មន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ការនាំចូលថង់ប្លាស្ទិកមានការថយចុះប្រមាណ ៥០% កាលពីចុងឆ្នាំ២០២៣ ដែលនេះបង្ហាញឱ្យឃើញពីការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ថ្លែងនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកបានឱ្យដឹងថា ៖ «ការនាំចូលប្លាស្ទិក នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ មានការថយចុះចំនួន ៣២ ២២៨,៧៣ គីឡូក្រាម ដែលស្មើនឹងប្រមាណ ៥០% បើប្រៀបធៀបនឹងត្រីមាសទី៣ នៃឆ្នាំដដែល»។
លោកបានបន្តទៀតថា ការនាំចូលថង់ប្លាស្ទិកចំនួន ១២ ០៧៨,០៤ គីឡូក្រាម នៅក្នុងខែមករា ឆ្នាំ២០២៤ ថយចុះប្រមាណ ៨០% ក្នុងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣ ដែលមានចំនួនសរុប ៦២ ២៨៤,០១ គីឡូក្រាម។
លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា ៖ «ទិន្នន័យ នៃការនាំចូលថង់ប្លាស្ទិកនេះ ត្រូវបានកត់ត្រា ក្នុងឆ្នាំ២០២៣ និងនៅដើមឆ្នាំ២០២៤ ដែលក្រុមហ៊ុនឯកជនបានស្នើសុំការអនុញ្ញាតនាំចូលថង់ប្លាស្ទិក សម្រាប់បម្រើសេវាវេចខ្ចប់ទំនិញក្នុងចង្វាក់ផលិតកម្មរបស់ខ្លួន សម្រាប់ច្រកសំរាម វេចខ្ចប់អាហារ និងប្លាស្ទិកដែលងាយពុកផុយក្នុងបរិស្ថាន (Biodegradable Plastic Bag)»។
ចំពោះថង់ប្លាស្ទិក ដែលក្រុមហ៊ុនសុំអនុញ្ញាតនាំចូលពីបណ្តាប្រទេសផ្សេងៗនេះ បានអនុលោមទៅតាមលក្ខខណ្ឌអនុញ្ញាតឱ្យនាំចូល ដែលមានចែងក្នុងអនុក្រឹត្យលេខ ១៦៨ អនក្រ.បក ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក (កម្រាស់ចាប់ពី ០,០៣ មីល្លីម៉ែត្រ ឡើងទៅ)។ នេះបើតាមការបន្ថែមពីលោក ខ្វៃ អាទិត្យា។
ជាមួយគ្នានេះ លោកបានចាត់ទុកថា ការថយចុះនៃការនាំចូលថង់ប្លាស្ទិកមកកម្ពុជា មាន២ករណី ដែលក្នុងនោះ ប្រជាពលរដ្ឋមានការយល់ដឹងនិងការចូលរួមនៅទូទាំងប្រទេស ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបច្ចុប្បន្នមានអ្នកចូលរួមដោយផ្ទាល់ ជិត ៥ លាននាក់។
ចំណែក មូលហេតុមួយទៀតនោះគឺ លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា ៖ «ការចូលរួមបន្ថែមពីវិស័យឯកជន ធ្វើឱ្យកម្ពុជាដែលជាផ្ទះយើងទាំងអស់គ្នាស្អាត ជួយថែរក្សាភពផែនដី គឺកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញដោយរំលេចចេញលើមុមអាទិភាពចម្បងចំនួន៣ គឺស្អាត បៃតង និងចីរភាព»។
ទន្ទឹមនឹងនេះដែរ លោកក៏បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់បន្តសកម្មភាពជាប្រចាំ និងអនុវត្តឱ្យបាន ១០០ ភាគរយ នៅតាមគ្រប់សាលារៀន បណ្តាសហគមន៍ ទីអារាម ទីប្រជុំជន រោងចក្រ សហគ្រាស នៅគ្រប់ទីកន្លែងទូទាំងប្រទេស ដើម្បីមូលដ្ឋានស្អាតគ្មានសំរាម ប្លាស្ទិក ក្នុងឱកាសចូលឆ្នាំថ្មីផងដែរ។
ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សីលោក ស៊ា សុផល ធ្លាប់បានប្រាប់ឱ្យដឹងដែរថា ការកាត់បន្ថយ ឬលុបបំបាត់ការប្រើថង់ប្លាស្ទីកគឺជារឿងល្អ ប៉ុន្តែដើម្បីឱ្យកាន់តែទទួលបានលទ្ធផលល្អទៀតនោះ លុះត្រាតែបញ្ឈប់ឱ្យមានការនាំចូលប្លាស្ទិក និងការប្រើប្រាស់ប្លាស្ទិកឱ្យបានកាន់តែតិច។
លោកបានលើកឡើងដែរថា ៖ «ក្រៅពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក អង្គការយើងខ្ញុំ ក៏មានការផ្តល់ឯកសារស្តីពីគោលការណ៍ស្តីពីសាលាមេត្រីបរិស្ថាន និងកិច្ចព្រមព្រៀងប្រមូលយកក្រដាស និងប្លាស្ទិកគ្រប់ប្រភេទមកកែច្នៃប្រើប្រាស់ឡើងវិញដែរ»៕