹងពីវប្បធម៌ ក៏ដូចជាពីសាសនា បន្តលើកកម្ពស់សុខភាពសិស្ស និងជំរុញដល់មាតាបិតាអាណាព្យាបាលសិស្សក្នុងការធ្វើជាដៃគូដើម្បីការអប់រំ»។
លោក ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល Westline Education Group បានបង្ហាញការគាំទ្រចំពោះការអំពាវនាវរបស់រដ្ឋមន្ត្រីក្រសួងអប់រំ ក្នុងការជំរុញឱ្យបង្កើនការពង្រឹងលើការអប់រំភាសាខ្មែរនៅតាមគ្រឹះស្ថានអប់រំឯកជននេះ ខណៈដែលកន្លងទៅលោកសង្កេតឃើញថា សាលាឯកជន និងអាណាព្យាបាលខ្លះផ្តោតឱ្យចេះតែភាសាបរទេសជាងភាសាជាតិខ្លួន។
លោកបានប្រាប់ថា៖ «ចរន្តនៃសកលភាវូបនីយកម្ម តែងមានការផ្លាស់ប្តូរទៅវិញទៅមករវាងភាសា វប្បធម៌ និងទំនាក់ទំនងនេះ។ ដូច្នេះប្រសិនបើមិនប្រឹងប្រែងជំរុញភាសាខ្មែរដល់កូនខ្មែរយើងទេ ច្បាស់ណាស់ ភាសាបរទេសអាចចូលមកកាន់តែច្រើនលើសលប់ប្រចាំថ្ងៃ»។
លោក ប៉ិច បូឡែន បានបន្ថែមថា វាជាកិច្ចការបន្ទាន់ដែលត្រូវការការចូលរួមពីគ្រប់ភាគីទាំងអស់ ទាំងក្រសួងអប់រំ ទាំងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន រួមទាំងអាណាព្យាបាលសិស្សផងដែរក្នុងការបង្កើនការបង្ហាត់ភាសាខ្មែរដល់កុមារ និងយុវជនយុវនារីឡើងវិញ ដោយមិនត្រូវបណ្តែតបណ្តោយឱ្យកូនខ្មែរតែនិយាយខ្មែរមិនច្បាស់ បែរជាច្បាស់តែភាសាគេ និងសូមអ្នកអាណាព្យាបាលមេត្តាលើកទឹកចិត្ត និងបង្ហាត់បង្រៀនកូននៅផ្ទះឱ្យច្រើន ក្នុងទំនាក់ទំនងជាមួយកូនជាភាសាខ្មែរ។
ទាក់ទងនឹងការរៀនភាសាខ្មែរនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់បានលើកឡើងក្នុងអំឡុងពេលលោកនៅជាមេបញ្ជាការកងទ័ពជើងគោក ដោយកាលនោះលោកបានស្នើឱ្យក្រសួងអប់រំសហការជាមួយនឹងគ្រឹះស្ថានអប់រំឯកជនអន្តរជាតិ ដោយជំរុញឱ្យមានការពង្រឹងកម្មវិធីសិក្សាភាសាខ្មែរ សីលធម៌ និងទំនៀមទម្លាប់ ដែលត្រូវបំប៉ន និងបំពេញឱ្យខ្លាំងពីកម្រិតបឋមសិក្សា ដល់ថ្នាក់ទី១២ តែម្តង។
លោកបានលើកឡើងកាលពីខែកុម្ភៈ ឆ្នាំ ២០២៣ ក្នុងពិធីប្រកាសសមាសភាពក្រុមប្រឹក្សាភិបាលអាណត្តិថ្មី និងប្រគល់បណ្ណសរសើរគ្រូឆ្នើមប្រចាំឆ្នាំ ២០២២ ដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំនៃសហព័ន្ធសេវាអប់រំនៅកម្ពុជា។
លោក ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ខ្ញុំសូមឱ្យក្រសួងពិចារណា ពីព្រោះឥឡូវសាលាអន្តរជាតិខ្លះ កូនខ្មែរអត់ចេះខ្មែរទេ តែស្រុកខ្មែរ ភាសាខ្មែរគឺជាភាសាផ្លូវការ។ ដូចនេះ ខ្ញុំសុំឱ្យបង [លោក ហង់ជួន ណារ៉ុន] មិនដឹងអាចលូកបានយ៉ាងណាទៅក្នុងសាលាឯកជនបរទេស តែសុំឱ្យគាត់ដាក់តែម្តង។ អ៊ីចឹង! គួរតែជាកាតព្វកិច្ចរបស់សាលា ទោះបីជាសាលាបរទេស សាលាអាមេរិក សាលាអង់គ្លេសក៏ដោយ ត្រូវដាក់កម្មវិធីសិក្សាភាសាខ្មែរសម្រាប់កូនខ្មែរឱ្យរៀនភាសាខ្មែរ»។
ជាមួយគ្នានេះដែរ ក្រៅពីការស្នើឱ្យមានការដាក់កម្មវិធីសិក្សាភាសាខ្មែរបញ្ចូលក្នុងសាលារៀនអន្តរជាតិហើយនោះ លោក ហ៊ុន ម៉ាណែត ក៏ស្នើឱ្យមានការបញ្ចូលទាំងចំណេះទូទៅ និងវប្បធម៌ ប្រពៃណីខ្មែរ ផងដែរ៕