​ភ្នំពេញៈ គ្រាន់តែ​ក្នុង​រយៈពេល​ ២​ ថ្ងៃ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងហោចណាស់​ ១៥​ នាក់ និង​រងរបួស​ ៣៣​ នាក់ ក្នុងនោះ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ផ្លូវ​ល្បឿន​លឿន​ ១​ ករណី នៅ​ព្រឹក​ថ្ងៃទី ​៧ ​ខែកុម្ភៈ បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់​រហូតដល់​ទៅ​ ៥​ នាក់ និង​រងរបួស​ធ្ងន់ ២ ​នាក់​។​

​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ទូទាំងប្រទេស​នៅ​ថ្ងៃទី​ ៧ ខែ​​កុម្ភៈ ឆ្នាំ​ ២០២៤ បាន​កើតឡើង​ចំនួន ១១ ​លើក បណ្តាលឱ្យ​មនុស្ស ស្លាប់ ៩​ នាក់​ (​ស្រី ​៤ នាក់​) ​របួស​សរុប ​១៩​ នាក់​ក្នុងនោះ​របួសធ្ងន់ ១៥ ​នាក់ របួសស្រាល ​៤​ នាក់​។ នេះ​បើ​យោងតាម​ទិន្នន័យ​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។ 

​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា មូល​ហេតុដែល​បង្កឱ្យមាន​គ្រោះថ្នាក់​រួមមាន៖ ល្មើស​ល្បឿន ​៧​ លើក (​ស្លាប់ ៧ ​នាក់ របួសធ្ងន់ ១១ ​នាក់ ស្រាល ២​ នាក់​) មិន​គោរព​សិទ្ធិ​ ១ ​លើក (​ស្លាប់​ ១​ នាក់​) ប្រជែង​ ១ ​លើក (​ស្លាប់​ ១ ​នាក់ របួសធ្ងន់​ ១​ នាក់ ស្រាល​ ១ ​នាក់​) និង​កត្តា​យាន​យន្ត​ ២ លើក​។​

​ជាមួយគ្នានេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​​កំពង់ស្ពឺ បានឱ្យដឹងថា  មនុស្ស​យ៉ាងហោចណាស់​ ៥​ នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ រីឯ ​២ នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​រថយន្ត​បើក​បុក​របាំង​ផ្លូវ​ល្បឿន​លឿន​ក្រឡាប់​ផ្ងារជើង​នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ ២០ ហួស​ច្រកចេញ​កំពង់ស្ពឺ នា​ព្រឹក​​ថ្ងៃទី​ ៧ ខែកុម្ភៈ​។ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​រថយន្ត Alpha ពណ៌​សដឹក​មនុស្ស​លក្ខណៈ​គ្រួ​សារ​សរុប ៧​ នាក់ ក្នុង​គោល​បំណង​ទៅលេង​ខេត្ដ​ព្រះសីហនុ​។

​ចំណែក​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃទី ​៦ ខែកុម្ភៈ បាន​កើតឡើង​ចំនួន ​១២ ​លើក បណ្តាលឱ្យ​ស្លាប់ ​៦​ នាក់ របួស​សរុប ​១៤ នាក់ ក្នុងនោះ​របួសធ្ងន់​ ១០​ នាក់ របួសស្រាល ៤ ​នាក់​៕