ភ្នំពេញៈ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងឱ្យដឹងថា នៅអំឡុងពេលកើតមានវិបត្តិផ្សេងៗក្រសួងសង្គមកិច្ច បានអនុវត្តកិច្ចអន្តរាគមន៍ជំនួយសង្គមចំនួន ៥ ដែលសរុបទឹកប្រាក់ជាង ១ ៤០០ លានដុល្លារ ដែលបានជួយដល់ពលរដ្ឋជាង ១ លាននាក់ និងជាង ៧២ ម៉ឺនគ្រួសារ។ លោករដ្ឋមន្ត្រីបានថ្លែងបែបនេះ នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្ដីការក្រសួង កាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៤។
លោក ជា សុមេធី បានបញ្ជាក់ថា កិច្ចអន្តរាគមន៍ជំនួយសង្គមចំនួន ៥ នៅក្នុងដំណាក់កាលនៃការកើតមាននូវវិបត្តិផ្សេងៗ ដែលក្រសួងបានធ្វើទាំងនោះរួមមាន៖ ទី១ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ដោយបានផ្តល់សេវាជូនអ្នកទទួលផលសរុបចំនួនជាង ៣៦ ម៉ឺននាក់ ចំណាយថវិកាអស់ ៣២ លានដុល្លារ ហើយកម្មវិធីនេះជាកម្មវិធីអចិន្រៃ្តយ៍។
ដោយឡែកកម្មវិធីទី២ លោកបានបញ្ជាក់ថា៖ «ជាកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ ដោយអនុវត្តបានចំនួន ៤២ លើក គិតត្រឹមថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៤ និងបានបើកផ្តល់ដល់គ្រួសារក្រីក្រក្នុងរង្វង់ ៧១ ម៉ឺនគ្រួសារ ដោយចំណាយថវិកាអស់ប្រមាណជាង ១ ៣០៦ លានដុល្លារ»។
ចំពោះកម្មវិធីទី៣ លោករដ្ឋមន្ត្រីបានលើកឡើងថា ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេល បិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ ១៩ និងមានការលំបាកផ្នែកជីវភាព, និងគ្រួសារ ប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ឆ្នាំ ២០២១ ដែលបានអនុវត្តពីថ្ងៃទី ១០ ខែកក្កដា និងបានបិទបញ្ចប់ក្នុងខែតុលា ឆ្នាំ ២០២១ ដោយបានបើកផ្ដល់ដល់អ្នកទទួលផលចំនួន ១២៩ ៦៦៦ គ្រួសារ និងចំណាយថវិកាចំនួន ៦,៦៨ លានដុល្លារ។
លោកបានបន្តថា៖ «សម្រាប់កម្មវិធីទី៤ គឺកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសាររងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ដែលបានអនុវត្តនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២២ ហើយបិទបញ្ចប់នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៣ ដែលបើកផ្ដល់ដល់អ្នកទទួលផលសរុបចំនួន ៩៩ ១៦៩ គ្រួសារ ដោយចំណាយថវិកាសរុប ១១,៧០ លានដុល្លារ»។
រីឯទី៥ ជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណាដែលបានចាប់ផ្ដើមអនុវត្តនៅខែធ្នូ ឆ្នាំ ២០២២ និងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៣ មានអ្នកទទួលផលសរុបចំនួន ៤៩៥ ៣០៧ គ្រួសារ ដោយចំណាយថវិកាអស់ចំនួន ៤៤ លានដុល្លារ»។ នេះបើតាមលោក ជា សុមេធី បញ្ជាក់បន្ថែម។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព បានប្រាប់ឱ្យដឹងដែរថា វាគឺរឿងគួរឱ្យសាទរ ដែលពលរដ្ឋរងហានិភ័យពីវិបត្តិទាំងនោះ ត្រូវបានលើកកម្ពស់ និងយកចិត្តទុកដាក់ ដោយរាជរដ្ឋាភិបាល តាមរយៈការផ្ដល់ជំនួយសង្គ្រោះទាន់ពេលវេលា។
ទោះជាយ៉ាងណា លោកបានអំពាវនាវដល់មន្ត្រីដែលអនុវត្តនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ត្រូវធ្វើឡើងដោយស្មើភាព មិនពុករលួយ បក្ខពួកនិយម ឬកេងបន្លំ និងជួយដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលពិតប្រាកដ ដើម្បីកុំឱ្យមានការរិះគន់ ហើយរាជរដ្ឋាភិបាលក៏ត្រូវបន្តតាមដានចំពោះមន្ត្រីដែលអនុវត្តនោះផងដែរ។
លោកបានបញ្ជាក់ថា៖ «រឿងដែលសំខាន់គឺមន្ត្រីដែលឧបត្ថម្ភសាច់ប្រាក់ដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីឱ្យរាជរដ្ឋាភិបាលទទួលបានការអបអរសាទរពីប្រជាពលរដ្ឋ នោះត្រូវតែធ្វើដោយស្មើភាព និងគ្មានអំពើពុករលួយ។ធ្វើយ៉ាងណាឱ្យប្រាក់ជំនួយឧបត្ថម្ភទាំងនោះ បានដល់ប្រជាពលរដ្ឋទីទ័លក្រពិតប្រាកដខ្វះខាតពិតប្រាកដ»។
យោងតាមរបាយការណ៍របស់លោក ទៀវ សុគន្ធ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានបង្ហាញថា ក្នុងឆ្នាំ ២០២៣ ក្រសួងសម្រេចបានលទ្ធផល និងផ្តល់សេវាមួយចំនួនដូចជា សេវាគាំពារមនុស្សចាស់ និងអតីតយុទ្ធជន, សេវាកិច្ចការពារកុមារ កន្លែងថែទាំកុមារមានចំនួន ២៧០, សេវាកិច្ចការគ្រួសារ,សេវាគាំពារជនរងគ្រោះ,សេវាស្តារនីតិសម្បទាអនីតិជន,សេវាស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន បច្ចុប្បន្ន មជ្ឈមណ្ឌលរដ្ឋ មណ្ឌលឯកជននិងអង្គការចំនួន ១៥ កន្លែង។
លោកបន្តថាសេវាសុខុមាលភាពជនពិការ, ការកៀរគរ និងការប្រើប្រាស់មូលនិធិសង្គមកិច្ចសេវាស្តារលទ្ធភាពពលកម្មជូនជនមានពិការភាព និងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ក្នុងឆ្នាំ ២០២៣ រដ្ឋាភិបាលបានផ្ដល់ប្រាក់ឧបត្ថម្ភជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំថ្មីជាង ៥ ម៉ឺននាក់ផងដែរ៕