កំពង់ឆ្នាំងៈ មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបើកវគ្គហ្វឹកហ្វឺនជំនាញស្រាវជ្រាវគ្រាប់បែកទម្លាក់ និងគ្រាប់បែកចង្កោម ដល់មន្ត្រីជំនាញ ក្នុងការត្រៀមអនុវត្តកិច្ចប្រតិបត្តិការស្រាវជ្រាវព័ត៌មានគ្រាប់បែកទម្លាក់ និងគ្រាប់បែកចង្កោម នៅតាមបណ្តាខេត្តចំនួន ៥។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានប្រាប់ឱ្យដឹងនៅថ្ងៃទី៧ ខែកុម្ភៈថា វគ្គហ្វឹកហ្វឺននេះ ជាវគ្គរំឭកជំនាញស្រាវជ្រាវគ្រាប់បែកទម្លាក់ និងគ្រាប់បែកចង្កោមដល់សិក្ខាកាម ដែលចូលរួម ដើម្បីជាផ្នែកមួយរួមចំណែកពន្លឿនការងារបោសសម្អាតគ្រាប់បែកទាំងនោះ ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា មានសុវត្ថិភាព។
ការបើកវគ្គហ្វឹកហ្វឺនរំឭកជំនាញនេះ មានរយៈពេល ៣សប្ដាហ៍ ដែលមានសិក្ខាកាមចូលរួមចំនួន ៥៦នាក់ មកពីកងឯកភាពបោសសម្អាតមីនចំណុះអង្គភាពស៊ីម៉ាក់។
លោក ហេង រតនា បានថ្លែងថា៖ «គោលបំណងនៃវគ្គហ្វឹកហ្វឺននេះ គឺដើម្បីពង្រឹងបន្ថែមទៀតនូវសមត្ថភាពជំនាញបច្ចេកទេសដល់មន្រ្ដីជំនាញ ក្នុងការត្រៀមអនុវត្តកិច្ចប្រតិបត្តិការស្រាវជ្រាវព័ត៌មានគ្រាប់បែកទម្លាក់ និងគ្រាប់បែកចង្កោមនៅតាមបណ្តាខេត្តមួយចំនួន ហើយក៏ដើម្បីគាំទ្រកិច្ចប្រតិបត្តិការនេះឱ្យប្រព្រឹត្តទៅដោយរលូន និងប្រកបដោយជោគជ័យ»។
ខេត្តដែលត្រូវអនុវត្តប្រតិបត្តិការស្រាវជ្រាវព័ត៌មានគ្រាប់បែកទម្លាក់ និងគ្រាប់បែកចង្កោម រួមមាន៖ ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ធំ ព្រះវិហារ និងខេត្តសៀមរាប។ ក្រៅពីប្រតិបត្តិការស្រាវជ្រាវព័ត៌មានក្នុងខេត្តទាំងនោះហើយ អង្គភាពស៊ីម៉ាក់ ក៏បានរៀបចំផែនការ សម្ភារបច្ចេកទេស ស្តង់ដាស្រាវជ្រាវគ្រាប់បែកចង្កោម និងប្រព័ន្ធទិន្នន័យផងដែរ។
ទន្ទឹមនឹងវគ្គហ្វឹកហ្វឺននេះដែរ លោក ហេង រតនា បានប្រាប់ដែរថា អង្គភាពស៊ីម៉ាក់ ក៏បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលគរុកោសល្យ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ២០នាក់ ដែលនឹងត្រូវចំណាយពេល ១៩សប្តាហ៍ទៅលើមុខវិជ្ជាចំនួន៧។
សម្រាប់សិក្ខាកាមចំនួន ២០នាក់ ដែលបាននិងកំពុងចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលគរុកោសល្យនេះ ត្រូវបានជ្រើសរើសក្នុងចំណោមសិក្ខាកាមដែលបានចូលរួម វគ្គបណ្តុះបណ្តាលគ្រូគរុកោសល្យ ដែលបានបញ្ចប់កាលពីឆ្នាំ២០២៣។
លោកបានបន្ថែមថា ចំពោះសិក្ខាកាមទាំងអស់ដែលចូលរួមវគ្គហ្វឹកហ្វឺនទាំង២នេះ គឺមានការយកចិត្តទុកដាក់រៀនសូត្រ និងមានការប្រឹងប្រែងទទួលយកពុទ្ធិថ្មីៗដើម្បីឱ្យមានសមត្ថភាព អាចយកទៅប្រើប្រាស់បានជាប្រយោជន៍សម្រាប់ខ្លួនឯងផង និងស្ថាប័នផងដែរ។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានបើកវគ្គហ្វឹកហ្វឺនចំនួន២ ក្នុងនោះវគ្គទី១ ស្តីពី «វគ្គរំឭកជំនាញស្រាវជ្រាវគ្រាប់បែកទម្លាក់ និងគ្រាប់បែកចង្កោម» និងទី២«វគ្គបណ្តុះបណ្តាលគ្រូបង្គោលគរុកោសល្យ» នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤៕