ភ្នំពេញៈ ក្រសួងកសិកម្ម នឹងរៀបចំការតាំងពិព័រណ៍កសិកម្មវាលបៃតង និងអាហារ ដែលនឹងប្រព្រឹត្តទៅចំនួន ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៦ ដល់ទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីផ្សព្វផ្សាយពីសក្តានុពលផលិតផលក្នុងស្រុក និងជំរុញឱ្យសាធារណជនចូលរួមគាំទ្រផលិតផលកសិកម្មកម្ពុជា។
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ៧ ខែកុម្ភៈថា នេះគឺជាលើកទី ២ ហើយ ដែលក្រសួងកសិកម្ម រៀបចំកម្មវិធីកសិកម្មវាលបៃតង ដោយកម្មវិធីលើកទី១ រៀបចំធ្វើនៅទីស្តីការក្រសួងកសិកម្ម កាលពីចុងឆ្នាំមុន ដែលកម្មវិធីកសិកម្មវាលបៃតងធ្វើឡើងគឺដើម្បីផ្សព្វផ្សាយពីកសិផលសក្តានុពលរបស់កម្ពុជា ទាំងកសិផលមិនទាន់កែច្នៃ និងកែច្នៃរួច។
កញ្ញាបញ្ជាក់ថា៖ «តាមរយៈកម្មវិធីនេះ ក្រសួងសូមគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាឱ្យបានច្រើនកុះករដើម្បីបានឃើញពីផលិតផលកសិកម្មរបស់ខ្មែរ ទាំងកសិផលមិនទាន់កែច្នៃ និងកែច្នៃរួច។ អ្នកចូលរួមនឹងបានភ្លក្សរសជាតិ និងគុណភាព នៃកសិផលខ្មែរដែលវិវឌ្ឍកាន់តែប្រសើរឡើងពី ១ ថ្ងៃទៅ ១ ថ្ងៃ»។
សមិទ្ធផលនៅក្នុងវិស័យកសិកម្មដែលទទួលបាននាពេលនេះ មិនអាចសម្រេចបានឡើយ ប្រសិនបើគ្មានការចូលរួមខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីសំណាក់ភាគីពាក់ព័ន្ធ ជាពិសេសប្រជាកសិករដែលជាអ្នកផលិត និងដាំដុះកសិផលព្រមទាំងការគាំទ្រពីដៃគូវិនិយោគ សហគ្រាសកែច្នៃ អង្គការដៃគូពាក់ព័ន្ធនានា ដែលបានចូលរួមសហការផ្តល់ជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលដល់មន្ដ្រីនៃក្រសួង និងប្រជាកសិករ។
កញ្ញា អ៊ឹម រចនា បន្ថែមថា៖«កិច្ចខិតខំប្រឹងប្រែងទាំងនេះ ធ្វើឡើងដើម្បីជំរុញឱ្យផលិតផលកសិកម្មរបស់កម្ពុជាមានគុណភាពរឹងរឹតកាន់តែប្រសើរឡើង និងធានាបាននិរន្តរភាពទាំងបរិស្ថាន និងសេដ្ឋកិច្ច។ នាពេលអនាគត តាមរយៈគុណភាពនៃផលិតផលកសិកម្មខ្មែរ យើងសង្ឃឹមថា ផលិតផលរបស់ខ្មែរអាចឈានទៅកាន់ទីផ្សារបរទេសកាន់តែច្រើនថែមទៀត ដើម្បីជីវភាពកាន់តែប្រសើរឡើងរបស់ប្រជាកសិករ និងកិត្យានុភាពនៃផលិតផលកសិកម្មកម្ពុជានៅលើឆាកអន្ដរជាតិ»។
លោក សុខ គឹមឈិន ព្រឹទ្ធបុរសនៃមហាវិទ្យាល័យសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងជាអ្នកសម្របសម្រួលរួមកម្មវិធីពិព័រណ៍នេះ ក៏បានប្រាប់ឱ្យដឹងដែរថា សាកលវិទ្យាល័យភូមិន្ទកសិកម្មក្រោមគំនិតផ្តួចផ្តើម និងគាំទ្រពីក្រសួងកសិកម្ម គ្រោងនឹងរៀបចំពិព័រណ៍កសិកម្មវាលបៃតង និងអាហារសម្រាប់ឆ្នាំ ២០២៤ នេះ ក្នុងគោលបំណងបង្ហាញពីផលិតផលកសិកម្មដែលមានសក្ដានុពលរបស់កម្ពុជា តាមរយៈពិព័រណ៍ផលិតផលកសិកម្មពីសហគ្រាស សហគមន៍កសិកម្ម វិទ្យាស្ថាននិងសាកលវិទ្យាល័យនានា ក្រុមហ៊ុនឯកជន ដែលមានស្តង់ប្រមាណជិត ៨០ ស្តង់។
លោកបានលើកឡើងថា៖ «យើងចង់ឱ្យមានការរយកចិត្តទុកដាក់បន្ថែមទៀត ពីសាធារណជន លើផលិតផលកសិកម្មរបស់យើង ដើម្បីឱ្យពួកគាត់ដឹងថា អ្វីទៅជាកសិកម្មល្អ កសិកម្មសុវត្ថិភាពឬក៏កសិកម្មសរីរាង្គហ្នឹងឱ្យបានកាន់តែទូលំទូលាយ។ យើងក៏ចង់ធ្វើឱ្យទីផ្សារនៃផលិតផលកសិកម្មរបស់សហគមន៍ របស់និស្សិត និងគ្រូបង្រៀននៅក្នុងសាលាយើង ព្រមទាំងក្រុមហ៊ុនទាំងអស់នោះអាចជួបគ្នា ធ្វើការដោះដូរក្នុងទីផ្សារមួយបាន»។
ចំណែក លោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថាន CARDI បានឱ្យដឹងដែរថា វិទ្យាស្ថានបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការចូលរួមពិព័រណ៍កសិកម្មវាលបៃតង និងអាហារនៅពេលខាងមុខដោយវិទ្យាស្ថាន CARDI នឹងបង្ហាញនូវផលិតផលពូជស្រូវថ្មីៗដែលវិទ្យាស្ថានផលិតបានជូនដល់សាធារណជន។
លោកបានបញ្ជាក់ថា៖ «យើងចង់ជំរុញឱ្យកសិករ និងអ្នកពាក់ព័ន្ធឱ្យបានស្គាល់ពីផលិតកម្ម និងផលិតផលរបស់យើង ជាពិសេសពូជស្រូវដែលផលិតចេញជាអង្ករល្អដាច់គេក្នុងពិភពលោកថា មានគុណភាពកម្រិតណា»។
បើតាម ឡោ ប៊ុណ្ណា កន្លងទៅវិទ្យាស្ថាន CARDI តែងមានការផ្សព្វផ្សាយនៅតាមផ្សារទំនើបនានាអំពីពូជស្រូវល្អៗ ដែល CARDI ផលិតបាន និងបានដាក់ឱ្យលក់សាកល្បងនៅតាមទីផ្សារទាំងនោះ ដើម្បីជំរុញការផ្សព្វផ្សាយក្រោយពីប្រជាពលរដ្ឋបានស្គាល់និងដឹងពីរសជាតិ ក៏ដូចជាគុណភាពអង្ករនោះហើយ វិទ្យាស្ថាននឹងដកខ្លួនចេញ និងជំរុញឱ្យសហគ្រាសឯកជនផ្សព្វផ្សាយលក់ជាផ្លូវការតែម្តង៕