ភ្នំពេញៈ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានលើកឡើងថា ការប្រឡងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា បានបញ្ចប់ដោយជោគជ័យ ដោយលទ្ធផលបេក្ខជនបានជាប់ជាស្ថាពរមានចំនួន ១០០ នាក់។
លោក ហ៊ុន ម៉ានី បានថ្លែងតាមរយៈបទសម្ភាសន៍ស្តីពីការប្រកាសលទ្ធផលការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា កាលពីថ្ងៃទី ៥ ខែកុម្ភៈថា ក្រោយពីការប្រឡងប្រជែងប្រកបដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ក្រសួងមុខងារសាធារណៈនិងក្រសួងអប់រំ យុវជន និងកីឡាជ្រើសរើសបានគ្រូបង្រៀនឯកទេសអប់រំកាយនិងកីឡាចំនួន ១០០ នាក់ ចេញពីបេក្ខជនប្រឡងប្រជែងចំនួន ១ ៨៩២ នាក់ (ស្រី្ត ៥៧៩ នាក់) ។
លោកបានបញ្ជាក់ថា៖ «បេក្ខជនដែលជាប់ជាស្ថាពរទាំង ១០០ នាក់ ក្នុងគោលដៅខេត្តចំនួន ២១ មានដូចជា កម្រិតបណ្តុះបណ្តាល ១២+២ ចំនួន ៧៥ នាក់ (ស្ត្រី ៧ នាក់) បែងបចែកតាមបណ្តាខេត្តចំនួន ២០ ក្នុងនោះ មានវិទ្យាល័យចំនួន ២១ និងអនុវិទ្យាល័យចំនួន ៥៤»។ រីឯកម្រិតបណ្តុះបណ្តាល ១២+៤ ចំនួន ២៥ នាក់ (ស្ត្រីម្នាក់) និងបែងចែកតាមបណ្តាខេត្តចំនួន ១៣ ក្នុងនោះមានវិទ្យាល័យចំនួន ១៥ និងអនុវិទ្យាល័យចំនួន ១០។
លោក ហ៊ុន ម៉ានី ក៏បានបញ្ជាក់ដែរថា គ្រូឯកទេសអប់រំកាយដែលទើបប្រឡងជាប់ទាំង ១០០ នាក់នេះ នឹងទទួលវគ្គបណ្តុះបណ្តាលជំនាញបន្ថែមពីក្រសួងអប់រំរយៈពេល ២ ឆ្នាំ និង ៤ ឆ្នាំ មុននឹងចេញទៅតំបន់គោលដៅបង្រៀនរបស់ខ្លួន។
ជុំវិញរឿងនេះ លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជាបានលើកឡើងថា គ្រូឯកទេសអប់រំកាយ កីឡាដែលទើបប្រឡងជាប់ គឺសុទ្ធតែធនធានដែលមានគុណភាព និងបង្ហាញពីការចាប់ផ្តើមដ៏ល្អសម្រាប់ជំរុញដល់ការអភិវឌ្ឍធនធានមនុស្សកម្ពុជា។
លោកបានប្រាប់ថា៖ «ដើម្បីជំរុញឱ្យធនធានមនុស្សដែលជ្រើសរើសបានក្លាយជាគ្រាប់ពូជល្អបាន គឺយើងត្រូវតែពិនិត្យមើលទៅលើគុណភាពនៃវគ្គបណ្តុះបណ្តាលថា តើមានប្រសិទ្ធភាពដែរទេ និងក្រោយការបណ្តុះបណ្តាលចប់តើពួកគាត់អនុវត្តដូចម្តេចដែរ ហើយនៅពេលដែលពួកគាត់ចូលបំពេញការងារ តើបានអនុវត្តតាមអ្វីដែលបានបណ្តុះបណ្តាលដែរអត់? ទាំងនេះ គឺជាអ្វីដែលក្រសួងមុខងារសាធារណៈចាំបាច់ត្រូវពិនិត្យបន្ថែម»។
ទាក់ទិនលទ្ធផលប្រឡងនេះដែរ តាមរយៈហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី ៦ ខែកុម្ភៈ លោកបានចាត់ទុកគ្រូឯកទេសអប់រំកាយនិងកីឡាទាំង ១០០ នាក់ ដែលទើបតែប្រឡងជាប់នេះថា នឹងក្លាយជាកាតាលីករដ៏មានសក្តានុពល និងចូលរួមជាមួយរាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងការពង្រឹងវិស័យអប់រំ ក៏ដូចជាកសាងនូវមូលធនមនុស្សផងដែរ។
លោកបានបញ្ជាក់ថា៖ «គ្រូទាំង ១០០ រូបនេះ ត្រូវបំពេញតាមសេចក្តីណែនាំរបស់ក្រសួងមុខងារសាធារណៈ ដើម្បីអាចក្លាយជាកាតាលីករដ៏មានសក្តានុពល និងចូលរួមជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងការពង្រឹងវិស័យអប់រំ ក៏ដូចជាកសាងនូវមូលធនមនុស្សក្លាយជាប្រជាជនសកល
ពោរពេញដោយសក្តានុពលនិងសមត្ថភាព និងជាផ្នែកមួយដ៏សំខាន់ដើម្បីសម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងក្លាយជាប្រទេសអ្នកមានឆ្នាំ ២០៥០»។
សូមរំឭកផងដែរថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយនិងកីឡាជំនាន់ទី៣១ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងអប់រំ យុវជន និងកីឡា បានប្រព្រឹត្តឡើងកាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៤៕