ភ្នំពេញៈ រដ្ឋសភាបានអះអាងថា ក្នុងរយៈពេលតែ ៦ ខែ រាជរដ្ឋាភិបាលអាចសម្រេចបាននូវលទ្ធផលគួរជាទីពេញចិត្ត មានការដឹកនាំ គ្រប់គ្រងប្រកបដោយភាពច្នៃប្រឌិត បត់បែនតាមសភាពការណ៍ ក្នុងស្មារតីទទួលខុសត្រូវ អនុវត្តយុទ្ធសាស្ត្រ និងកម្មវិធីរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យទៅតាមវិស័យការងារក្រសួង អង្គភាពសាមីរៀងៗខ្លួន។
ការលើកឡើងដូចនេះធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលការងារនៃការអនុវត្តមុខងារតាមដានការអនុវត្តច្បាប់របស់រដ្ឋសភា នៅក្នុងរយៈពេល៦ខែរបស់រដ្ឋសភា ចេញផ្សាយកាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៤។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «រដ្ឋសភាសូមសម្ដែងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ក្រសួង-ស្ថាប័ន អង្គភាព ចំណុះរាជរដ្ឋាភិបាល ទោះនៅក្នុងរយៈពេលខ្លីក៏អាចសម្រេចបាននូវលទ្ធផលគួរជាទីពេញចិត្ត មានការដឹកនាំ គ្រប់គ្រងប្រកបដោយភាពច្នៃប្រឌិត បត់បែនតាមសភាពការណ៍ ក្នុងស្មារតីទទួលខុសត្រូវ អនុវត្តយុទ្ធសាស្ត្រ និង កម្មវិធីរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ ទៅតាមវិស័យការងារក្រសួង អង្គភាពសាមីរៀងៗខ្លួន»។
ប្រភពដដែលបន្តថា ក្រៅពីការអញ្ជើញសមាជិករាជរដ្ឋាភិបាលមកប្រជុំនៅវិមានរដ្ឋសភា គណៈកម្មការជំនាញរបស់រដ្ឋសភា ក៏ដូចជាសមាជិកសមាជិការដ្ឋសភាទាំងអស់ បានចុះមូលដ្ឋានសិក្សាស្វែងយល់ពីការអនុវត្តច្បាប់ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនៅតាមក្រសួង ស្ថាប័ន និងមណ្ឌលនៅទូទាំងប្រទេស ដើម្បីស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋនិងអ្នកអនុវត្តច្បាប់ ទទួលសំណូមពរយកមកដោះស្រាយទៅតាមយន្តការរបស់រដ្ឋសភា។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ទៀតថា ៖ «រដ្ឋសភានៃកម្ពុជានឹងបន្តបេសកកម្មតាមមុខងារឱ្យបានសកម្ម ទទួលខុសត្រូវ ចំពោះសេចក្តីទុកចិត្តរបស់ពលរដ្ឋ លើកកម្ពស់ប្រសិទ្ធភាពការងារនិងនីតិរដ្ឋ រួមសហការជាមួយស្ថាប័ននីតិប្រតិបត្តិ ពង្រឹងអភិបាលកិច្ចល្អ ដើម្បីរក្សាបាននូវសុខសន្តិភាព វិបុលភាព កិត្យានុភាព និងឈានឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០»។
លោក ជ័យ តិច អ្នកសិក្សាការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានថ្លែងនៅថ្ងៃទី៧ ខែកុម្ភៈថា តួនាទីរបស់រដ្ឋសភា គឺពិនិត្យ និងអនុម័តច្បាប់ ព្រមទាំងត្រួតពិនិត្យលើការអនុវត្តរបស់រាជរដ្ឋាភិបាល។ ចំពោះការត្រួតពិនិត្យនិងអនុម័តច្បាប់របស់ស្ថាប័នរដ្ឋសភាមានដំណើការទៅដោយរលូន ប៉ុន្តែចំពោះការកោះហៅតំណាងរាជរដ្ឋាភិបាល និងក្រសួងក្នុងវិស័យនានា ចូលទៅឆ្លើយបំភ្លឺ នៅរដ្ឋសភា ហាក់បីដូចជានៅមានកម្រិតនៅក្នុងរយៈពេលប៉ុន្មានខែមកនេះ។
លោក ជ័យ តិច បានបន្តថា ជាមួយគ្នានោះ តំណាងរាស្ត្រ និងតំណាងគណៈកម្មការជំនាញរបស់រដ្ឋសភានីមួយៗ ក៏មិនសូវមានភាពសកម្មចុះទៅមូលដ្ឋានដូចអាណត្តិមុនៗដែរ។
លោកបានថ្លែងថា៖«ក្រៅតែពិនិត្យទៅលើឯកសារ គឺនៅមានកង្វះខាតចុះទៅពិនិត្យមើលជាក់ស្តែង។ ឧទាហរណ៍ គម្រោងវិនិយោគវារីអគ្គិសនី គណៈកម្មការជំនាញដែលទទួលបន្ទុកលើការងារវិនិយោគ គួរតែចុះទៅផ្ទាល់ មុននឹងធ្វើការអនុម័ត និងក្រោយការអនុម័ត ថាតើវាមានផលប៉ះពាល់អ្វីទេទៅដល់ប្រជាពលរដ្ឋ? »។
បើតាមលោក ជ័យ តិច នៅតាមបណ្តារាជធានី ខេត្ត មានស្នាក់ការរបស់តំណាងរាស្ត្រ ប៉ុន្តែស្នាក់ការទាំងនោះ មិនមានសកម្មភាព ឬធ្វើសកម្មភាពទៅដល់ប្រជាពលរដ្ឋនិងទីស្នាក់ការខ្លះទៀត មិនបានបើកទ្វារឱ្យបានទៀងទាត់ និងផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋឱ្យមានការដាក់ពាក្យតវ៉ា ឬបណ្តឹងផ្សេងនោះទេ ដែលចំណុចនេះគួរតែពង្រឹងថែមទៀត។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា មិនអាចទាក់ទងសុំធ្វើអត្ថាធិប្បាយបាននោះទេ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤៕