កំពង់ចាមៈ អាជ្ញាធរខេត្តកំពង់ចាម កំពុងដំណើរការសាងសង់ទីលានចាក់សំរាមថ្មីមួយ តាមស្តង់ដាទំនើប ដែលមានសមត្ថភាពអាចស្ដុកទុកសំរាមពីក្រុង-ស្រុកចំនួន ៤ ខណៈដែលគម្រោងនេះនឹងបញ្ចប់ដំណើរការសាងសង់នៅចុងខែឧសភា ឆ្នាំ ២០២៥ ខាងមុខ។
លោក ស្រី សុភ័ក្រ អភិបាលរងខេត្តកំពង់ចាម បានប្រាប់ឱ្យដឹងនៅថ្ងៃទី ៦ ខែកុម្ភៈថា គម្រោងសាងសង់ទីលានចាក់សំរាមថ្មីនេះ កំពុងដំណើរការសាងសង់លើផ្ទៃដីទំហំ ៨,១៣ ហិកតា ក្នុងនោះទីលានទុកដាក់សំរាមទំហំ ១,៣ ហិកតា និងអាងចម្រោះទឹកកខ្វក់ចំនួន ៤ អាង។
នៅក្នុងគម្រោងនេះ ក៏មានការសាងសង់ផ្លូវចូលទីលានចាក់សំរាម សាងសង់ផ្លូវបេតុងនៅក្នុងទីលាន សាងសង់ច្រកចូល និងរបងមានអគារការិយាល័យ និងអគារស្នាក់នៅកម្ពស់ ២ ជាន់ កន្លែងថ្លឹងរថយន្ត អគារសម្រាប់ញែកសំរាម អគាររោងជាង អគារស្តុកទុកកាកសំណល់ដែលគ្រោះថ្នាក់បណ្ដោះអាសន្ន អគារផ្គត់ផ្គង់ថាមពលអគ្គិសនី និងទឹក កន្លែងលាងសម្អាតរថយន្ត អគារសម្រាប់ធ្វើជីកំប៉ុស រណ្ដៅទុកដាក់សំរាមសំណល់គ្រោះថ្នាក់ និងដាក់ប្រព័ន្ធសូឡាថាមពលអគ្គិសនីព្រះអាទិត្យផងដែរ។
លោកស្រី សុភ័ក្រ បានបញ្ជាក់ថា៖ «សម្រាប់បច្ចុប្បន្ននេះ វាជាគម្រោងធំជាងគេនៅក្នុងខេត្តកំពង់ចាមយើង ដែលមានការសាងសង់ទីលានចាក់សំរាមថ្មីមួយប្រកបដោយស្តង់ដាទំនើប អាចប្រមូល និងដឹកសំរាមពីក្រុងកំពង់ចាម និងស្រុកនៅជិតៗ មានស្រុកកំពង់សៀម ស្រុកកងមាស និងរហូតដល់ស្រុកព្រៃឈរ មកស្ដុកទុកក្នុងទីលាននេះ បានផងដែរ»។
បើតាមលោក ស្រី សុភ័ក្រ ខណៈដែលគម្រោងទីលានចាក់សំរាមថ្មី កំពុងសាងសង់ រាល់សំរាម និងកាកសំណល់នៅក្នុងក្រុង ក៏ដូចជានៅតាមស្រុកនានា សព្វថ្ងៃនេះ មានកន្លែងស្ដុកទុកសំរាម ប៉ុន្តែកន្លែងទាំងនោះមិនមានស្ដង់ដានោះទេ។
លោកប្រាប់ថា៖ «ដូច្នេះហើយរាល់សំរាមដែលចេញពីក្រុង និងស្រុកទាំងនោះ វាអាចបង្កជាផលប៉ះពាល់ដល់បរិស្ថាន ដោយសារតែកន្លែងចាក់សំរាមនៅក្នុងក្រុងស្រុកនីមួយៗហ្នឹង វាមិនមានស្តង់ដាទំនើបដូចជាទីលានចាក់សំរាមដែលកំពុងធ្វើការសាងសង់នេះទេ»។
គម្រោងសាងសង់ទីលានចាក់សំរាមថ្មីនេះ បានទទួលការសាងសង់ដោយក្រុមហ៊ុន ប៊ីអេម.ខនស្ត្រាក់ហ្សិន និងធេឡិចទ្រិច ខូអិលធីឌី ដែលត្រូវប្រើរយៈពេលសាងសង់១៧ខែ ខណៈដែលគម្រោងនេះត្រូវបានថ្នាក់ដឹកនាំខេត្ត ឱ្យក្រុមហ៊ុនខាងលើចាប់ផ្តើមដំណើរការសាងសង់នៅដើមខែមករា ឆ្នាំ២០២៤នេះ និងគ្រោងបញ្ចប់ការសាងសង់នៅចុងខែឧសភា ឆ្នាំ២០២៥ ខាងមុខ។ នេះបើតាមលោក ស្រី សុភ័ក្រ។
សូមជម្រាបដែរថា គម្រោងសាងសង់ទីលានចាក់សំរាម និងសាងសង់ស្ថានីយប្រព័ន្ធចម្រោះទឹកកខ្វក់ មានទីតាំងស្ថិតនៅចំណុចភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ គម្រោងនេះ មានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងទំហំទឹកប្រាក់ប្រមាណ ២២លានដុល្លារ។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៣ កម្ពុជាមានទីលានទុកដាក់សំរាមចំនួន ៧កន្លែង កំពុងដំណើរការ ដែលមានបរិមាណស្តុកទុកដាក់សំរាមសរុប ២ ៥២៨ ០០០ម៉ែត្រគុប ក្នុងនោះមាននៅក្រុងកំពង់ឆ្នាំង ក្រុងពោធិ៍សាត់ ក្រុងបាត់ដំបង ក្រុងស្ទឹងសែន ក្រុងព្រះសីហនុ ក្រុងកំពត និងក្រុងកែប។
លោកបានបន្តថា ជាមួយគ្នានេះ តាមរយៈគម្រោងប្រើប្រាស់ហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ (DPs) បាននិងកំពុង ដំណើរការសាងសង់ទីលានទុកដាក់សំរាមចំនួន ៤ កន្លែង ទៀត ដែលមានបរិមាណស្តុកទុកដាក់សំរាមសរុប ៩៣២ ០០០ម៉ែត្រគុប ក្នុងនោះមាននៅក្រុងសិរីសោភ័ណ ក្រុងកំពង់ចាម ក្រុងក្រចេះ និងក្រុងស្ទឹងត្រែង។
ដោយឡែកគម្រោងទីលានទុកដាក់សំរាមគ្រោងសាងសង់នៅក្រុងបាវិត និងក្រុងប៉ោយប៉ែត ដែលមានបរិមាណអាចស្តុកទុកដាក់សំរាមបាន ១ ១៤៩ ០០០ ម៉ែត្រគុប និងនៅខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ក្រសួងបានបញ្ចប់ការសិក្សាលម្អិតហើយ។ នេះបើតាមលោក ផន រឹម។
លោកបានប្រាប់ថា៖ «ការសាងសង់នូវទីលានទុកដាក់សំរាម និងកាកសំណល់នានា គឺចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺការកាត់បន្ថយបញ្ហាប្រឈមទៅលើកត្តាសុខភាព និងការបំពុលបំផ្លាញបរិស្ថានផងដែរ និងធ្វើឱ្យមានសោភណភាព និងមានសារៈសំខាន់សម្រាប់សុខដុមនីយកម្ម ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ»។
ដោយឡែកទាក់ទងនឹងស្ថានីយប្រព័ន្ធចម្រោះទឹកកខ្វក់ លោក ផន រឹម ក៏បានប្រាប់ឱ្យដឹងដែរថា គិតត្រឹមឆ្នាំ២០២៣នេះកម្ពុជា មានស្ថានីយប្រព័ន្ធចម្រោះទឹកកខ្វក់ចំនួន ៦កន្លែង កំពុងដំណើរការ ដែលអាចមានសមត្ថភាពសម្អាត និងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់បាន ៥១ ៩៦០ម៉ែត្រគុបក្នុង១ថ្ងៃ ក្នុងនោះមាន៖ ក្រុងព្រះសីហនុ ក្រុងសៀមរាប ភ្នំពេញ ក្រុងពោធិ៍សាត់ ក្រុងស្ទឹងសែន និងក្រុងកំពត។
ទន្ទឹមនេះដែរ លោកថា មានក្រុង-ស្រុកចំនួន៦ទៀត ដែលកំពុងតែដំណើរការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងនោះមាន៖ ក្រុងសិរីសោភ័ណ ក្រុងបាត់ដំបង ក្រុងកំពង់ឆ្នាំង ក្រុងកំពង់ចាម ក្រុងក្រចេះ និងក្រុងស្ទឹងត្រែង៕