កំពតៈ ជម្លោះរ៉ាំរ៉ៃច្រើនឆ្នាំវាងប្តី-ប្រពន្ធ (គ្មានសំបុត្រអាពាហ៍ពិពាហ៍) ក្នុងគ្រួសារមួយ ដែលស្ថិតក្នុងភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត កើតឡើងដោយសារការមិនចុះសម្រុងគ្នា មិនយល់ចិត្តគ្នា និងខ្វះការទទួលខុសត្រូវក្នុងគ្រួសារ ទីបំផុតប្តី-ប្រពន្ធទាំង ២ នាក់ នោះ បានសម្រេចទៅឱ្យអាជ្ញាធរឃុំជួយដោះស្រាយ ដើម្បីបញ្ចប់បញ្ហារបស់ពួកគាត់ដោយការលែងលះ។
លោក ស៊ុន ណូន ចៅសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពតបានឱ្យដឹងថា ជម្លោះរវាងប្តីប្រពន្ធមួយគូនេះកើតឡើងប្រមាណ ៦ ឆ្នាំមកហើយ ក្រោយពីបានចុះស្រាវជ្រាវសាកសួរគ្រប់មជ្ឈដ្ឋានជុំវិញ មានមេភូមិ ប្រជាពលរដ្ឋ និងកូនរបស់អ្នកទាំង ២ នោះ រួមទាំងមានការបញ្ជាក់អះអាងក្នុងការយល់ព្រមរវាងប្តី-ប្រពន្ធនោះផង ក្នុងនាមអាជ្ញាធរក៏សម្រេចធ្វើលិខិតព្រមព្រៀងបញ្ចប់រឿងជូន នៅត្រឹមសង្កាត់តែម្តង។
លោកបានថ្លែងថា៖ «យើងបានព័ត៌មានមកពីគ្រប់មជ្ឈដ្ឋានមកវាយតម្លៃ ឃើញថាគាត់នៅជាមួយគ្នាទៀតនឹងមានហានិភ័យ ព្រោះមើលតាមចរិតខាងប្តីបើនៅជាមួយគ្នាទៀត អាចបណ្តាលឱ្យមានហិង្សារបួសស្នាមដល់ប្រពន្ធមិនខាន»។
បើតាមលោកចៅសង្កាត់បឹងទូក ក្រៅពីការដោះស្រាយទំនាស់ក្នុងគ្រួសារប្តី-ប្រពន្ធ គ្មានសំបុត្រអាពាហ៍ពិពាហ៍លែងលះគ្នានេះ ក៏មានជម្លោះប្តី-ប្រពន្ធដែលមានសំបុត្រអាពាហ៍ពិពាហ៍សុំលែងលះគ្នាតែត្រូវបានលោកផ្សះផ្សាគ្នាវិញផងដែរ។
លោកបញ្ជាក់ថា ដើម្បីដោះស្រាយរឿងនេះ លោកបានចែករំលែកបទពិសោធន៍ជីវិត និងមេរៀនជីវិតជោគជ័យក្នុងគ្រួសារដោយលើកជាឧទាហរណ៍ជាច្រើនដើម្បីពន្យល់ក្នុងនោះភាគីវិវាទគាត់ស្តាប់បាននិងនាំគ្នាទៅផ្ទះវិញកសាងជីវិតដោយសុភមង្គលជាថ្មី។
យ៉ាងណាក៏ដោយ មានគ្រួសារខ្លះមិនស្តាប់តាមការសម្របសម្រួលហើយបានជម្នះយកឈ្នះដាច់ខាតថា ត្រូវតែបែកគ្នា ហេតុនេះសម្រាប់អ្នកមានសំបុត្រអាពាហ៍ពិពាហ៍អាជ្ញាធរសង្កាត់មិនអាចសម្រេចជូនបានទេគឺមានតែឱ្យពួកគាត់ប្តឹងទៅតុលាការប៉ុណ្ណោះ។
លោកថ្លែងថា៖ «រឿងដែលយើងសម្រួលបានមានន័យថាយើងជោគជ័យ ព្រោះកាលណាគាត់ឈប់ឈ្លោះគ្នានៅត្រឹមមូលដ្ឋានគឺកាត់បន្ថយការប្តឹងផ្ដល់នៅតុលាការហើយ ប៉ុន្តែរឿងខ្លះគិតមិនព្រមតាមការសម្រុះសម្រួល គឺមានតែឱ្យគាត់ទៅតុលាការ»។
នេះជាការដោះស្រាយការវិវាទក្រៅប្រព័ន្ធតុលាការនៅតាមមូលដ្ឋាន ដែលតាមឃុំសង្កាត់ ស្រុក ខេត្ត ធ្វើជាប្រចាំ ក្នុងការសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ បំពេញបន្ថែមលើយន្តការដែលមានស្រាប់នេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ត្រូវបានបង្កើតឡើងដែលជាយន្តការថ្មី ១ ទៀត ក្នុងការដោះស្រាយវិវាទកាន់តែងាយស្រួល សម្បូរបែប ហើយអាជ្ញាធរមូលដ្ឋានក៏នឹងទទួលបានការលើកកម្ពស់សមត្ថភាព និងជំនួយបច្ចេកទេសផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការធ្លាប់បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការអនុវត្តយុទ្ធនាការពង្រឹងនិងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពយុត្តិធម៌កាលពីថ្ងៃទី៩ ខែមករាថា អាជ្ញាធរនេះបង្កើតឡើងដោយព្រះរាជក្រឹត្យកាលពីដើមខែវិច្ឆិកា ឆ្នាំ ២០២៣។ ការបង្កើតបានអាជ្ញាធរជាតិនេះគឺជាការបោះជំហានថ្មីមួយដ៏សំខាន់ក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា និងជាផ្នែកមួយនៃការលើកកម្ពស់ការដោះស្រាយវិវាទឱ្យក្លាយជាសសរស្តម្ភមួយនៃយន្តការដោះស្រាយវិវាទនៅកម្ពុជា។ ជំហានដំបូង អាជ្ញាធរនេះនឹងចាប់ផ្តើមទទួលពាក្យបណ្តឹងនៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៤។
លោកថា រាជរដ្ឋាភិបាលបានផ្តល់អាទិភាពខ្ពស់ក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ ហើយយន្តការនេះក៏មានលក្ខណៈស្របទៅនឹងការដោះស្រាយវិវាទក្នុងសង្គមជាតិ និងផ្តល់អត្ថប្រយោជន៍ជាច្រើនផងដែរ។ អត្ថប្រយោជន៍ទាំងនោះរួមមានទី១ការរួមចំណែកក្នុងការកាត់បន្ថយសំណុំរឿងនិងការកកស្ទះសំណុំរឿងនៅតាមតុលាការ។ទី២ការបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែទៅជិតប្រជាពលរដ្ឋ ពិសេសសេវាដោះស្រាយវិវាទមួយដែលឆាប់រហ័ស និងងាយស្រួលប្រើប្រាស់។ ទី៣ ធានាបានភាពសុខដុមរមនារបស់ប្រជាជន និងធានាបានស្ថិរភាពសង្គមតាមរយៈ ការលើកកម្ពស់វប្បធម៌សន្តិភាពនិយម ពន្លត់បាននូវភ្លើងវិវាទនានា ក្នុងសង្គមជាតិ។
លោកថ្លែងថា៖«ចំពោះការងារពាក់ព័ន្ធនឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបាននិងកំពុងបន្តអនុវត្តការងាររបស់ខ្លួនដោយស្វាហាប់និងឈានទៅធ្វើការពិនិត្យនិងដោះស្រាយវិវាទជូនប្រជាពលរដ្ឋក្នុងពេលដ៏ខ្លីខាងមុខនេះ»។
បើតាមលោក កើត រិទ្ធ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនឹងប្រកាសគម្រោងចំនួន២ សម្រាប់ជាប្រយោជន៍ក្នុងការជួយដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងនោះទី១ គឺគម្រោងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការសម្រាប់តំបន់ដាច់ស្រយាលរបស់កម្ពុជា និងគម្រោង១ទៀតគឺយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅតំបន់ជនជាតិដើមភាគតិច។គម្រោងទាំង២នេះ ជាការបើកច្រកសម្រាប់អង្គការដៃគូ និងអ្នកចង់ចូលរួមជួយប្រជាជនទាំងអស់ អាចបញ្ចេញសកម្មភាពក្នុងការយកចិត្តទុកដាក់ជួយដល់ប្រជារាស្ត្រនៅតំបន់ទាំង២នោះ។
លោកស្រី អ៊ុន ចិន្តា មន្ត្រីនៃអគ្គលេខាធិការដ្ឋាន នៃ អ.ដ.ក. បានឱ្យដឹងថា យន្តការថ្មីនេះ នឹងផ្តល់ជាជម្រើសថ្មីមួយដែលកាន់តែងាយស្រួល កាន់តែសម្បូរបែប និងកាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋានព្រមទាំងកាន់តែមានប្រសិទ្ធភាព ក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ។
លោកស្រីបញ្ជាក់ថា៖«យន្តការនេះទៅ"បំពេញបន្ថែម"តែនឹងមិនជំនួសឱ្យយន្តការដែលមានស្រាប់នោះទេហើយយន្តការដែលមានស្រាប់ (ឧទាហរណ៍ៈការដោះស្រាយដោយអាជ្ញាធរមូលដ្ឋាន) នៅតែបន្តអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួនដដែល»។
ប្រភពដដែលបានឱ្យដឹងទៀតថា មិនតែប៉ុណ្ណោះ អ.ដ.ក. នឹងជួយផ្តល់ការគាំទ្រផ្នែកបច្ចេកទេសក៏ដូចជាកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីជួយលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទរបស់អាជ្ញាធរមូលដ្ឋានថែមទៀតផង។
ចំពោះការដោះស្រាយវិវាទ ដោយ អ.ដ.ក. គឺធ្វើទ្បើងតាមរយៈមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ដែលប្រតិបតិ្តការ ដោយចុះផ្ទាល់ទៅជួយដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ មន្ត្រីសម្រុះសម្រួលដោះស្រាយ វិវាទនេះ ត្រូវបានជ្រើសរើសយ៉ាងហ្មត់ចត់ ហើយត្រូវទទួលបានការបណ្តុះបណ្តាលជំនាញច្បាប់ និងជំនាញដោះស្រាយវិវាទ មុននឹងអនុញ្ញាតឱ្យទៅដោះស្រាយវិវាទជូនប្រជាពលរដ្ឋ។
ចំណុចពិសេសដោយទ្បែកមួយទៀត នៅក្នុងការដោះស្រាយវិវាទដោយ អ.ដ.ក. គឺកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ។ កំណត់ហេតុនេះធ្វើទ្បើងដោយ អ.ដ.ក.ត្រូវបានបំពាក់អំណាចតាមផ្លូវច្បាប់មួយដែលមានតម្លៃគតិយុត្ត ដូចជាសាលក្រម ឬសាលដីកាស្ថាពររបស់តុលាការ។ ចំណុចនេះមានន័យថា កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទនេះ អាចយកទៅអនុវត្តតាមផ្លូវច្បាប់ ដែលនេះជាអ្វីដែលភាគីចង់បានបំផុត ហើយអាចចៀសវាងករណីដែលភាគច្រើនកើតមានកន្លងមក គឺវិវាទរឿងមួយបានដោះស្រាយចប់ហើយតែបែរកើតទ្បើងវិញ ដោយសារតែភាគីម្ខាងមិនព្រមអនុវត្តតាមការព្រមព្រៀង។
មន្ត្រីដដែលលើកឡើងថា តាមព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ បង្ហាញថា វិវាទដែលអាចសម្រុះសម្រួលផ្សះផ្សាក្នុងក្របខ័ណ្ឌ នៃ អ.ដ.ក. តាមរយៈការដាក់ពាក្យបណ្តឹងរបស់ភាគីវិវាទ រួមមាន វិវាទរដ្ឋប្បវេណី វិវាទពាណិជ្ជកម្ម និងវិវាទដទៃទៀត ដូចជា វិវាទការងារ និងវិវាទដីធ្លី ជាដើម។
លោកស្រីថ្លែងថា៖«ជាគោលការណ៍រឿងព្រហ្មទណ្ឌមិនអាចយកមកធ្វើការសម្រុះសម្រួលផ្សះផ្សាបានទេលើកលែងតែករណីមួយចំនួនតូចដែលច្បាប់អនុញ្ញាត ដូចជា ករណីប្រើហិង្សាស្រាល ករណីអំពើហិង្សាក្នុងគ្រួសារតិចតួចមួយចំនួន»។
លោកស្រី អ៊ុន ចិន្តា បានឱ្យដឹងផងដែរថា ការដាក់និងការទទួលពាក្យបណ្តឹងដំណាក់កាលដំបូងនឹងធ្វើទ្បើងដោយផ្ទាល់នៅអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក.ស្ថិតនៅបរិវេណបណ្ឌិត្យសភាភូមិន្ទយុតិ្តធម៌កម្ពុជាហើយនៅពេលខាងមុខអាជ្ញាធរនឹងគិតគូររៀបចំយន្តការទទួលពាក្យបណ្តឹងនេះឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ទន្ទឺមនេះអ.ដ.ក.ក៏មានរៀបចំបណ្តាញទំនាក់ទំនង Telegram និងបណ្តាញសង្គមសម្រាប់ឱ្យប្រជាពលរដ្ឋអាចសាកសួរព័ត៌មានបានផងដែរ។
លោក ស៊ុន ណូន ចៅសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពតបានបង្ហាញការយល់ឃើញរបស់លោកថា ការជួយលើកកម្ពស់សមត្ថភាពអាជ្ញាធរមូលដ្ឋានតាមរយៈការសហការនិងផ្តល់ជំនួយផ្នែកបច្ចេកទេសពីអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនឹងធ្វើឱ្យការដោះស្រាយបញ្ហាប្រជាពលរដ្ឋនៅមូលដ្ឋានកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ជាពិសេសបង្កើតទំនុកចិត្តសម្រាប់ប្រជាពលរដ្ឋចំពោះអាជ្ញាធរតែម្តង។
លោកបានថ្លែងថា៖«ជាទស្សនៈផ្ទាល់ខ្លួន ខ្ញុំយល់ឃើញថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋានហ្នឹង បើពលរដ្ឋគាត់ទទួលយកបានច្រើនតាមការសម្រួលតាមវិធីឈ្នះឈ្នះ ខ្ញុំយល់ថា វាមានប្រយោជន៍សម្រាប់ពលរដ្ឋខ្លួនឯងផង និងសម្រាប់រាជរដ្ឋាភិបាលផង ព្រោះបើពលរដ្ឋគ្មានការថ្នាំងថ្នាក់ជាមួយអាជ្ញាធរស្មើនឹងការដឹកនាំប្រកបដោយប្រសិទ្ធភាព»។
លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុកថ្លែងថា ការបង្កើតឱ្យមានអាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះជាយន្តការថ្មី តែនៅមិនទាន់ដឹងថាការអនុវត្តមានប្រសិទ្ធភាពប៉ុនណានៅឡើយទេ ព្រោះទើបឃើញមានការរៀបចំដើម្បីចាប់ផ្តើម។ យ៉ាងណាក៏ដោយ ជាការកត់សម្គាល់ លោកថា ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ក្នុងអាណត្តិថ្មីនេះ ពិតជាមានភាពដុតដៃដុតជើងពីសំណាក់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប៉ុន្តែអ្វីដែលគួរឱ្យបារម្ភនោះគឺខ្លាចក្រែងការអនុវត្តមានវិសមភាពការងារ ជាន់តួនាទីក្នុងការអនុវត្តរវាងស្ថាប័នដែលពាក់ព័ន្ធទាំងអស់។
លោកបានបញ្ជាក់ថា៖«ការអនុវត្តហ្នឹងបានលទ្ធផលល្អ យើងក៏សាទរជាមួយដែរ ប៉ុន្តែប្រសិនបើអនុវត្តទៅគ្មានអីប្រែប្រួល ហើយធ្វើឱ្យប៉ះពាល់ដល់ភាគីពាក់ព័ន្ធនៅក្នុងបញ្ហាសំណុំរឿងរបស់គាត់ អាហ្នឹងវាជារឿងមួយដែលនឹងរងការរិះគន់ពីប្រជាពលរដ្ឋដែលមានរឿងរ៉ាវក្នុងរឿងក្តីផង និងសហគមន៍អន្តរជាតិផង»។
ដោយឡែក លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានថ្លែងថា ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការក៏ដូចជាការដាក់ចេញគោលការណ៍ផ្សេងៗអាចជាយន្តការថ្មីក្នុងការស្តារនីតិរដ្ឋនិងការផ្តល់ជូនយុត្តិធម៌ដល់ប្រជាពលរដ្ឋ។
ប៉ុន្តែទោះយ៉ាងណាតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ស្ថាប័នមួយចំនួនបង្ហាញថាប្រព័ន្ធយុត្តិធម៌នៅកម្ពុជាបច្ចុប្បន្ន ស្ថិតនៅក្នុងកម្រិតទាប បើប្រៀបធៀបជាមួយប្រទេសមួយចំនួនក្នុងពិភពលោក។ ហេតុនេះទាមទារឱ្យរាជរដ្ឋាភិបាលអាណត្តិថ្មីនេះមានការកែទម្រង់ស៊ីជម្រៅលើវិស័យយុត្តិធម៌ដើម្បីពង្រឹងនីតិរដ្ឋនៅក្នុងសង្គមទើបអាចលុបបំបាត់និទ្ទណ្ឌភាពនិងលើកកម្ពស់នីតិរដ្ឋក្នុងសង្គមនិងផ្តល់យុត្តិធម៌ជួនប្រជាពលរដ្ឋបាន។
លោកថ្លែងថា៖«ខ្ញុំមើលឃើញថាការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការក៏ដូចជាការដាក់ចេញគោលការណ៍មួយចំនួនរបស់ក្រសួងយុត្តិធម៌អាចជាយន្តការថ្មីដើម្បីស្តានីតិរដ្ឋនិងលើកកម្ពស់ដំណើរស្វែងរកយុត្តិធម៌នៅក្នុងសង្គមប៉ុន្តែលុះត្រាតែឃើញគុណភាព និងប្រសិទ្ធភាពនៃការងារជាក់ស្តែងទើបអាចវាយតម្លៃបាន»៕