សៀមរាបៈតាមរយៈជំនួបពិភាក្សារវាងអភិបាលខេត្តសៀមរាប ជាមួយក្រុមហ៊ុន អ៊ឹមមើស៊ីវ អង្គរ លីហ្គើស៊ី ឯ.ក ដែលមានកិច្ចសហការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យារបស់បារាំងដើម្បីស្នើសុំកិច្ចគាំទ្រលើការផ្ដួចផ្ដើមគម្រោងវិនិយោគសាងសង់សារមន្ទីរឌីជីថល។
ជំនួបពិភាក្សានេះ ក្រោមវត្តមានលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ជាមួយលោក កែ ប៊ិន សូរស្មី ប្រធានក្រុមហ៊ុន អ៊ឹមមើស៊ីវ អង្គរ លីហ្គេស៊ី ឯ.ក និងមានការចូលរួមពីមន្ត្រីនៃមន្ទីរទេសចរណ៍ មន្ទីរវប្បធម៌ ក៏ដូចជា មន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀតផងដែរ។ នេះបើយោងទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្នុងជំនួបពិភាក្សានេះ លោក កែ ប៊ិន សូរស្មី បានលើកឡើងពីការផ្ដួចផ្ដើមគម្រោងវិនិយោគបេតិកភណ្ឌបែបទំនើប និងការចូលរួមសហការដោយក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយក្នុងប្រទេសបារាំង ដើម្បីវិនិយោគសាងសង់សារមន្ទីរឌីជីថលនេះ។
លោកបានថ្លែងថា៖«គម្រោងវិនិយោគសាងសង់សារមន្ទីរឌីជីថលនេះ អាចនឹងលេចចេញជារូបរាងផ្លូវការនៅអំឡុងខែមីនា ឆ្នាំ២០២៥ ខាងមុខ»។
ជាកាឆ្លើយតប លោក ប្រាក់ សោភ័ណ បានបង្ហាញការចាប់អារម្មណ៍ខ្លាំងលើគម្រោងវិនិយោគរបស់ក្រុមហ៊ុនបារាំងដើម្បីរៀបចំឱ្យមានសារមន្ទីរឌីជីថលនេះឡើងនៅក្នុងខេត្តសៀមរាប។
លោកបានបញ្ជាក់ថា៖ «យើងគាំទ្រលើការសាងសង់សារមន្ទីរឌីជីថល ព្រមទាំងសង្ឃឹមថា គម្រោងនេះនឹងអាចលេចចេញជារូបរាងតាមការគ្រោងទុកក្នុងពេលឆាប់ៗនេះ»។
លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងបន្ថែមនៅថ្ងៃទី៧ ខែកុម្ភៈថា គម្រោងវិនិយោគសាងសង់សារមន្ទីរឌីជីថលនេះគឺមានការចូលរួមដោយក្រុមហ៊ុនបច្ចេកវិទ្យាមួយរបស់ប្រទេសបារាំងជាមួយក្រុមហ៊ុនអ៊ឹមមើស៊ីវ អង្គរ។
លោកបានបន្តថា នៅក្នុងកិច្ចពិភាក្សាគ្នានេះ ភាគីក្រុមហ៊ុនគ្រាន់តែបង្ហាញពីការផ្ដួចផ្ដើមគម្រោងនេះនិងស្នើសុំកិច្ចសហការ ក៏ដូចជាការគាំទ្រពីអាជ្ញាធរប៉ុណ្ណោះ។
លោកបានថ្លែងថា៖«ក្រុមហ៊ុនបារាំង ពួកគាត់គ្រាន់តែបង្ហាញពីការផ្ដួចផ្ដើមគម្រោងនិងជូនដំណឹងពីការវិនិយោគសាងសង់សារមន្ទីរឌីជីថលហ្នឹងមករដ្ឋបាលខេត្តយើងដើម្បីជាកិច្ចសហការចូលរួមគាំទ្រដើម្បីឱ្យគម្រោងសាងសង់ហ្នឹងអាចលេចចេញឡើង»។
ដោយឡែក នៅក្នុងគម្រោងវិនិយោគនេះដែរ គឺមិនទាន់ឈានដល់ការពិនិត្យទីតាំង ទំហំថវិកាក្នុងការសាងសង់ ក៏ដូចជាការរៀបចំតាំងបង្ហាញអ្វីខ្លះនៅក្នុងសារមន្ទីរឌីជីថលនេះនៅឡើយទេ។ នេះបើតាមការបន្ថែមរបស់លោក លី វណ្ណៈ។
ជុំវិញគម្រោងសាងសង់សារមន្ទីរឌីជីថលនេះ លោក ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា តាមរយៈបទពិសោធន៍របស់លោកកន្លងមក ដែលបានទៅទស្សនាសារមន្ទីរនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏ដូចជាអាស៊ីបូព៌ា គឺសុទ្ធតែមានសារមន្ទីរទំនើប ឬជាសារមន្ទីរឌីជីថល ដែលផ្ដល់ភាពងាយស្រួលក្នុងការបង្ហាញភ្ញៀវទេសចរពីប្រវត្តិផ្សេងៗ។
លោកបានបន្តថា ប្រសិនបើគម្រោងសាងសង់សារមន្ទីរឌីជីថលនៅខេត្តសៀមរាបនេះ ត្រូវបានលេចជារូបរាងពិតមែន វាគឺជាការអភិវឌ្ឍថ្មីមួយសម្រាប់ប្រទេសកម្ពុជាទាំងមូល ពីព្រោះតាំងពីដើមមកនៅក្នុងខេត្តសៀមរាប គឺមានវត្ថុបុរាណជាច្រើនដែលជាសម្បត្តិវប្បធម៌ ក៏ដូចជាប្រវត្តិសាស្ត្រ។
លោកបានបន្តទៀតថា កម្ពុជាមានវត្ថុបុរាណមួយចំនួនទៀតដែលមិនអាចអនុញ្ញាតឱ្យភ្ញៀវទេសចរមកមើលដោយផ្ទាល់បាន ដូច្នេះនៅពេលមានការសាងសង់សារមន្ទីរឌីជីថល វាក៏ចូលរួមប្រមូលរូបភាពវត្ថុបុរាណដែលមិនអាចមើលផ្ទាល់បាន ទៅដាក់តាំងបង្ហាញលើប្រព័ន្ធឌីជីថលសម្រាប់ឱ្យភ្ញៀវទេសចរបានឃើញផងដែរ៕