ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានដឹកនាំប្រតិភូក្រសួងព័ត៌មាន ដើម្បីពិភាក្សាការងារ ជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន ដែលដឹកនាំដោយលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា កាលពីថ្ងៃទី ៥ ខែកុម្ភៈនេះ។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានឱ្យដឹងថា គោលបំណងនៃជំនួបដ៏មានសារៈសំខាន់នេះគឺធ្វើឡើង ដើម្បីស្វែងយល់ និងពិគ្រោះយោបល់លើការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ពាក់ព័ន្ធនឹងវិស័យព័ត៌មាន។ កិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់នេះ គឺដើម្បីសិក្សាស្វែងយល់ពីវិស័យការងារ ដែលជាសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការទី៥ នៃរដ្ឋសភា រួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ នេះបើយោងតាមរដ្ឋសភា។
លោក ទេព អស្នារិទ្ធ បានបន្តថា នៅក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំ ពីស្ថានភាពទូទៅនៃដំណើរប្រព្រឹត្តទៅក្នុងវិស័យព័ត៌មាន ព្រមទាំងការអនុវត្តការងាររបស់ក្រសួងព័ត៌មានក្នុងរយៈពេលជិត ៥ ខែ ដើមអាណត្តិ និងការកំណត់ទិសដៅការងារសម្រាប់ពេលខាងមុខ ក្នុងក្របខ័ណ្ឌផែនការសកម្មភាពវិស័យព័ត៌មាន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា។
អង្គប្រជុំបានស្តាប់លទ្ធផលការងារជាក់ស្តែងដែលសម្រេចបាននាពេលកន្លងទៅថ្មីៗនេះក្នុងការដឹកនាំ និងគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍ ជាពិសេសការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ ការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈសារព័ត៌មាន សន្តិសុខព័ត៌មាន និងការប្រឆាំងព័ត៌មានក្លែងក្លាយ ការកសាងមូលដ្ឋានគតិយុត្ត និងការពង្រឹងការអនុវត្តច្បាប់ ដើម្បីឱ្យស្របទៅនឹងកាលៈទេសៈ និងការវិវឌ្ឍរបស់សង្គម និងការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យព័ត៌មាន។
ក្រៅពីនោះ អង្គប្រជុំក៏បានស្តាប់ផងដែរ នូវចក្ខុវិស័យរបស់ក្រសួងព័ត៌មាន ក្រោមការដឹកនាំដ៏វៃឆ្លាត និងប្រកបដោយថាមពល របស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រាប់ការរួមចំណែកតម្រង់ឆ្ពោះទៅគោលដៅឆ្នាំ ២០៥០ ដែលរាជរដ្ឋាភិបាលបានកំណត់ប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅត្រឹមឆ្នាំ ២០៥០។ សម្រាប់វិស័យព័ត៌មាននោះ គឺការឈរលើមូលដ្ឋានដំណើរការនៃកំណែទម្រង់ និងការពង្រឹងអភិបាលកិច្ចល្អ ដោយផ្តោតលើការធានាគុណភាព និងប្រសិទ្ធភាពការងារ ការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងការរៀបចំសណ្តាប់ធ្នាប់សារព័ត៌មាន ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្តដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន»។
លោក ទេព អស្នារិទ្ធ បានបញ្ជាក់ថា៖ «ទាំងនេះបានបង្ហាញឱ្យឃើញច្បាស់ពីការបោះជំហានដ៏ស្វាហាប់ដើម្បីប្រែក្លាយក្រសួងព័ត៌មានឱ្យទៅជាស្ថាប័នកិច្ចការសាធារណៈរបស់រាជរដ្ឋាភិបាលប្រកបដោយគុណភាព ប្រសិទ្ធភាព និងបុរេសកម្ម»។
លោកថ្លែងថា ក្រោយពីបានស្តាប់របាយការណ៍របស់លោករដ្ឋមន្ត្រីរួចមក គណៈកម្មការនៃរដ្ឋសភាបានថ្លែងកោតសរសើរចំពោះក្រសួងព័ត៌មាន សម្រាប់លទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេលជិត ៥ ខែ នាដើមអាណត្តិទី៧ នេះ។ គណៈកម្មការនៃរដ្ឋសភាបានកោតសរសើរអំពីភាពសុខដុមនីយកម្មផ្ទៃក្នុងរបស់ក្រសួងព័ត៌មាន ដោយបានផ្សារភ្ជាប់រវាងអ្នកជំនាន់មុន និងជំនាន់ថ្មី សម្រាប់ជាការតម្រង់ទិសក្នុងក្របខ័ណ្ឌនៃការដឹកនាំក្នុងអាណត្តិថ្មី និងធ្វើដំណើរឆ្ពោះទៅមុខប្រកបដោយគោលដៅច្បាស់លាស់។
បន្ទាប់មក កិច្ចប្រជុំបានបន្តពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់យ៉ាងផុលផុស ក្នុងបរិយាកាសស្និទ្ធស្នាល ប្រកបដោយស្មារតីសហការ និងការទទួលខុសត្រូវ។ ភាគីទាំង ២ ក៏បានពិភាក្សាលើកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយសកម្មភាពការងារ បទប្បញ្ញត្តិ ច្បាប់ ដើម្បីពាំនាំសំឡេងរបស់ស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភាជូនដល់សាធារណជន, សារៈសំខាន់នៃការពង្រឹងទំនាក់ទំនង ក្នុងការផ្តល់ព័ត៌មានទាន់ពេលវេលាសម្រាប់ជាអត្ថប្រយោជន៍សង្គម និងភាពចាំបាច់ក្នុងការពង្រឹងការផ្សព្វផ្សាយព័ត៌មានពិត ពង្រឹងប្រសិទ្ធភាព និងគុណភាពព័ត៌មាន តាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈក្នុងចំណោមអ្នកសារព័ត៌មាន ការគ្រប់គ្រងសណ្តាប់ធ្នាប់សារព័ត៌មាន និងការធានាសន្តិសុខព័ត៌មាន ដូចជា៖ សិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មាន។
លោក អស្នារិទ្ធ ថ្លែងថា៖«សុវត្ថិភាពព័ត៌មាន វាជាភាពចាំបាច់ក្នុងការកំណត់ និងអនុវត្តយន្តការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ រាប់បញ្ចូលទាំងការរៀបចំយុទ្ធនាការព័ត៌មានដើម្បីផ្លាស់ប្តូរឥរិយាបថ ដោយបញ្ជ្រាបការយល់ដឹងសាធារណៈ អំពីគ្រោះថ្នាក់ និងផលវិបាកនៃព័ត៌មានក្លែងក្លាយ ព្រមទាំងវិធានការទប់ស្កាត់ព័ត៌មានក្លែងក្លាយទាំងនេះ រួមចំណែកដល់ការធានា និងគ្រប់គ្រងលម្ហព័ត៌មាន»៕