ភ្នំពេញៈ កម្ពុជា និងអ៊ូហ្គង់ដា ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ខណៈភាគីទាំង ២ កំពុងជំរុញទំនាក់ទំនងរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំង ២ និងការគាំទ្រគ្នាលើឆាកអន្តរជាតិស្របពេលដែលភាគីទាំង ២ កំពុងពិចារណាតភ្ជាប់កិច្ចសហប្រតិបត្តិការក្របខ័ណ្ឌក្រសួងការបរទេស។
ការឯកភាពរវាងប្រទេសទាំង ២ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ជុំ សុន្ទរី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Okello Henry Oryem អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋអ៊ូហ្គង់ដា នៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ខណៈអនុរដ្ឋមន្ត្រីការបរទេសអ៊ូហ្គង់ដាមកបំពេញទស្សនកិច្ចនៅកម្ពុជា។ នេះបើយោងតាមខ្លឹមសារប្រកាសពីក្រសួងការបរទេស។
ក្រសួងបានបន្តថា ភាគីទាំង ២ បានពិភាក្សាគ្នាពីបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីហើយបានឯកភាពគ្នាថា ប្រទេសទាំង ២ គួរសម្រេចទៅរកការចុះហត្ថលេខាលើឯកសារទ្វេភាគីមួយចំនួន ព្រមទាំងអនុស្សរណៈយោគយល់គ្នាពីកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំង ២ ដើម្បីក្លាយជាវេទិកា និងយន្តការជំរុញកិច្ចសហប្រតិបត្តិការ។
ក្រសួងបានបញ្ជាក់ថា៖ «ឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេសទាំង ២ បានបង្ហាញការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ក៏ដូចជាជំរុញទំនាក់ទំនងផ្ទាល់រវាងសភាពាណិជ្ជកម្មនៃប្រទេសទាំង ២»។
ទន្ទឹមនឹងនេះពីភាគីកម្ពុជា លោក ជុំ សុន្ទរី បានបង្ហាញការគាំទ្រចំពោះការធ្វើជាម្ចាស់ផ្ទះដ៏ជោគជ័យរបស់អ៊ូហ្គង់ដាលើកិច្ចប្រជុំកំពូល G77 លើកទី៣ និងកិច្ចប្រជុំកំពូលលើកទី១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធ (NAM) នាទីក្រុង Kampala នាពេលកន្លងទៅថ្មីៗនេះ។
បន្ថែមពីនេះ លោកបញ្ជាក់ប្រាប់ភាគីអ៊ូហ្គង់ដាថា៖ «កម្ពុជាក្នុងនាមជាសមាជិកស្ថាបនិកនៃចលនាមិនចូលបក្សសម្ព័ន្ធត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការពេញទំហឹង ដើម្បីធ្វើយ៉ាងណាជួយអ៊ូហ្គង់ដាឱ្យអនុវត្តបេសកកម្មដ៏ថ្លៃថ្នូររបស់ខ្លួនជាប្រធាន NAM ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៧ ប្រកបដោយជោគជ័យ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងនៅថ្ងៃទី ៧ ខែកុម្ភៈថា ការជំរុញទំនាក់ទំនងរវាងកម្ពុជានិងអ៊ូហ្គង់ដា ជាជំហាននៃពិពិធកម្មការទូតដ៏សំខាន់របស់រដ្ឋាភិបាលថ្មីកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសផ្សេងៗ ទាំងក្នុងតំបន់ និងក្រៅតំបន់។
លោកបានថ្លែងថាការពង្រឹងទំនាក់ទំនងនឹងអ៊ូហ្គង់ដា ជាការបោះជំហានការទូតទៅទ្វីបអាហ្វ្រិកបន្ថែមទៀត ដោយសារកន្លងមក ទំនាក់ទំនងកម្ពុជានឹងតំបន់អាហ្វ្រិកមិនទាន់ស៊ីជម្រៅនៅឡើយទេ។
លោក គិន ភា បានបន្តថា៖ «ទំនាក់ទំនងនឹងទ្វីបអាហ្វ្រិកសំខាន់ទៅលើផ្នែកពាណិជ្ជកម្ម ជាពិសេសពាក់ព័ន្ធវិស័យស្បៀង ដែលតំបន់អាហ្វ្រិកជាក្រុមប្រទេសខ្វះខាតស្បៀងខ្លាំង ខណៈកម្ពុជាជាប្រទេសស្បៀងសម្រាប់ការនាំចេញ»។
លោកថា ៖ «នេះជាកាលានុវត្តភាពដែលប្រទេសទាំង ២ អាចធ្វើការជាមួយគ្នាលើវិស័យស្បៀ។ ក្រៅពីនេះ ពាក់ព័ន្ធវិស័យទេសចរណ៍ពីខាងអាហ្វ្រិកដែលកម្ពុជាមិនទាន់ទទួលទេសចរច្រើនពីតំបន់នេះ ហើយយើងអាចចាប់ផ្តើមបាន»។
ជាមួយគ្នានេះលោក គិន ភា បង្ហាញសុទិដ្ឋិនិយមចំពោះការតភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំង ២ ជាពិសេសបើអាចដាក់ស្ថានតំណាងទូតទៅកាន់ប្រទេសរៀងៗខ្លួន សម្រាប់ពេលអនាគត ដើម្បីនៅពេលកម្ពុជាមានសក្តានុពលសេដ្ឋកិច្ចនិងនយោបាយដែលកម្ពុជាអាចពង្រីកការទូតរបស់ខ្លួននៅអ៊ូហ្គង់ដាដែលជាជំហានវិជ្ជមានមួយនៃនយោបាយការទូតកម្ពុជា៕