ភ្នំពេញៈ នាយិកាប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោកស្រី Rachel Thomson បានចាត់ទុកការដាក់ចេញកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជន ១ លាន ៥ សែននាក់ គឺជាការឱកាសគន្លឹះសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍប្រទេស និងទាក់ទាញអ្នកវិនិយោគ ខណៈស្ថាប័ននេះបានត្រៀមខ្លួនក្នុងការបន្តជ្រោមជ្រែងវិស័យអាទិភាពរបស់ក្រសួងការងារ។
ការលើកឡើងរបស់លោកស្រីបែបនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅទីស្តីការក្រសួងការងារ កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៤។ នេះបើយោងតាមហ្វេសប៊ុកក្រសួងការងារ។
ប្រភពដដែលបានឱ្យដឹងថា ក្នុងជំនួបនោះលោកស្រី Rachel Thomson បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ នេះចំពោះការដាក់ចេញកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១,៥ លាននាក់។
លោកស្រីបានបញ្ជាក់ថា៖ «ការបណ្តុះបណ្តាលបច្ចេកទេសដល់យុវជន គឺជាឱ្យកាសគន្លឹះសម្រាប់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍប្រទេស និងទាក់ទាញអ្នកវិនិយោគដែលកំពុងសម្លឹងមកកាន់តំបន់អាស៊ីអាគ្នេយ៍»។
បន្ថែមពីនេះលោកស្រីក៏បានឱ្យដឹងដែរថាធនាគារអភិវឌ្ឍន៍អាស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តសកម្មភាពជួយជ្រោមជ្រែងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើផែនការអាទិភាពរបស់ខ្លួន ដើម្បីបន្តលើកកម្ពស់ វឌ្ឍនភាពចំពោះវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់តែប្រសើរបន្ថែមទៀត។
ក្នុងឱកាសនោះដែរលោក ហេង សួរ បានលើកឡើងពីផែនការជាយុទ្ធសាស្ត្ររបស់ក្រសួងការងារក្នុងការបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រឱ្យស្របទៅតាមគោលដៅរបស់រាជរដ្ឋាភិបាលដែលចង់ឃើញយុវជនកម្ពុជាជាកម្លាំងចលករសេដ្ឋកិច្ចដ៏សំខាន់មានជំនាញជាក់លាក់ច្បាស់លាស់ស្របតាមស្តង់ដាដែលមានគុណវុឌ្ឍិ និងទទួលបានការងារសមរម្យជាងមុន ដើម្បីលើកស្ទួយជីវភាពក្រុមគ្រួសារ។
ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណចំពោះការវាយតម្លៃខ្ពស់របស់ភាគី ADB ផងដែរ លើកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជានិងអំណរគុណចំពោះ ADB ដែលតែងតែជួយឧបត្ថមគាំទ្រដល់ក្រសួងការងារតាំងពីដើមកន្លងមក។
លោក តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានលើកឡើងដែរថាការដាក់ចេញកម្មវិធីបណ្តុះបណ្តាលនេះ គឺជាឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលទាមទារឱ្យយុវជនដែលមានជំនាញច្បាស់លាស់។
លោកបានបញ្ជាក់ថា៖ «ជាការពិតណាស់នៅកម្ពុជាយើងមានកម្លាំងយុវជនច្រើន ប៉ុន្តែនៅខ្វះការបណ្តុះបណ្តាលលើជំនាញបច្ចេកទេសដែលជាតម្រូវការទីផ្សារការងារ។ខ្ញុំសង្ឃឹមថាចាប់ពីឆ្នាំ ២០២៤ តទៅយើងនឹងលែងខ្វះខាតកម្លាំងពលកម្មទៀតតាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញនេះដែលនឹងផ្តល់ធនធានមនុស្សប្រកបដោយចំណេះជំនាញពិតប្រាកដ អាចបម្រើការដល់វិស័យអាទិភាពរបស់កម្ពុជា»។
សូមបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានដាក់ចេញកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១,៥ លាននាក់ឱ្យសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈរយៈពេល ៤ ខែដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមចំនួន ២៨ ម៉ឺនរៀលបន្ថែម។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈលោក កត្តា អ៊ន បានឱ្យដឹងនៅថ្ងៃទី ៧ ខែកុម្ភៈថា គិតត្រឹមថ្ងៃ ៦ ខែកុម្ភៈ មានអ្នកចុះឈ្មោះសរុបមានចំនួន ២៧ ២១០ នាក់ (ស្រី ៩ ៤១៤ នាក់)។ក្នុងនោះ រាជធានីភ្នំពេញចំនួន ១០ ១៣១ នាក់, ខេត្តបាត់ដំបង ៣ ៣៧៤ នាក់, ខេត្តសៀមរាប ១ ៩៣២ នាក់, ខេត្តព្រះសីហនុ ១ ០៧៩ នាក់, ខេត្តកណ្ដាល ៩៧២ នាក់ និងបណ្ដាខេត្តផ្សេងៗចំនួន ៩ ៧២២ នាក់៕