ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត ​ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ស្សន​កិច្ច​ផ្លូវការ​នៅ​ប្រទេស​ថៃ​ នៅ​ថ្ងៃ​ពុធ​ ទី ​៧ ខែកុម្ភៈ​នេះ តប​តាម​ការអញ្ជើញ​របស់ លោក​ សេដ្ឋា ថា​វី​ស៊ីន នាយករដ្ឋមន្ត្រី​ថៃ​។

ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ លោក​ ហ៊ុន ម៉ា​ណែ​ត​ នឹង​ចូល​ក្រាបបង្គំ​គាល់​ព្រះមហាក្សត្រ​ថៃ ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភា​ថៃ​ផងដែរ​។ លើសពីនោះ លោកនាយក​រដ្ឋមន្ត្រី នឹង​ជួបពិភាក្សា​ការងារ​លើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​ជាមួយនឹង​លោក​ សេដ្ឋា ថា​វី​ស៊ីន​។

នាយករដ្ឋមន្ត្រី​ទាំង ២ ក៏​នឹង​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​មួយចំនួន​។ នេះ​បើ​យោងតាម សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កាលពី​ថ្ងៃទី​ ៥ ​ខែកុម្ភៈ​។

ក្រសួង​បាន​បញ្ជាក់ថា​៖ «​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ សម្តេច​ធិបតី ទៅកាន់​ព្រះរាជាណាចក្រ​ថៃ នឹង​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ដ៏​យូរអង្វែង និង​ចំណងមិត្តភាព​ជា​ប្រពៃណី​រវាង​ប្រទេស​ទាំង ២ ស្របតាម​ស្មារតី​នៃ ‘​ការពង្រឹង​ភាពជា​ដៃគូ​ដើម្បី​សន្តិភាព​និង​វិបុលភាព​’ ដែល​ផ្តល់​ផលប្រយោជន៍ ទៅវិញទៅមក​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ព្រមទាំង​សម្រាប់​សន្តិភាព ស្ថិរភាព និង​វិបុលភាព ក្នុង​សហគមន៍​អាស៊ាន និង​អន្តរជាតិ​»៕​