​ភ្នំពេញៈ លោក​ ឈាង រ៉ា រដ្ឋ​​មន្ត្រី​ក្រសួងសុខាភិបាល​បានស្នើ​ឱ្យ​គណៈកម្មការ​ទាំងឡាយ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ត្រូវ​ត្រៀមលក្ខណៈ​គ្រប់ពេលវេលា ក្នុងការ​ចុះជួយ​ប្រជាពលរដ្ឋ​អំឡុង​រដូវក្តៅ​ដែល​រាំងស្ងួត ការពុល​អាហារ និង​ជំងឺ​រាករូស ដែល​បណ្តាលមកពី​កង្វះ​ទឹក​ស្អាត​ប្រើប្រាស់ ដែល​អាច​នឹង​កើតមានឡើង​ជាយថាហេតុ​។​

​លោក​រដ្ឋមន្ត្រី​បានស្នើ​បែបនេះ​ក្នុង​កិច្ចប្រជុំ​កម្រិត​ថ្នាក់​ដឹក​​នាំ លើក​ទី១ នៃ​ខែកុម្ភៈ ឆ្នាំ​ ២០២៤​ ដើម្បី​ពិនិត្យ​វឌ្ឍនភាព​ការ​ងារ និង​លើក​ទិសដៅ​ការងារ​បន្ត កាលពី​ថ្ងៃទី​ ៥ ខែកុម្ភៈ ដោយមាន​ការចូលរួម​ផ្ទាល់​ពី​មន្ត្រី​ក្រសួង និង​ថ្នាក់ដឹកនាំ​នៅតាម​រាជធានី​-​ខេត្ត​តាមរយៈ​ប្រព័ន្ធ​វីដេអូ​អន​ឡាញ​ផងដែរ​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី​ ៦  ខែកុម្ភៈ​។​

​នាឱកាស​នោះដែរ លោក ឈាង រ៉ា ក៏បាន​លើកឡើង​ពី​ការប្រើប្រាស់​ឱសថ​ដោយ​លោក​ណែ​នាំឱ្យ​ពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ​ចៀសវាង​ការ​ទុក​ឱសថ​ហួស​សុពលភាព​ប្រើប្រាស់ ដោយ​កន្លងមក​នៅតាម​មន្ទីរ​ពេទ្យ​បង្អែក និង​មណ្ឌល​សុខ​ភាព​មួយចំនួន អាច​គ្រប់គ្រង​ឱសថ​ដែល​មិនឱ្យ​ផុតកំណត់​សុពលភាព​។​

​ក្រសួង​បាន​បញ្ជាក់ថា​៖ «​ឯក​ឧ​ត្ត​ម​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានស្នើ​ឱ្យ​គណៈកម្មការ​ទាំង​ឡាយ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ត្រូវ​ត្រៀមលក្ខណៈ​គ្រប់ពេល​វេលា ក្នុងការ​ចុះជួយ​ប្រជាពលរដ្ឋ​អំឡុងពេល​មាន​គ្រោះរាំងស្ងួត ការពុល​អាហារ និង​ជំងឺ​រាករូស​ដែល​មកពី​កង្វះ​ទឹក​ស្អាត​ប្រើប្រាស់ ដែល​អាច​នឹង​កើតមានឡើង​ជាយថាហេតុ ដោយ​ត្រូវ​ត្រៀម​រៀបចំ​ឱ្យបាន​ទាន់ពេលវេលា ជាពិសេស​ឱសថ​នៅតាម​មណ្ឌល​សុខ​ភាព និង​មន្ទីរពេទ្យបង្អែក​ឱ្យបាន​គ្រប់គ្រាន់​»​។​

​លោក ស្រី ស៊ីន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ បាន​ប្រាប់​នៅ​ថ្ងៃទី​ ៦ ខែកុម្ភៈ​ថា ក្នុងនាម​មន្ទីរ​សុខាភិបាល​លោក​នឹង​អនុវត្ត​ទៅតាម​ការណែនាំ​របស់​ថ្នាក់ដឹកនាំ​ក្រសួង​ដោយ​ឱ្យ​ក្រុមការងារ​នៅតាម​បណ្តា​ស្រុក ប៉ុស្តិ៍​សុខភាព និង​មណ្ឌល​​សុខ​ភាពចុះ​ណែនាំ និង​ផ្សព្វ​​ផ្សាយ​ព្រមទាំង​អប់រំ​ដល់​ប្រជា​ពលរដ្ឋ​នៅតាម​មូលដ្ឋាន​ពី​សុខ​ភាព​ទៅតាម​រដូវ​កាល​នីមួយៗ គឺ​ក្នុង​រដូវវស្សា​តែងតែ​ផ្សព្វផ្សាយ​អប់រំ​ដើម្បី​បង្ការ​ជំងឺគ្រុនឈាម និង​រដូវប្រាំង​នេះ អាច​នឹងមាន​ការខ្វះ​ទឹក​ប្រើប្រាស់ ដែល​ទាម​ទារ​ឱ្យមាន​អនាម័យ​ល្អ​។

​លោក​បាន​ថ្លែងថា​៖ «​និយាយ​ទៅ​នៅក្នុង​រដូវក្តៅ​នេះ អាច​នឹងមាន​ជំងឺ​ផ្សេងៗ​ទៀត​។ ដូច្នេះ យើង​តែងតែ​ផ្តល់​សារ​អប់រំ ទៅតាម​រដូវ​កាល តាម​ប្រភេទ​ជំងឺ​នីមួយៗ​ដែល​អាច​កើតឡើង​។ ក្នុង​រដូវប្រាំង មានការ​ធ្លាក់​ខ្យល់​នេះ ជាទូទៅ គឺ​ជំងឺ​រលាក​​ផ្លូវដង្ហើម​អាច​នឹង​ងាយ​កើតឡើង​ច្រើន ហើយក៏​មាន​ជំងឺ​រាករូស​មួយចំនួនផង​ដែរ ដោយសារ​ការ​បរិភោគ​ទឹក​មិនល្អ​»​។​

​ជាមួយគ្នានេះដែរ​យោងតាម​សេចក្តីជូនដំណឹង​ស្តីពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា​សម្រាប់​ថ្ងៃទី​ ៦ ខែកុម្ភៈ ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានឱ្យដឹងថា ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​ខ្សោយ គ្របដណ្តប់​លើ​តំបន់​មាត់សមុទ្រ ខណៈដែល​តំបន់​វាលទំនាប និង​តំបន់​ខ្ពង់​រាប​ទទួលរង​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​ខ្សោយ រួម​ជាមួយនឹង​ខ្យល់មូសុង​ឦសាន​ខ្សោយ​ដែល​ធ្វើឱ្យ​កម្ពុជា​អាច​នឹង​កើន​កម្តៅ​ឡើង​។

​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​បាន​បន្តថា ស្ថានភាព​បែបនេះ​នឹងធ្វើ​ឱ្យ​កម្ពុជា ចាប់ពី​ថ្ងៃទី ​៦ ដល់​ថ្ងៃទី ​៨ ខែកុម្ភៈ​ នៅ​តំបន់​វាលទំនាប​នឹងមាន​សីតុណ្ហភាព​អប្បបរមា​ពី​ ២៤-២៧​ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​ពី ​៣៤-៣៦ ​អង្សា​សេ រីឯ​តំបន់​ខ្ពង់រាប​វិញ​នឹងមាន​សីតុណ្ហភាព​អប្ប​បរមា​ពី​ ២២-២៦ ​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​ពី​ ៣៣-៣៦​ អង្សា​សេ​។​

​ចំណែក​នៅ​តំបន់​មាត់សមុទ្រ​នឹងមាន​សីតុណ្ហភាព​អប្បបរមា​ពី​ ២៣-២៥ ​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​ពី​ ៣២-៣៥ ​អង្សា​សេ ដែល​អាចធ្វើ​ឱ្យមាន​ភ្លៀង​ធ្លាក់​លាយឡំ​នឹង​ផ្គរ​រន្ទះ​គ្របដណ្តប់​លើ​ផ្ទៃដី​ពី ​២០-៣០%  ​និង​រលក​សមុទ្រ​ដែល​អាចមាន​កម្ពស់​ពី ​០,៥០-១,០០ ​ម៉ែត្រ​៕​