ភ្នំពេញៈ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរតាមបណ្តាខេត្តមួយចំនួន បានណែនាំឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ករណីគ្រោះអគ្គិភ័យ ដោយហាមការដុតផាវ កាំជ្រួចគ្រប់ប្រភេទ និងហាមការនាំចូលផាវក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ។
ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានណែនាំដល់អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងសាធារណជនទាំងអស់ក្នុងរាជធានីភ្នំពេញឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពីគ្រោះអគ្គិភ័យ ដោយបានហាមដាច់ខាតមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះឡើយ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។
ប្រភពដដែលបន្តថា៖«នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរអង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។ ដោយឡែកការដុតក្រដាសសែនត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីដុត ហាមដាច់ខាតមិនឱ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈឡើយ»។
ចាប់ពីពេលនេះតទៅ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវចាត់វិធានការឱ្យម៉ឺងម៉ាត់បំផុត កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ នឹងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ»។
ស្នងការដ្ឋានបញ្ជាក់ថា ៖ «ក្នុងករណីចំពោះជនណាបំពានលើសេចក្តីណែនាំនេះ ឬប្រព្រឹត្តល្មើសបង្កឱ្យមានចលាចលក្នុងសង្គម សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងអនុវត្តទៅតាមផ្លូវច្បាប់ ដោយជនល្មើសត្រូវទទួលទោសតាមច្បាប់ជាធរមាន»។
ដោយឡែក លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏បានចេញសេចក្ដីណែនាំផងដែរថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាវិស័យឯកជន អង្គការក្រៅរាជរដ្ឋាភិបាល និងសាធារណជន ត្រូវជំរុញចលនាអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។
លោកលើកឡើងថា៖ «អាជ្ញាធរដែនដី ត្រូវរំឭកដាស់តឿនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះ អគ្គិភ័យ ជាពិសេសទៀនធូប នៅពេលសែនព្រេន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ព្រមទាំងហាមឃាត់ដាច់ខាតមិនឱ្យមានការដុតផាវ កាំជ្រួច និងគ្រឿងផ្ទុះផ្សេងទៀតឡើយ»។
បន្ថែមពីនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ត្រូវពង្រឹងបន្ថែមលើការងារប្រចាំការ និងការងារផ្ដល់ព័ត៌មានឱ្យបានឆាប់រហ័ស ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ឬហេតុការណ៍កើតមានជាយថាហេតុ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ នេះបើតាមលោកលោក វ៉ី សំណាង។
ជាមួយគ្នានេះ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង ក៏បានប្រាប់ឱ្យដឹងដែរថា ជារៀងរាល់ឆ្នាំអាជ្ញាធរខេត្តតែងតែណែនាំទៅកាន់សមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត ឱ្យមានការប្រុងប្រយ័ត្នចំពោះបញ្ហាអគ្គិភ័យ ក៏ដូចជាហាមឃាត់មិនឱ្យមានការដុតផាវ អុជកាំជ្រួចផ្សេងៗដែលជាហេតុបង្កឱ្យមានគ្រោះថ្នាក់។
លោកបានឱ្យដឹងទៀតថា ក្រៅពីនេះ អាជ្ញាធរខេត្តក៏ណែនាំឱ្យប្រជាពលរដ្ឋ ត្រូវរក្សាឱ្យបាននូវសណ្ដាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាពសង្គម ជាពិសេសអាជ្ញាធរ ត្រូវបង្កើនការពង្រឹងសន្តិសុខសង្គម តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។
លោកសឿម ប៊ុនរិទ្ធិ ថ្លែងថា ៖ «ឆ្នាំនេះ យើងណែនាំឱ្យពលរដ្ឋអនុវត្តដូចឆ្នាំមុនៗដែរ ព្រោះធម្មតាចូលឆ្នាំចិន មិនមែនជាប្រពៃណីរបស់ខ្មែរយើងទេ ប៉ុន្តែមានពលរដ្ឋយើងមួយចំនួនគាត់កាត់ចិន អ៊ីចឹងពួកគាត់ក៏មានការរៀបចំតាមប្រពៃណីហ្នឹងខ្លះទៅ ខណៈដែលរដ្ឋយើងក៏មិនបានបង្អាក់ឱ្យពលរដ្ឋគោរពប្រពៃណីនេះដែរ»។
ចំណែកលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ក៏បានប្រាប់ឱ្យដឹងដែរថា នៅឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ គឺថ្នាក់ដឹកនាំខេត្ត បានណែនាំឱ្យកងកម្លាំងគ្រប់លំដាប់ថ្នាក់ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធនៅតាមមូលដ្ឋាន ត្រូវថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឱ្យបានល្អប្រសើរ។
លោកបញ្ជាក់ថា៖ «ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមខាងមុខនេះ យើងសូមឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរដូចឆ្នាំមុនដែរ ជាពិសេសឆ្នាំនេះយើងសូមក្រើនរំឭកបន្ថែមឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នលើការបើកបរ និងគោរពនូវច្បាប់ចរាចរណ៍»។
ថ្នាក់ដឹកនាំខេត្តកោះកុង ក៏បានណែនាំដល់អាជ្ញាធរនៅតាមមូលដ្ឋាន ត្រូវបន្តណែនាំឱ្យប្រជាពលរដ្ឋមានប្រុងប្រយ័ត្នចំពោះភ្លើងទៀនធូប ភ្លើងចង្ក្រាន និងបណ្ដាញចរន្តអគ្គិសនី ជាពិសេសគឺហាមដុតផាវ និងកាំជ្រួចគ្រប់ប្រភេទ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមខាងមុខ៕