​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ប្រាប់​ឱ្យដឹងថា កសិករ​ខ្នាតតូច​ភាគច្រើន ​តែង​រង​ហានិ ភ័យ​ខ្លាំងជាងគេ​ពី​ការប្រែប្រួល​អាកាសធាតុ បញ្ហា​ការចំណាយ​ខ្ពស់ ខ្វះ​ដើមទុន ខ្វះ​កម្លាំង​ពលកម្ម ខ្វះ​បច្ចេកទេស​ដាំ​ដុះ ជាហេតុ​ក្រសួង​ជំរុញឱ្យមាន​ការ​ចងក្រង​កសិកម្ម​ទំនើប ដើម្បី​ការពារ​កសិករ​ពី​ហានិភ័យ​ទាំងនេះ​។​

លោក ឃឹម ហ្វី​ណង់ អ្នកនាំពាក្យ​ក្រសួងកសិកម្ម បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ​ថា ក្រសួង​បាន​ពិនិត្យ​មើលឃើញ​ពី​ការលំបាក​របស់​កសិក​រ​មួយចំនួន ជាពិសេស​អ្នក​បន្តធ្វើ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ បាននិងកំពុង​ជួប​បញ្ហា​ច្រើន ជាពិសេស​ការរង​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ ខណៈដែល​ប្រទេស​កសិកម្ម​ផ្សេងទៀត​នៅលើ​ពិភពលោក ក៏​កំពុង​ជួប​នូវ​បញ្ហា​នេះ​ដូចគ្នា​។​

លោក​បាន​បន្ថែមថា នៅ​អំឡុងពេល​ដឹកនាំ​ក្រុមការងារ ចុះ​ជួប​កសិករ ពិនិត្យ​សក្តានុពល ក្នុងការ​រៀបចំ​សហគមន៍​កសិកម្ម នៅក្នុង​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប កាលពី​ថ្ងៃទី​១ ខែកុម្ភៈ​កន្លងទៅនេះ លោក​បាន​សង្កេតឃើញថា មាន​ប្រជាកសិករ​ប្រមាណ​ជាង ៧០​គ្រួសារ បាន​ចាប់អារម្មណ៍​ស្នើ​សុំឱ្យ​ក្រសួងកសិកម្ម ជួយ​រៀបចំ​សហគមន៍​ផលិតកម្ម​ស្រូវ ដើម្បី​បាន​ជួយ​ដល់​ប្រជាកសិករ ដោយ​អាច​ដោះស្រាយ​នូវ​បញ្ហា​ការចំណាយ​ខ្ពស់ ខ្វះ​ដើមទុន ខ្វះ​កម្លាំង​ពលកម្ម ខ្វះ​បច្ចេកទេស​ដាំ​ដុះ ដែល​តែងតែ​បណ្តាលឱ្យមាន​ការខាតបង់ មិន​ទទួលបាន​ផលចំណេញ នៅពេល​ធ្វើ​ផលិតកម្ម​ស្រូវ​។​

លោក ឃឹម ហ្វី​ណង់ បាន​បញ្ជាក់ថា​៖«​ដោយសារ​បញ្ហា​ទាំងអស់នោះ​ហើយ បានជា​យើង​តែងតែ​ជំរុញឱ្យមាន​ការ​ចងក្រង​គ្នា ឱ្យទៅជា​សហគមន៍​កសិក​ម្ម​ទំនើប ដើម្បី​ការពារ​កសិករ​ពី​ហានិភ័យ​ទាំងអស់នេះ​។ ជាពិសេស​យើង​ផ្តល់នូវ​ការគាំទ្រ​លើ​ផ្នែក​បច្ចេកទេស ទុន ទីផ្សារ ការជំរុញ​ធ្វើយ៉ាងណា​ឱ្យ​ពួកគាត់​កាត់បន្ថយ​ថ្លៃដើម​ផលិត​និង​ការពារ​ខ្លួន​គាត់​ម្នាក់ៗ​ពី​ហានិភ័យ នៃ​ការប្រែប្រួល​អាកាសធាតុ​»​។​

លោក​បន្តថា​៖«​ការជំរុញ​នេះ យើង​នឹង​ធ្វើឡើង​តាមរយៈ​ការរៀបចំ​ឱ្យមាន​ការធ្វើ​កសិកម្ម​រួម ការគ្រប់គ្រង​រួម ដោយ​គាត់​យក​ការប្រើប្រាស់​ដី​របស់គាត់ ដែល​មិន​ប៉ះពាល់​ដល់​កម្មសិទ្ធិ ដើម្បី​ដាក់​ធ្វើជា​ដើមទុន ធ្វើយ៉ាងណា​ឱ្យ​គាត់​បង្កើត​ទៅជា​សហគម​ន៍​មួយ​ដ៏​រឹងមាំ ដែលមាន​ចរិត​ជា​សហគមន៍ ជោគវាសនា​តែមួយ ហើយ​នៅពេល​បាន​លទ្ធផល គាត់​នឹង​បែង ចែក​ភាគលាភ​ក្នុងចំណោម​សមាជិក​របស់គាត់​ទៅវិញ ក្រោម​ទម្រង់​នៃ​សមធម៌ និង​យោងទៅតាម​ទំហំ​នៃ​ដី​ផលិតកម្ម​ដែល​គាត់​មាន​»​។​

អ្នកនាំពាក្យ​ដដែល​បាន​បន្ថែមថា រាជរដ្ឋាភិបាល នីតិកាល​ទី​៧ បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​វិស័យ​កសិកម្ម ដោយ​បន្ត​ពង្រឹង​សហគមន៍​កសិកម្ម និង​ធ្វើ​ទំនើបកម្ម​ឱ្យ​កាន់តែ​ប្រសើរឡើង ដើម្បី​ធានា​ឱ្យបាន​នូវ​ការបែងចែក​ផ្លែផ្កា​សេដ្ឋកិច្ច​ដោយ​សមធម៌ តាម​យន្តការ​សំខាន់​ចំនួន​៣ នៃ​សហគមន៍​កសិកម្ម​ទំនើប គឺ​កាត់បន្ថយ​ថ្លៃដើម​ផលិត​, បង្កើន​ស្តង់ដា​គុណភាព​ដំណាំ និង​ធានា​ស្ថិរភាព​ទីផ្សារ​ដល់​ប្រជាកសិករ។​

«​តាមរយៈ​យន្តការ​នេះ ថា​នឹង​អាចជួយ​ដល់​ប្រជាកសិករ​របស់​សហគម​ន៍ រួមផ្សំ​នឹង​បច្ចេកទេស​កសិកម្ម ក៏ដូចជា​ការប្រឹក្សា​លើ​យុទ្ធសាស្ត្រ​ទីផ្សារ ដោយ​ប្តូរ​ពី​ផលិតកម្ម​មុន​ទីផ្សារ ហើយ​ប្តូរ​មកជា​ការផ្សារភ្ជាប់​ទីផ្សារ​មុន​ធ្វើ​ផលិតកម្ម ដោយ​ចងក្រង​ដៃគូ​ហិរញ្ញវត្ថុ បច្ចេកទេស ទីផ្សារ និង​ការគាំទ្រ​សម្របសម្រួល​ទូទៅ ជាមួយនឹង​សហគមន៍​»​។ នេះ​បើតាម លោក ឃឹម ហ្វី​ណង់​បញ្ជាក់បន្ថែម​។​

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​៦ ខែកុម្ភៈ​ថា វិស័យ​ឯកជន​មានការ​គាំទ្រ យ៉ាងខ្លាំង ក្នុងការ​រៀបចំ​ឱ្យមាន​សហគមន៍​កសិក​ម្ម​ទំនើប​នេះ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​របស់​កសិករ និង​ជំរុញ​ការនាំចេញ​ទាំង​ទីផ្សារ​ក្នុងស្រុក និង​ក្រៅប្រទេស​បាន​។​

លោក​បាន​បន្ថែមថា បើសិនជា​គ្មាន​ការ​ចងក្រង​គ្នា​ជា​សហគមន៍​នោះទេ វា​នឹង​ធ្វើឱ្យ​មានការ​ចាល់​ផលិតផល​កសិកម្ម នៅលើ​ទីផ្សារ លក់បាន​ក្នុង​តម្លៃថោក ខណៈដែល​ការធ្វើ​កសិកម្ម មិន​ស្របតាម​ការវិវត្ត​នៃ​កសិកម្ម​ទំនើប វា​អាច​នឹង​នាំឱ្យ​ថ្លៃដើម​ខ្ពស់​ថែម​ទៀតផង​។​

លោក លឹម ហេង បាន​បញ្ជាក់ថា ៖ «​បើ​យើង​ធ្វើ​កសិកម្ម​បែប​ទំនើប ហើយ​មានការ​ចងក្រង​គ្នា​ជា​សហគមន៍​ទៀត វា​នឹង​ធ្វើឱ្យ​ការចំណាយ​ថ្លៃដើម​ទាប ទោះ​លក់​ក្នុងតម្លៃ​សមរម្យ នៅតែ​ចំណេញ​។ ដូច្នេះ​ខ្ញុំ​គិតថា ការបង្កើតឱ្យមាន​នេះ​ជា​រឿង​ល្អ ដូចជា​ការដាក់​មន្ត្រី​កសិកម្ម​នៅតាម​ឃុំ​ដែរ ដែលជា​ចំណុច​គួបផ្សំ​នឹង​ការរៀបចំ​ឱ្យមាន ការ​ចងក្រង​ជា​សហគមន៍​កសិកម្ម​ទំនើប​នេះ នឹង​ជំរុញ​ឱ្យ​កសិករ​យល់ដឹង​កាន់តែច្រើន​ពី​អត្ថប្រយោជន៍ចងក្រងគ្នា​ជា​សហគមន៍​បែបនេះ​»​។​

សូមជម្រាបថា រាជរដ្ឋាភិបាល នីតិកាល​ទី​៧ បានដាក់​ចេញ​នូវ​កម្មវិធី​គោលនយោបាយ​អាទិភាព​ចំនួន​៦ កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២៣ ដោយ​កម្មវិធី​គោលនយោបាយ​អាទិភាព​ទី​៦ គឺ​រៀបចំ​អភិវឌ្ឍ​សហគមន៍​កសិកម្ម​ទំនើប និង​បានប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៣​។

គោលនយោបាយ​អាទិភាព​នេះ​មាន​គោលដៅ​ក្នុងការ​ប្រែក្លាយ​កសិកម្ម​កម្ពុជា​ពី​លក្ខណៈ​គ្រួសារ​ឱ្យទៅជា​សហគ្រាស​សេដ្ឋកិច្ច​កសិកម្ម​ដ៏​រឹងមាំ មាន​សមាហរណកម្ម​ខ្ពស់ មាន​សេដ្ឋកិច្ច​មាត្រដ្ឋាន និង​មាន​សមត្ថភាព​ប្រកួតប្រជែង​ទាំង​បរិមាណ និង​គុណភាព​៕