​ភ្នំពេញៈ គណបក្ស​ប្រជាជន​កម្ពុជា តាមរយៈ​មេធាវី ៣ ​រូប បានដាក់​ពាក្យ​បណ្តឹង​ទៅ​អយ្យការ អម​សាលាដំបូង រាជធានី​ភ្នំពេញ ប្តឹង​លោក​ ស៊ឹង សែន​​ករុណា អនុប្រធាន​សមាគម​កា​រពារ​សិទ្ធិមនុស្ស​អាដហុក​ពីបទ ​«​ប្រមាថ​គណ​​បក្ស​ប្រជាជន​»​ ដោយ​ផ្អែក​តាម​ខ្លឹមសារ​សម្រង់​សម្តី​ផ្សាយ​ក្នុង​អត្ថបទ​សារព័ត៌មាន​ក្រោម​ហេតុផល ​«​បង្កាច់​បង្ខូច និង​ប៉ះពាល់​ដល់​កិត្តិយស​គណបក្ស​»​ ដោយ​ទាមទារ​សំណង ២​ ពាន់​លាន​រៀល​ ឬ​ប្រមាណ​ ៥០​ ម៉ឺន​ដុល្លារ​។​

​ការសម្រេច​ដាក់ពាក្យ​បណ្តឹង​នេះ ធ្វើឡើង​តប​តាម​ការស្នើ​ពី​លោក​ ហ៊ុន សែន ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃទី ​៤ ខែកុម្ភៈ ដែល​លោក​ស្នើឱ្យ​ក្រុមអ្នកច្បាប់​របស់​គណបក្ស សិក្សា​លើ​ទិដ្ឋភាព​ច្បាប់​ដើម្បី​ប្តឹង​លោក ស៊ឹង សែន​ករុណា ចំពោះ​ «​សម្តី​ប្រមាថ​» ​មកលើ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បានផ្តល់​បទសម្ភាសន៍​ជូន​វិទ្យុ​បារាំង​អន្តរ​ជាតិ ​(RFI)​ ហើយ​ត្រូវបាន​ស្រង់​សម្ដី​យកទៅ​ប្រើប្រាស់​បន្ត​ដោយសារ​ព័ត៌មាន​អន​ឡាញ The Cambodia Daily Khmer នៅ​ថ្ងៃទី ​២ ខែកុម្ភៈ ឆ្នាំ ​២០២៤ ក្រោម​ចំណងជើង​ថា «​លោក សុន ឆ័យ គ្រោង​លក់​ផ្ទះ​ចុងក្រោយ​របស់លោក​ជាង ១​ លាន​ដុល្លារ​ដើម្បី​សងជំងឺចិត្ត​គណបក្សកាន់អំណាច​»​។​

​សូមបញ្ជាក់ថា នៅក្នុង​អត្ថបទ​ Cambodia Daily បាន​ដក​ស្រង់​សម្តី​លោក​ ស៊ឹង សែន​ករុណា ដែល​សំដៅ​ដោយ​មិន​និយាយ​ចំឈ្មោះ​គណបក្ស​ណាមួយ​ថា ​«​លោក​ស្នើឱ្យ​អ្នក​ន​យោ​បាយ​ដោះស្រាយ​វិវាទ​របស់ខ្លួន​តាមផ្លូវ​ន​យោ​បាយ ជាជាង​ប្រើ​ប្រព័ន្ធតុលាការ​មក​ដោះស្រាយ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា គួរ​យោគយល់​ចំពោះ​លោក​សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​»​។​

​បន្ថែម​ពីនេះ The Cambodia Daily បាន​បន្ថែម​ទស្សនៈ​លើ​អនុប្រធាន Adhoc ដោយ​លើក​សេចក្តី​ថា​៖ «​គណ​​បក្ស​កាន់អំណាច តែងតែ​យក​តុលាការ មក​ធ្វើជា​របាំង​ក្នុងការ​គាបសង្កត់​ដៃគូ​នយោបាយ​ប្រ​ឆាំង​របស់ខ្លួន​។ លោក​ថា គណ​​បក្សនយោបាយ​ទាំងអស់ គួរតែ​ប្រើ​វិធី​ចាស់ទុំ ដើម្បី​ធ្វើការ​ប្រកួត​​ប្រជែង​គ្នា គួរ​បញ្ឈប់​វប្បធម៌​គំរាមកំហែង​ដៃគូ​នយោបាយ​របស់ខ្លួន​ដើម្បី​ទុកជា​គំរូ​សម្រាប់​អ្នកនយោបាយ​ជំនាន់​ក្រោយ​»​។​

​ត្រង់ចំណុច​នេះ លោក​ ហ៊ុន​ សែន ចាត់ទុកជា​ការវាយប្រហា​រ​និង​ប្រមាថមើលងាយ មកលើ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ដែល​មិនអាច​លើកលែង​ឱ្យបាន ដែល​ត្រូវ​ទាមទារ​រក​យុត្តិធម៌​តាម​ប្រព័ន្ធតុលាការ​។

លោក​ ហ៊ុន​ ​សែន បាន​សង្កត់ធ្ងន់ថា​៖ «​គ្មាន​ការយោគយល់​ណា​សម្រាប់​ផ្តល់ឱ្យ​ពួក​អ្នក​ទៀត​ទេ ព្រោះ​នៅពេល​អ្នក​វាយប្រហារ​ម​កលើ​គណបក្ស​ប្រជាជន ឬ​មកលើ​ខ្ញុំ​តើ​ពួក​អ្នក​មានបាន​យោគយល់​ដល់​យើង​ដែរឬទេ​?»​។​

​នៅក្នុង​ពាក្យបណ្តឹង​នៅ​ថ្ងៃទី​ ៥ ​ខែកុម្ភៈ ឆ្នាំ​ ២០២៤ ​ដែល​ចុះ​ហត្ថ​លេខា​ដោយ​មេធាវី​តំណាង​គណ​បក្ស​ប្រជាជន​កម្ពុជា​ចំនួន ៣​ រូប​ដែលមាន​លោក​សាំំ​ង វណ្ណៈ​, លោក ថូ សុធា​ផល និង​លោក ម៉ម ចាន់​ណែ​ត បាន​ប្តឹង​លោក​ ស៊ឹង សែន​ករុណា ដោយបាន​បញ្ជាក់ថា​៖ «​បុគ្គល​ ស៊ឹង សែន​ករុណា មាន​ចេតនា​បំភ្លៃ​ផ្ទុយ​ពី​ការពិត​ចំពោះ​ការ​លើកឡើងថា គណបក្ស​ប្រជាជន​កម្ពុជា​...​ប្រើ​ប្រព័ន្ធតុលាការ​មក​ដោះស្រាយ​...​និង​តែងតែ​យក​តុលាការ​មក​ធ្វើជា​របាំង ក្នុងការ​គាបសង្កត់​ដៃ​គូ​នយោបាយ​ប្រឆាំង​របស់ខ្លួន ព្រមទាំង​ប្រើប្រាស់ វប្បធម៌​គំរាម​​កំហែង​ដៃគូ​នយោបាយ​របស់ខ្លួន​»​។ 

​មេធាវី​ទាំង ​៣ ​រូប ចាត់ទុក​ការលើកឡើង​របស់លោក​ ស៊ឹង សែន​ករុណា «​ជាការ​បំផ្លើស ជា​ចេតនា​ទម្លាក់កំហុស​ដោយ​អ​សុទ្ធ​ចិត្ត និង​មួលបង្កាច់​នាំឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​គណបក្ស​​ប្រជាជន​កម្ពុជា ជា​អំពើ​បង្ក​ចលា​ច​ល ញុះញង់​បង្កើតឱ្យមាន​ការ​ស្អប់ និង​រើសអើង​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​ប៉ះ​​ពាល់​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិ​កាល​ទី៥» ដែល​នឹង​ប្រព្រឹត្ត​ទៅក្នុង​ខែកុម្ភៈ ឆ្នាំ​ ២០២៤ នេះ​។​

​បន្ថែម​ពីនេះ មេធាវី​គណបក្ស​​ប្រជាជន​សំណូមពរ​ឱ្យ​អយ្យការ​ពិនិត្យ​សម្រេច​ចោទប្រកាន់ និង​ផ្តន្ទាទោស លើ​លោក​ ស៊ឹង សែន​ករុណា​ តាម​នីតិវិធី​ជា​ធរមាន និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ជូន​គណ​​បក្ស​ចំនួន ២​ ពាន់​លាន​រៀល​។​

​ទាក់ទង​នឹង​ករណីនេះ លោក ​ស៊ឹង សែន​ករុណា បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​របស់លោក កាលពី​ថ្ងៃទី ​៥ ខែកុម្ភៈ​ថា ការ​បញ្ចេញមតិ​របស់លោក​ក្នុង​គោល​បំណង​ពង្រឹង​ការគោរព​សិទ្ធិមនុស្ស ច្បាប់ យុត្តិធម៌​សង្គម និង​ប្រជា​​ធិបតេយ្យ​ដោយ​មិន​បម្រើ​ផល​​ប្រយោជន៍​ដល់​គណបក្ស​ន​យោ​​បាយ​ណាមួយ​ឡើយ ហើយ​លោក​ក៏​គ្មាន​ចេតនា​វាយប្រហារ​គណ​បក្ស​ណាមួយ​ដែរ​។​

​លោក​បាន​បន្ថែមថា​៖ «​រាល់​ការ​សម្រង់​សម្តី​របស់ខ្ញុំ ទៅ​បន្ថែមបន្ថយ​បញ្ចេញ​បញ្ចូល វាយប្រហារ​ចំៗ លើ​ឈ្មោះ​បក្សនយោបាយ​ណាមួយ​នោះ វា​មិនមែនជា​ចេតនា និង​គោលបំណង​របស់ខ្ញុំ​នោះទេ ដូច្នេះ​ខ្ញុំ​មិន​ទទួលស្គាល់​ឡើយ​»​។​

​យ៉ាងណាក្តី នៅ​ថ្ងៃទី​ ៦ ខែកុម្ភៈ គណបក្ស​ប្រជាជន​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​គាំទ្រ​ពាក្យបណ្តឹង របស់​ក្រុម​មេធាវី​តំណាង ដែល​ប្តឹង​លោក​ស៊ឹង​ ​សែន​ករុណា ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ ហើយ​បាន​សំណូមពរ​ឱ្យ​រក​យុត្តិធម៌​ជូន​គណបក្ស​ប្រជាជន​។​

​សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់ថា​៖ «​ការនិយាយ​មួលបង្កាច់​បំផ្លើសការពិត លាប​ពណ៌ ធ្វើឱ្យប៉ះពាល់​មុខមាត់​កិត្តិ​យស សេចក្តីថ្លៃថ្នូរ​រប​ស់បុ​គ្គល អ្នកនយោបាយ គណបក្ស​ន​យោ​បាយ មិនមែនជា​សិទ្ធិ​បញ្ចេញមតិ​អនុញ្ញាត​ដោយ​ច្បាប់​នោះឡើយ​»​។

គណបក្ស​ប្រជាជន​បន្តថា​៖ «​គេ​មិនអាច​យក​បញ្ហា​ន​យោ​​បាយ មក​លាយឡំ​ជាមួយ​បញ្ហា​ផ្លូវច្បាប់​បានទេ ហើយក៏​មិនអាច​ជ្រក​ក្រោម​ផ្លាក​សិទ្ធិមនុស្ស ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​បិទបាំង​ទង្វើ​ខុសច្បាប់​របស់ខ្លួន​ដែរ​»៕