សៀមរាបៈ រដ្ឋបាលខេត្តសៀមរាប និងក្រុងតាកាម៉ាត់ស៊ឹ ខេត្តកាហ្កាវ៉ា នៃប្រទេសជប៉ុន បានចុះកិច្ចព្រមព្រៀងលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការអនុវត្តគំនិតផ្តួចផ្តើមទីក្រុងឆ្លាតវៃ ស្របតាមគោលនយោបាយនៃប្រទេសទាំង២ ដើម្បីផ្សព្វផ្សាយ និងផ្លាស់ប្តូរការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងសកម្មភាពទីក្រុងឆ្លាតវៃ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ (Video Conference) កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលដឹកនាំដោយលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងលោក អូនីស៊ិ ហ៊ីដេតុ(ONISHI Hideto) អភិបាលក្រុងTAKAMATSU ខេត្ត KAGAWA ប្រទេសជប៉ុន។ នេះបើយោងតាមមន្ទីរព័ត៌មានខេត្តសៀមរាប។
លោកប្រាក់ សោភ័ណ បានថ្លែងក្នុងឱកាសនោះថា ខេត្តសៀមរាបត្រូវបានដាក់បញ្ចូលជាសមាជិកនៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន(ASEAN Smart City Network) ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នាឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី។
ឆ្នាំ២០១៩ រដ្ឋបាលខេត្តសៀមរាប ទទួលជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេស ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)ទៅលើការសិក្សា និងការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុងសៀមរាប ឱ្យក្លាយទៅជាទីក្រុងឆ្លាតវៃ ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពី JICA ទៅលើការអនុវត្តគម្រោងសាកល្បងទីក្រុងឆ្លាតវៃចំនួន៨ នៅក្នុងក្រុងសៀមរាប។
លោក ប្រាក់ សុភ័ណ ថ្លែងថា៖«JICA ជាតួអង្គមួយដ៏សំខាន់ ដែលបានជួយជ្រោមជ្រែងលើការងារកិច្ចសហប្រតិបត្តិការទីក្រុងឆ្លាតវៃ រវាងខេត្តសៀមរាប និងក្រុង TAKAMATSU រហូតដល់មានការចុះMoUរវាងភាគីទាំង២ នាពេលនេះ ហើយខ្ញុំជឿថា កិច្ចសហការនេះនឹងនាំមកនូវលទ្ធផលជាទីមោទនៈបន្ថែមទៀត ដើម្បីញ៉ាំងឱ្យការអនុវត្តទីក្រុងឆ្លាតវៃ រវាងខេត្ត ក្រុងទាំង២ កាន់តែមានភាពរីកចម្រើន ស្របតាមនិន្នាការសកលនៃបរិបទឧស្សាហកម្មជំនាន់ទី៤»។
ចំណែក លោក ONISHI Hideto អភិបាលក្រុង TAKAMATSU បានលើកឡើងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំង២ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចសិក្សាទៅវិញទៅមក និងបានទស្សនាប្រព័ន្ធការពារគ្រោះមហន្តរាយ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនៃបណ្តាវិស័យនានាជាច្រើនផងដែរ។
នាឱកាសនោះដែរ លោក KAWAMURA Kenichi អនុប្រធានជាន់ខ្ពស់នៃ JICA ក៏បានលើកឡើងដែរថា ការចុះអនុស្សរណៈនៃការយោគយល់នេះ គឺជាសក្ខីភាពមួយបង្ហាញពីកិច្ចសហប្រតិបត្តិការក្នុងការជំរុញ និងអភិវឌ្ឍន៍វិស័យនានាដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្លាស់ប្តូរទំនាក់ទំនងពាក់ព័ន្ធនឹងទីក្រុងឆ្លាតវៃ រវាងទីក្រុងនៃខេត្តទាំង២។
លោក KAWAMURA Kenichi ថា ៖ «ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះចាប់ផ្តើមនៅឆ្នាំ២០២០ ហើយនៅខែឧសភា ឆ្នាំ២០២២ យើងបានចាប់អនុវត្តគម្រោង និងវិធីសាស្ត្រទីក្រុងឆ្លាតវៃ ជាគម្រោងបច្ចេកទេសដែលមានភាគីពាក់ព័ន្ធបានចូលរួមច្រើនដោយប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ ដើម្បីសម្រេចបានការគ្រប់គ្រង និងដោះស្រាយបញ្ហាដែលកើតមានឱ្យមានភាពល្អប្រសើរ»។
សូមបញ្ជាក់ដែរថា រដ្ឋបាលខេត្តសៀមរាប និងអង្គការ JICA បានសហការគ្នាយ៉ាងស្អិតល្មួត ទាំងការជំរុញការអនុវត្ត និងពង្រឹងការអនុវត្តសមត្ថភាពផងដែរ ដោយកាលពីខែកក្កដា ឆ្នាំ២០២៣ ទីក្រុង TAKAMATSU បានរៀបចំកិច្ចប្រជុំ G7ដោយបានបង្កើតគោលការណ៍ ដូចជាការអនុវត្តវីធីសាស្ត្រគោលនយោបាយកម្រិតខ្ពស់ សម្រាប់ក្រុមប្រកបដោយនិរន្តរភាព ផ្សព្វផ្សាយផែនការទីក្រុងឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងសហប្រតិបត្តិការគាំទ្រដល់ការផ្លាស់ប្តូរទំនាក់ទំនងអន្តរជាតិជាមួយប្រទេសកំពុងអភិវឌ្ឍន៍៕