​ភ្នំពេញៈ អង្គការ​កាកបាទ​ក្រហម​អន្តរជាតិ ​(ICRC) តាម​រយៈ​លោកស្រី Dena Fisher ប្រធាន​បេសកកម្ម​ប្រចាំ​កម្ពុជា​ បាន​កោតសរសើរ​រដ្ឋាភិបាល​កម្ពុជា ចំពោះ​កិច្ចខិតខំ​កែលម្អ​ស្ថានភាព​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ និង​សន្យា​បន្ត​ជួយ​ជ្រោមជ្រែង​កម្ពុជា ទៅលើ​ការគ្រប់គ្រង​ពន្ធនាគារ​នេះ បន្ទាប់ពី​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​រយៈពេល ​៣០ ​ឆ្នាំ​រួចមក​។​

​ការកោតសរសើរ​រប​ស់លោក​ស្រី​ប្រធាន​បេសកកម្ម ICRC នេះ​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង​លោកស្រី និង​លោ​កស​ សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​ ៥ ខែកុម្ភៈ ឆ្នាំ ​២០២៤​។ នេះ​បើ​យោងតាម​ខ្លឹមសារ​ផ្សព្វផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ក​ក្រសួងមហាផ្ទៃ​នៅ​យប់​ថ្ងៃ​ដដែល​។​

​បើ​យោងតាម​ក្រសួងមហាផ្ទៃ លោកស្រី Dena Fisher បាន​កោតសរសើរ​រដ្ឋា​ភិ​បាល​កម្ពុជា​ ដែល​បាន​ខិតខំ​កែសម្រួល​ឱ្យ​ស្ថានភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​នៅ​កម្ពុជា តាមរយៈ​កិច្ច​គាំទ្រ​ពី ICRC ដែល​ជំនួយ និង​ការ​ជ្រោមជ្រែង​ប្រមាណ ៣០ ​ឆ្នាំនេះ គឺមាន​គោលដៅ​ធ្វើ​យ៉ាង​ណា​កែលម្អ​ជា​បន្តបន្ទាប់​នូវ​លក្ខ​ខណ្ឌ​នៃ​ការឃុំខ្លួន​ក្នុង​ពន្ធនាគារ​នៅ​កម្ពុជា​។ 

​លោកស្រី​បញ្ជាក់ថា​៖ «​បើទោះបីជា​បេសកកម្ម​របស់​អង្គការ ICRC នៅ​កម្ពុជា នឹងមាន​ការកាត់បន្ថយ​មួយចំនួន​នៅ​ឆ្នាំ ២០២៤ នេះ​ក៏ដោយ ប៉ុន្តែ​អង្គ​ការ ICRC នៅតែ​បន្ត​ប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការជួយជ្រោមជ្រែង​ដល់​វិស័យ​ពន្ធនាគារ និង​ការស្ដារ​ទំនាក់ទំនង​រវាង​ក្រុមគ្រួសារ និង​ជន​ជាប់ឃុំ​បន្តទៀត ដោយមាន​កិច្ចសហការ​ពី​កាកបាទក្រហម​កម្ពុជា​ផងដែរ​»​។  

​ជាមួយគ្នានេះ លោ​កស សុខា បានលើកឡើង​ពី​ការយកចិត្ត​ទុក​​ដាក់​របស់ ICRC ដោយបាន​ជួយ​កម្ពុជា​លើ​ផ្នែក​មនុស្សធម៌​ជា​ច្រើន​កន្លងមក ជាពិសេស​ការ​យកចិត្តទុកដាក់​លើ​កិច្ចការ​ពន្ធ​នាគារ និង​ការ​ស្តារនីតិសម្បទា​ក្នុងពេល​បច្ចុប្បន្ននេះ ដែល​លោក​ចាត់ទុកជា​កិច្ចសហប្រតិបត្តិការ​ដ៏​រឹងមាំ​ក្នុង​វិស័យ​ពន្ធនាគារ​រវាង ICRC និង​ក្រសួងមហាផ្ទៃ​កម្ពុជា ដែល​ចាប់​ផ្តើមឡើង​តាំងពី​ឆ្នាំ ​១៩៩៣ មក​។ 

​លោក​បន្ថែមថា ៖ «​រដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្រសួងមហាផ្ទៃ កំពុង​យកចិត្តទុកដាក់​លើ​ការកាត់បន្ថយ​ភាព​​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ តាម​​រយៈ​ដំណោះស្រាយ​ចំពោះមុខ និង​ចក្ខុវិស័យ​ទៅ​អនាគត ដោយ​ការកែលម្អ​លក្ខខណ្ឌ​ឃុំខ្លួន រួម​​មាន ការថែរក្សា​សុខុមាលភាព​ជន​ជាប់ឃុំ និង​ការរក្សា​ទំនាក់​ទំនង​របស់​ជន​ជាប់ឃុំ​ជាមួយ​ក្រុមគ្រួសារ​»​។​

​ភាគី​ទាំង​ ២ បាន​ឯកភាពគ្នា​បន្ត​ប្តេជ្ញាចិត្ត​ក្នុង​ភាពជា​ដៃគូ​ដ៏​រឹងមាំ​បន្តទៅទៀត សំដៅ​កែលម្អ​បន្ថែមទៀត​ចំពោះ​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការដែល​ត្រូវបាន​ធ្វើឡើង​រវាង​ស្ថាប័ន​ទាំ ង​២ ក្នុង​រយៈពេល​ ៣០ ​ឆ្នាំ​កន្លងទៅ​។​ពាក់ព័ន្ធ​នឹង​រឿងនេះ​ដែរ​លោក​នុត សវ​នា អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បាន​ស្វាគមន៍​ចំពោះ​ការ​កោត​សរសើរ​របស់​កាកបាទ​ក្រហម​អន្តរជាតិ​នេះ និង​អះអាងថា រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ បាន​ជ្រាប​ច្បាស់​ណាស់​ពី​ស្ថានភាព​ក្នុង​ពន្ធ​នា​​គារ​ជាពិសេស​លើ​ភាព​ចង្អៀត​ណែន​ដោយ​លោក​បាន​ចុះ​ត្រួត​ពិនិត្យ​បាន​មណ្ឌល​កែប្រែ និង​មន្ទីរឃុំឃាំង​មួយចំនួន​នាពេល​កន្លងមក​។ លោក​ថា ក្នុង​ផ្នែក​ពន្ធនាគារ ខាង​កាកបាទក្រហម​អន្តរជាតិ​បាន​ជួយ​កម្ពុ​ជាច្រើន​ក៏ប៉ុន្តែ​នឹងត្រូវ​បញ្ឈប់​គម្រោង​ធំៗ​មួយចំនួន ដោយសារ​គេ​បង្វិល​ជំនួយ​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន និង​តំបន់​ហ្គា​ហ្សា​វិញ​។​

​លោក នុត សវ​នា ប្រាប់ថា​៖ «​ខ្ញុំ​សូម​ស្វាគមន៍​ចំពោះ​ការជួយជ្រោមជ្រែង​របស់​កាកបាទក្រហម​អន្តរជាតិ ដែល​បាន​ចំណាយធនធាន​ដ៏​ច្រើន​ទាំង​ថវិកា បច្ចេក​ទេស សម្ភារ និង​ការបណ្តុះ​​បណ្តាល​ជនជាតិខ្មែរ​យើង​ទៅជា​អ្នកជំនាញ​តាម​ផ្នែក​នានា រួម​មាន​ក្នុង​វិស័យ​ពន្ធនាគារ​នេះ​ផង មាន​ច្រើន​ធំធេង​ណាស់ តាំងពី​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ មក​»​។​

​លោក​បញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា និង​ផ្នែក​ពាក់ព័ន្ធ​ព្យាយាម​យ៉ាងខ្លាំង​ ដើម្បី​ដោះស្រាយ​ភាព​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ តាមរយៈ​កិច្ចសហការ​ជាមួយ​ក្រសួងយុត្តិធម៌ តុលាការ ជា​ពិ​​សេស​ការបញ្ជូន​អ្នក​ជាប់ឃុំ​ទៅកាន់​មន្ទីរឃុំឃាំង​ផ្សេងៗ​ដែល​មិន​ចង្អៀត ជំរុញ​នីតិវិធី​កាត់ក្តី អភិវឌ្ឍ​អគារ​ពន្ធនាគារ​ចាស់ៗ សង់​អគារ​ពន្ធនាគារ​ថ្មី ព្រមជាមួយ​យន្តការ​បន្ធូរបន្ថយ និង​លើកលែងទោស ជាមួយ​គម្រោង​ដោះលែង​ទណ្ឌិត​ក្រោមរូបភាព​មនុស្សធម៌​ក្រោម​លក្ខខណ្ឌ​ណាមួយ​នាពេល​អនាគត​។​

ហេង ជីវ័ន

​លោក អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គ​ការ​សិទ្ធិមនុស្ស​លីកាដូ យល់ថា ការកោតសរសើរ​រប​ស់ ICRC ជា​ការយល់​ផ្ទាល់ខ្លួន នៅ​ចំពោះមុខ​នៃ​ការប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល​កម្ពុជា លើ​ការកាត់បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​នេះ​។ អ្វីដែល​សំខាន់​គឺ​យុទ្ធនា​ការជំរុញ​នីតិវិធីតុលាការ ជំរុញ​ការ​​ដោះស្រាយ​សំណុំរឿង​កកស្ទះ​ក្នុង​តុលាការ ជាពិសេស​លើ​បញ្ហា​គ្រឿងញៀន ចរាចរណ៍ និង​អត្រានុកូលដ្ឋាន ខណៈ​សំណុំ​រឿង​ជាប់ឃុំ​ជាង ​៥០% ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។

​លោក​ថា​៖«​បើ​យើង​ពិនិត្យ​ពី​ស្ថានភាព​ទូទៅ​ក្នុង​ពន្ធនាគារ​វិញ ទោះបី​មាន​កិច្ចខិតខំ​ប្រឹង​ប្រែង​ក្តី បើ​យើង​មើល​ពី​ទំហំ​ផ្ទុក​របស់​ពន្ធនាគារ វា​នៅតែ​បង្ហាញ​ពី​កង្វល់​ពី​ភាព​ចង្អៀត​ណែន​នៅ​ពន្ធនាគារ​ដដែល បើ​យើង​មើល​ពី​ស្តង់ដា​ពន្ធនាគារ​កម្ពុជា​»​។​

​លោក​បាន​លើកទឹកចិត្ត​ដល់​រដ្ឋាភិបាល​បន្ត​ដោះស្រាយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​នេះ តាមរយៈ​យុទ្ធនា​ការដែល​រដ្ឋា​​ភិ​បាល​ដាក់ចេញ​នានា អនុវត្ត​ការដាក់ទោស​ការងារ​ស​ហគ​មន៍​ជំនួស​ការ​ជាប់ពន្ធនាគា​រ ការ​​អនុញ្ញាតឱ្យ​នៅក្រៅ​ឃុំ​សម្រាប់​អ្នកទោស​ជិត​ផុត​ទោស ការ​អនុវត្ត​ការ​នៅក្រៅ​ឃុំ​បណ្តោះ​អាសន្ន  ​និង​ការពិចារណា​លើក​លែង និង​បន្ធូរបន្ថយ​ដល់​អ្នក​​ទោស​ពាក់ព័ន្ធ​បញ្ហា​សិទ្ធិមនុស្ស និង​សកម្មជន​នយោបាយ ជា​ដើម​៕