ភ្នំពេញៈ ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងជំងឺអឹមផក (Mpox) ឈ្មោះដើម អុតស្វា ១ ករណីទៀត ដែលជាករណីទី៥ ខណៈក្រសួងក្រើនរំឭកជាថ្មីឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការនូវការឆ្លងជំងឺនេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។
ប្រភពដដែលបានឱ្យដឹងថា ការរកឃើញករណីថ្មី១ទៀតនេះ គឺផ្អែកលើលទ្ធផលដែលទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានជាតិប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ ដែលបានបញ្ជាក់ថា បុរសម្នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានជំងឺនេះ។
ក្រសួងបានក្រើនរំឭកឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការការឆ្លងជំងឺនេះ ដោយស្វែងយល់ពីរបៀបឆ្លង និងត្រូវចូលរួមអនុវត្តវិធានការដែលក្រសួងណែនាំ ដូចជា ចំពោះរបៀបឆ្លង វីរុសអុតស្វាឆ្លងតាមរយៈការរួមភេទ ឆ្លងនៅកន្លែងមានដំបៅ ទឹកមាត់ ផ្លូវដង្ហើម សម្លៀកបំបាក់ ស្លាបព្រា ជាដើម។
ដោយឡែកវិធានការការពារ ក្រសួងបញ្ជាក់ថា ត្រូវចៀសវាងរួមភេទ មានដៃគូច្រើន កុំប៉ះពាល់ផ្ទាល់ជាមួយរបស់ដែលអ្នកជំងឺប្រើ និងត្រូវអនាម័យល្អ លាងសម្អាតដៃដោយសាប៊ូ ហើយអ្នកជំងឺត្រូវដាក់នៅដោយឡែករហូតទទួលលទ្ធផលអវិជ្ជមាន៕