ភ្នំពេញៈ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​បា​នឱ្យ​ដឹង​ថា ​ក្រសួង​នឹង​សហ​ការ​ជាមួយ​ស្ថា​ប័ន​ពាក់​ព័ន្ធ​ ដើម្បី​បង្កើត​ទារក​ដ្ឋាន ​និង​មត្តេយ្យ​សិក្សា​សហ​គមន៍​នៅ​គ្រប់​តំបន់​សេដ្ឋ​កិច្ច​ពិសេស ​និង​ជិត​បណ្តា​រោង​ចក្រ​នៅ​ទូទាំង​ប្រទេសដើម្បី​ផ្តល់​ភា​ពងាយស្រួ​ល​សម្រាប់​កម្ម​កា​រិនី​ដែល​មាន​កូន​តូច​បំពេញ​ការងារ​។​

​លោក​ កត្តា អ៊​ន អ្នក​នាំពា​ក្យ​ក្រសួង​កា​រងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចពិ​ភាក្សា​មួយ​កាល​ពី​ថ្ងៃទី​៥ ​ខែកុម្ភៈ​ថា ​សម្រាប់​ឆ្នាំ​២០២៤-​២០២៥​ ក្រសួង​ការងារ​ នឹង​សហ​ការ​ជា​មួយ​ក្រសួង​កិច្ច​ការ​នារី ក្រសួង​អប់រំ ​យុវ​ជន និង​កីឡា ​ភាគី​និ​យោ​ជក​ និង​កម្មក​រនិយោ​ជិត ដើ​ម្បី​ពិភាក្សា​គ្នា​ជំរុញ​ឱ្យមាន​ការ​បង្កើត​ទា​រក​ដ្ឋាន និង​មត្តេយ្យ​សហ​គមន៍​នៅ​តាម​តំបន់​រោង​ចក្រ​។​

​លោក​បាន​បញ្ជាក់​ថា​៖«​យើង​ចង់​ឱ្យ​ភាគី​ទាំង​ពាក់​ព័ន្ធ​ទាំង​អស់​រួមគ្នា​បង្កើត​ទារក​ដ្ឋាននិង​មត្តេយ្យសហ​គមន៍​នៅ​ក្បែរ​តំបន់​រោងច​ក្រ ក្បែរ​តំបន់​សេដ្ឋ​កិច្ច​ពិសេសដើម្បី​ងាយ​ស្រួល ​ហើយ​អាច​ឱ្យ​កម្មករ ​ក​ម្ម​ការិនី​ដែល​មាន​កូន​ក្នុង​បន្ទុក​បាន​ផ្ញើ​កូន ​ថែ​ទាំ​ក្នុង​ទារក​ដ្ឋាន ​ដែល​អាច​ឱ្យ​ពួក​គាត់​មាន​អា​រម្មណ៍​ល្អ​ក្នុង​ការ​បំពេញ​ការ​ងារ ​ដោយ​សារ​មាន​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​ដូច​ជា ​ចំណី​អាហារ​ មាន​ការ​អប់រំ​ជា​ដើម​»​។​

​មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ងារ​ដដែល​បាន​បន្ថែម​ថា ​ក្រសួង​ចង់​ឱ្យមាន​ទារក​ដ្ឋាន​ដើម្បី​មើល​កូនៗ​កម្មករ​ក​ម្មការិនី ​ហើយ​មត្តេយ្យ​សិក្សា​សហ​គមន៍​វិញ​សម្រាប់​កូនៗ​ពួក​គាត់​ចូ​លរៀន ដែ​លជា​ហេតុ​ទាម​ទារ​ឱ្យមាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ ​ជាពិសេស​ភាគី​និយោ​ជក​ក្នុង​ការ​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​នេះ​។​

​ជុំវិញ​រឿង​នេះ​ប្រធាន​សម្ព័ន្ធ​សហ​ជីព​ជាតិ​ លោក ​ហ្វា សាលី បាន​គាំទ្រ​ចំពោះ​រាជ​រដ្ឋាភិ​បាល​ដែល​ផ្តួច​ផ្តើម​ឱ្យ​មាន​ការ​បង្កើត​អគារ​ទារក​ដ្ឋាន ​និង​មត្តេយ្យ​សិក្សា​សហ​គមន៍​នៅ​តំបន់​រោង​ចក្រ និង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​នៅ​ទូទាំង​ប្រទេស​នេះ ​ខណៈ​នៅ​ក្នុង​ច្បាប់​ស្តីពី​ការងារ​ក៏បាន​ចែង​ស្រាប់​ជុំវិញ​ការ​បង្កើត​ឱ្យមាន​កន្លែង​ថែទាំ​សម្រាប់​កូនៗ​កម្ម​ករ​រោង​ចក្រ​នេះ​ដែរ​។​

​លោក​បាន​ថ្លែង​​ថា​៖«​កន្លង​មក​ ទោះជា​ច្បាប់​បាន​ចែង​ឱ្យ​បង្កើត​ទារកដ្ឋា​ន​នៅ​កន្លែង​ការងារ តែ​មិន​ទាន់​បាន​អនុវត្ត​ពេញ​លេញ​នៅ​ឡើយ​ទេ ​ព្រោះ​នៅតែ​ឃើញ​ម្តាយ​ជាច្រើន​នៅតែ​មាន​ការ​លំបាក​ក្នុង​ការយក​កូន​មក​ដាក់​នៅ​ទារក​ដ្ឋាន ​ហើយក៏​ឃើញ​ម្តាយ​ជា​ច្រើន​តែង​តែ​យក​កូន​របស់​ពួកគា​ត់​ទៅឱ្យ​ក្រុម​គ្រួសារ​នៅ​ស្រុក​កំណើត​មើល​ថែ​ជំនួស​ ហេតុ​នេះ​ការ​បង្កើត​ឱ្យ​មាន​ទារក​ដ្ឋាន​គឺ​ជា​រឿង​សំខាន់​»​។​

​លោក​បាន​បន្ថែម​ដែរ​ថា ​ប្រទេស​ជាតិ​មួយ ​ចាំ​បាច់​ត្រូវ​មាន​ទារក​ដ្ឋាន​ក្នុង​វិស័យ​ឧស្សា​ហ​កម្ម​កាត់​ដេរសម្លៀក​បំពាក់ ​កាបូប ​និង​គ្រឿង​អេ​ឡិច​ត្រូ​និក​សម្រាប់​កម្មករ​កម្ម​ការិនី ​ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ​លោក​ក៏​ជំរុញ​ឱ្យ​មាន​ការ​គិត​គូ​រលើ​ការ​បង្កើន​ប្រាក់​ឈ្នួល​ស្នូល​ឱ្យបាន​ខ្ពស់ ​ការ​ផ្តល់​អាហារ​សម​រម្យ ​ការ​ផ្តល់​មធ្យោ​បាយ​ធ្វើ​ដំណើរ​ងាយ​ស្រួល ដែល​ជួយ​ឱ្យ​ពួក​គាត់​មាន​លទ្ធ​ភាព​ផ្គត់​ផ្គង់​កូនៗ​និង​ក្រុម​គ្រួសារ​កាន់​តែ​ប្រសើរ​។​

​បើ​តាម​ក្រសួង​ការ​ងារ​ រហូត​មក​ទល់​ពេល​នេះ ​នៅ​កម្ពុជា​មាន​អគារ​ទារ​កដ្ឋាន​ចំនួន​១៣ នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​មាន​នៅ​ខេត្ត​កំពង់​ស្ពឺ​ចំនួន ​១០ កន្លែង ​និង​ខេត្ត​កំពង់​ចាម​មាន​ចំនួន​៣​កន្លែង​។

​កាល​ពី​ពេល​ថ្មីៗ​នេះ​ លោកនាយក​រដ្ឋម​ន្ត្រីហ៊ុន ម៉ា​ណែត​ ក៏បាន​ផ្តល់​អនុ​សាសន៍​ឱ្យ​ក្រសួង​ការងារ​ខិតខំ​​ជំរុញ​ការ​ងារ​បង្កើត​កន្លែង​ទារ​កដ្ឋាន​​នេះ​ឱ្យ​បាន​រួច​រាល់​នៅ​ឆ្នាំ​២០២៤​ និង​២០២៥ ខាង​មុខ​។​

​លោក​ធ្លាប់​បាន​លើក​ឡើង​ថា ការ​រៀបចំ​ឱ្យមាន​ទារកដ្ឋា​ន​នៅ​កន្លែង​ការ​ងារ​នេះ​នឹង​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​មាតា​និង​ទារក​ស្ត្រី​មាន​កូន​តូចៗ​នឹង​មាន​ជម្រើស​ច្រើន​ក្នុង​ការ​បំបៅ​ដោះ​កូន​ ជា​ពិសេស​ចំណេញ​ថវិកានិង​បង្កើន​ផលិត​ភាព​ការ​ងារ​ថែម​ទៀត​៕