ភ្នំពេញៈ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃកាកបាទក្រហមកម្ពុជា បានផ្តល់ចំណេះដឹងពីការអប់រំផ្សព្វផ្សាយលើការលើកកម្ពស់ការយល់ដឹងស្តីពី «សុខភាពមាតា ទារក និងកុមារ សុខភាពបន្តពូជ និងការថែទាំសុខភាពបឋម» ដល់និស្សិតចំនួន ៨៦ នាក់ ដែលជាចំណេះដឹង បំណិនជីវិត និងអាចផ្សព្វផ្សាយបន្តទៅកាន់អ្នកដទៃទៀត។
ពិធីអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី «សុខភាពមាតា ទារក និងកុមារ សុខភាពបន្តពូជ និងការថែទាំសុខភាពបឋម» នេះបានធ្វើឡើងនាថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៤។ នេះបើយោងតាមហ្វេសប៊ុកកាកបាទក្រហមកម្ពុជា។
លោកស្រី មុំ ចន្ធី តំណាងលេខាធិការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានលើកឡើងនាពិធីនោះថា និស្សិតទាំងនេះ ទទួលបានចំណេះដឹងពីស្ថានភាពសុខភាពបន្តពូជ សុខភាពមាតាទារក និងកុមារ និងចំណេះដឹងពីមូលហេតុដែលបង្កឱ្យមានជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់ រោគសញ្ញា រួមជាមួយវិធីបង្ការផងដែរ។
លោកស្រីក៏លើកឡើងពីស្ថានភាពបច្ចុប្បន្ន និងវិធីបង្ការខ្លួនពីមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺកាមរោគ ផលប៉ះពាល់ និងវិធីស្រាស្តក្នុងការកាត់បន្ថយជំងឺមិនឆ្លងដូចជា ជំងឺបេះដូងសរសៃឈាម ជំងឺមហារីក ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺទឹកនោមផ្អែមជាដើម រួមជាមួយចំណេះដឹងផ្សេងៗស្តីពីការថែទាំសុខភាពបឋម។
ជាមួយគ្នានេះលោកស្រីម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្រៃ្តយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ក៏បានលើកឡើងដែរថា បន្ថែមពីកិច្ចការងារមនុស្សធម៌ ការងារអាទិភាពលើការចុះអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីសុខភាពដល់និស្សិត និងយុវជន ពាក់ព័ន្ធទៅនឹងមេរោគអេដស៍ ជំងឺអេដស៍ ស្វាយ និងកាមរោគ សុខភាពមាតាទារក និងកុមារ គឺជារឿងសំខាន់។
លោកស្រីថា៖ «ការចុះអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីសុខភាពនេះ ដើម្បីឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ»។
បើតាមកាកបាទក្រហម កម្មវិធីអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីសុខភាពដល់និស្សិតនេះ គឺធ្វើឡើងស្របទៅតាមវិស័យអាទិភាពទាំង ៤ នៃយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស ក្នុងឋានៈជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌។
កាកបាទក្រហមក៏បានបង្ហាញការជឿជាក់ថា ចំណេះដឹង បំណិនជីវិតដែលបានផ្តល់ជូននិស្សិតនាពេលនេះ ពិតជាមានគុណតម្លៃ ហើយនឹងក្លាយជាមិត្តអប់រំមិត្តដ៏ល្អ គឺជាគំរូ សម្រាប់ធ្វើការអប់រំផ្សព្វផ្សាយបន្តដល់មិត្តភក្តិដទៃទៀត និងក្រុមគ្រួសាររបស់ខ្លួន។
ការយល់ដឹង និងការរួមចំណែកផ្សព្វផ្សាយបន្តរបស់យុវជនគឺជាការចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្តោតលើសុខភាព និងការអភិវឌ្ឍមូលធនមនុស្ស គឺមនុស្សដែលមានសុខភាពល្អ និងមានសមត្ថភាព៕