លោក ចាយ បូ​រិ​ន រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា បានផ្ដល់​អនុសាសន៍​ដោយ​ឱ្យ​បន្ត​រឹតបន្តឹង​វិន័យ​ការប្រឡង​សញ្ញាបត្រ​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ ឬ​ឌី​ប្លូ​ម​សាលា​បាលី ឆ្នាំ​ ២០២៤ ដែលមាន​រយៈពេល​ ៣​ ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី ​៦ ដល់​ ៨ ខែកុម្ភៈ ដោយមាន​បេក្ខសមណ​សិស្ស និង​បេក្ខជន ជាង ១ ៣០០​ នាក់ រួមទាំង​ព្រះសង្ឃ ដែល​ការប្រឡង​បានរៀបចំ​ឡើង​នៅ​រាជធានី​ភ្នំពេញ បាត់ដំបង និង​ខេត្តកំពង់ចាម​។​

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ នៅក្នុង​ពេលដែល​លោក​បាន​អញ្ជើញ​ចូលរួម​សំណេះសំណាល​ជាមួយ​បេក្ខសមណ​សិស្ស​និង​កាត់​វិញ្ញាសា​ប្រឡង​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​ទូទាំងប្រទេស នៅ​ថ្ងៃទី​ ៦ ខែកុម្ភៈ ឆ្នាំ​ ២០២៤ នេះ នៅឯ​មណ្ឌល​ប្រឡង​វិទ្យាល័យ​ព្រះ​សុរា​ម្រឹត ក្នុង​រាជធានី​ភ្នំពេញ​។​

​លោក ចាយ បូ​រិ​ន ថ្លែងថា​៖ «​ដើម្បី​រក្សា​ឱ្យបាន​នូវ​សុចរិត​ភាព និង​កិត្តិនាម​ដ៏​ផូរផង់ នៃ​ការប្រឡង​នានា​ក្នុង​ក្របខ័ណ្ឌ​ពុទ្ធិកសិក្សា ក៏ដូចជា​ដើម្បី​សម្រិតសម្រាំង​បាន​នូវ​ធនធាន​ព្រះសង្ឃ ដែល​អាច​នឹង​ក្លាយទៅជា​ប្រជាពលរដ្ឋ​ដ៏​មានគុណ​ភាព និង​សមត្ថភាព សូម​គណៈកម្មការ មេ​ប្រយោគ អនុរក្ស និង​មន្ត្រី​ប្រឡង​គ្រប់ផ្នែក គ្រប់​ឋានានុក្រម​ទាំងអស់ មេត្តា​កុំ​បន្ធូរបន្ថយ​នូវ​វិន័យ​នៃ​ការប្រឡង​ឡើយ​»​។​

លោក​បាន​បន្ថែមថា ចំណែក​បេក្ខសមណ​សិស្ស និង​បេក្ខជន ក៏​យ៉ាង​ដូច្នោះ​ដែរ ដោយ​លោក​បាន​ស្នើឱ្យ​រក្សា​សណ្ដាប់ធ្នាប់ គោរព​ឱ្យបាន​ម៉ឺងម៉ាត់ នូវ​វិន័យ​នៃ​ការប្រឡង និង​កុំ​ធុញទ្រាន់​ចំពោះ​ការអនុវត្ត​បទ​ប្បញ្ញត្តិ នៃ​ការប្រឡង ដែល​បានចេញ​នោះឡើយ​។​

​ព្រះ​សង្ឃា​លង្ការ​មុនី យ៉​ន កុស​ល្យ ប្រធាន​ផ្នែក​ពុទ្ធិកបឋមសិក្សា បាន​មាន​ថេរ​ដីកា​ថា ចំពោះ​វិន័យ ឬ​បទ​ប្បញ្ញត្តិ នៃ​ការប្រឡង​លើក​នេះ ក៏​មិន​ខុសពី​ការប្រឡង​មុនៗ និង​ការប្រឡង​នានា​ក្នុង​ក្របខ័ណ្ឌ​ពុទ្ធិកសិក្សា​ឡើយ គឺមាន​ភាពម៉ឺងម៉ាត់​ដូច​ការប្រឡង​របស់​សិ​ស្ស​នៅ​សាលា​ចំណេះ​ទូទៅ​ដែរ​។​

ព្រះអង្គបាន​មាន​ថេរ​ដីកា​ដូច្នេះ​ថា​៖ «​ការអនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នោះ​រួមមាន​ដូចជា សំណៅ​ឯកសារ​គ្រប់​ប្រភេទ ឧបករណ៍​អេឡិចត្រូនិក និង​ទូរស័ព្ទដៃ​ជាដើម ត្រូវបាន​ហាមឃាត់​ដាច់ខាត ខណៈ​ការ​លួច​មើល លួច​ចម្លង ជាដើម ប្រសិនបើ​ត្រូវបាន​រកឃើញថា​បាន​បំពាន នឹងត្រូវ​អនុវត្តតាម​បទ​ប្បញ្ញត្តិ នៃ​ការប្រឡង ហើយក៏​ពុំដែល​ធ្លាប់មាន​ការយោគយល់​ដែរ »​។

​ព្រះអង្គ ក្នុងនាម​ជា​ប្រធាន​ផ្នែក​ពុទ្ធិកបឋមសិក្សា បាន​អះអាង​ទៀតថា កន្លងមក គេ​កម្រ​បាន​ឃើញថា​មានការ​បំពាន​ណាស់ ចំណែក​មន្ត្រី​ប្រឡង​ក៏មាន​បទ​ប្បញ្ញត្តិ​តឹងរ៉ឹង​ដូចជា​ការប្រឡង នៃ​សិស្ស​នៅ​សាលា​ចំណេះ​ទូទៅ​ដែរ​។​

សូមជម្រាបថា ប្រឡង​សញ្ញាបត្រ​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ ឬ​ឌី​ប្លូ​ម​សាលា​បាលី ឆ្នាំ​ ២០២៤ ​នេះ នឹង​ប្រព្រឹត្តទៅ​រយៈពេល ៣ ​ថ្ងៃ គឺ​ពី​ថ្ងៃទី ​៦-៧ និង​ទី​ ៨ ខែកុម្ភៈ ដោយមាន​បេក្ខសមណ​សិស្ស និង​បេក្ខជន​សរុប ១ ៣០៦​ នាក់ រួមទាំង​ព្រះសង្ឃ​ចែកជា ៣ មណ្ឌល ស្មើនឹង ៥៣ បន្ទប់​។​

ដោយឡែក ការប្រឡង​សញ្ញាបត្រ​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប​បាលី​វិញ នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី ​២១-២២-២៣ ខែកុម្ភៈ ឆ្នាំ​ ២០២៤​។​ចំពោះ​វិញ្ញាសា​នៃ​ការប្រឡង​មាន​ចំនួន ១៣ វិញ្ញាសា គឺ​ភាសាបាលី ភាសា​ខ្មែរ គីមីវិទ្យា ព្រះ​វិន័យ និង​អភិធម្ម ភាសាសំស្ក្រឹត រូបវិទ្យា ផែនដីវិទ្យា ភូមិវិទ្យា គណិតវិទ្យា ជីវវិទ្យា ភាសា​អង់គ្លេស ប្រវត្តិវិទ្យា និង​សីលធម៌​-​ពលរដ្ឋវិទ្យា​៕