ភ្នំពេញៈ អ្នកនាំពាក្យរាជរដ្ឋាភិបាលប្រកាសច្រានចោលចំពោះការលើកឡើងរបស់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនដែលបានចោទប្រកាន់មកលើរដ្ឋាភិបាលអាណត្តិថ្មីថា បានអនុវត្តប្រជាធិបតេយ្យកាន់តែអាក្រក់ ដោយបន្តចាប់ខ្លួនក្រុមប្រកួតប្រជែងនយោបាយ ខណៈបច្ចុប្បន្ននេះ រដ្ឋាភិបាលថ្មីបានខិតខំបន្តធ្វើកំណែទម្រង់ច្បាប់ និងពង្រឹងនីតិរដ្ឋ។
ការប្រកាសបដិសេធរបស់អ្នកនាំពាក្យរដ្ឋាភិបាលនេះ ធ្វើឡើងបន្ទាប់ពីលោក ទាវ វណ្ណុល កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវបានសារព័ត៌មាន Nikkei Asia របស់ជប៉ុន ដកស្រង់សម្តីមកផ្សាយ និងផ្សាយបន្តដោយវិទ្យុបារាំងអន្តរជាតិ RFI ជាខេមរភាសា ដោយអ្នកនាំពាក្យលើកឡើងថា ខ្លឹមសារនៃបទសម្ភាសន៍នោះមានលក្ខណៈជាការចោទប្រកាន់មកលើរាជរដ្ឋាភិបាលទាំងបំពាន និងដោយខុសពីការពិត។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលចុះថ្ងៃទី៧ ខែកុម្ភៈ បានលើកឡើងថា៖«តាមរយៈការដកស្រង់សម្តីរបស់សារព័ត៌មានទាំង២ លោក ទាវ វណ្ណុល បានអះអាងថា រាជរដ្ឋាភិបាលបានដាក់កាមេរ៉ានៅមុខផ្ទះរបស់លោកដើម្បីឃ្លាំមើលសកម្មភាព២៤ម៉ោង»។
ប្រភពដដែលថា៖«លោក ទាវ វណ្ណុល ក៏បាននិយាយទៀតថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាន់តែអាក្រក់ទៅ ទាក់ទងនឹងប្រជាធិបតេយ្យ ដោយបានបន្តចាប់ខ្លួនក្រុមប្រកួតប្រជែងនយោបាយ និងប្រជាពលរដ្ឋដែលរិះគន់រាជរដ្ឋាភិបាល»។
ជុំវិញការលើកឡើងរបស់មេដឹកនាំបក្សប្រឆាំងនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ការលើកឡើងរបស់លោក ទាវ វណ្ណុល ពិតជាមានចេតនាអាក្រក់ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាល ខណៈដែលការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខិតជិតចូលមកដល់ ហើយនេះគឺជាការសម្ដែងដើម្បីទាក់ទាញការអាណិតអាសូរពីសាធារណមតិប៉ុណ្ណោះ។
អ្នកនាំពាក្យរដ្ឋាភិបាលបន្តថា នេះគឺជាភ័ស្តុតាងមួយ ដែលបញ្ជាក់ពីការបញ្ចេញមតិដោយរំលោភបំពានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃដែលច្បាប់រដ្ឋធម្មនុញ្ញបានហាមឃាត់។
បន្ថែមពីនេះ អ្នកនាំពាក្យបានបញ្ជាក់ថា ៖ «គ្មានការដាក់កាមេរ៉ា ដើម្បីឃ្លាំមើលសកម្មភាពរបស់លោកទាវ វណ្ណុល ដូចការអះអាងមួលបង្កាច់របស់គាត់ឡើយ។ កាមេរ៉ានានាដែលត្រូវបានបំពាក់ នៅតាមទីសាធារណៈទូទាំងប្រទេស ក៏ដូចជានៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញគឺក្រោមមូលហេតុសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងចរាចរណ៍ជូនប្រជាពលរដ្ឋ។
ប្រភពដដែលបានបន្តថា ៖ «គ្មានគោលការណ៍ដាក់កាមេរ៉ាដោយឡែកដើម្បីឃ្លាំមើលសកម្មភាពរបស់បុគ្គលណាមួយនោះឡើយ»។
ការអនុវត្តច្បាប់ត្រូវបានធ្វើឡើងចំពោះជនទាំងឡាយណា ដែលបានប្រព្រឹត្តល្មើសច្បាប់ដោយគ្មានការបែងចែកថា អ្នកនោះមានឋានៈ តួនាទីអ្វី ឬជាអ្នកនយោបាយនោះឡើយ។ «នៅកម្ពុជាគ្មានអ្នកទោសនយោបាយទេ គឺមានតែអ្នកនយោបាយដែលប្រព្រឹត្តខុសច្បាប់ ហើយត្រូវបានច្បាប់ផ្តន្ទាទោស»។ នេះបើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យបានលើកឡើងថា ការអនុវត្តច្បាប់គឺជាការងារសំខាន់ចាំបាច់ ដើម្បីពង្រឹងនីតិរដ្ឋ។ នៅគ្រប់ប្រទេសទាំងអស់ ជាពិសេស ក្នុងបណ្តាប្រទេសប្រជាធិបតេយ្យជឿនលឿន ការពង្រឹងនីតិរដ្ឋគឺជារឿងមិនអាចខ្វះបានដើម្បីឱ្យប្រជាធិបតេយ្យ ដំណើរការនិងរីកលូតលាស់ទៅមុខ។ គ្មានការគោរពច្បាប់ គ្មានប្រជាធិបតេយ្យ តែវាជាប្រភពនៃភាពអនាធិបតេយ្យទៅវិញទេ ពោលគឺប្រជាធិបតេយ្យនិងសិទ្ធិសេរីភាពរបស់បុគ្គលត្រូវតែស្ថិតនៅក្រោមច្បាប់។
ជុំវិញរឿងនេះលោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយយល់ឃើញថា ក្នុងស្ថានភាពលម្ហនៃការរួមតូចនៃនយោបាយ និងសិទ្ធិសម្តែងមតិ គឺជាកិច្ចការមួយដែលរសើបនៅពេលដែលមានមតិលើកឡើងរិះគន់ពាក់ព័ន្ធការអនុវត្ត ឬការរឹតត្បិតសិទ្ធិសេរីភាពអ្នកនយោបាយ ជាពិសេសគណបក្សប្រឆាំង។
លោកបានថ្លែងថា៖«យើងឃើញក្នុងបរិបទបច្ចុប្បន្នមានការប្តឹងលើអង្គការសង្គមស៊ីវិល ទៅលើសកម្មជនបក្សប្រឆាំងជាដើម អ៊ីចឹង! កិច្ចការនេះវាជារឿងរសើប ហើយរដ្ឋាភិបាលធ្វើការបដិសេធល្អហើយ ប៉ុន្តែទស្សនៈខ្ញុំការបដិសេធមិនឆ្លុះបញ្ចាំងឬអាចបកស្រាយបានទេ គឺទាមទារការអនុវត្តជាក់ស្តែង»។
លោក ឯម សុវណ្ណារ៉ា បានបន្តថា បើក្រឡេកមើលបរិបទអន្តរជាតិ ដែលមានការអង្កេតពាក់ព័ន្ធនឹងកម្ពុជាដូចជាសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដែលបានលើកឡើងពីការគោរពសិទ្ធិមនុស្ស គឺកម្ពុជាមិនទាន់បានឆ្លើយតបជាវិជ្ជមានពីរដ្ឋាភិបាលកម្ពុជានៅឡើយទេ។
បែបនេះក្តី លោកកត់សម្គាល់ថា បើទោះបីជាកម្ពុជាមិនទាន់អនុវត្តប្រជាធិបតេយ្យបានពេញលេញក្តី ប៉ុន្តែលោកទទួលស្គាល់ដែរថា ការអនុវត្តតាមបែបប្រជាធិបតេយ្យមានទៅតាមវិស័យ ដោយកន្លែង និងមានកម្រិត។
យ៉ាងណាក្តីតាមរយៈសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរដ្ឋាភិបាលដដែល បានបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តការងារពីរាជរដ្ឋាភិបាលអាណត្តិមុន ក្នុងការធ្វើកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ក៏ដូចជាការដាក់ចេញនូវគោលនយោបាយនិងយុទ្ធសាស្ត្រនានា ដើម្បីពង្រឹងនីតិរដ្ឋនិងប្រជាធិបតេយ្យនៅកម្ពុជា ក៏ដូចជាដើម្បីធានាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕