​ភ្នំពេញៈ លោក ស សុខា រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​ឱ្យដឹង​កាលពី​ម្សិលមិញ​ថា ការ​ទទួលខុសត្រូវ​របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​រាជធានី ខេត្ត​ទាំងអស់ សម្រាប់​នីតិកាល​ទី​៧​​ នេះ​អាច​នឹងមាន​ភាព​ធ្ងន់​ជាង​ឆ្នាំមុនៗ​ទាក់ទង​នឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែល​ត្រូវ​ចូលរួម​ដោះ​ស្រាយ​ទាំងអស់គ្នា​។​

​លោក​បាន​បន្តថា គិត​ចាប់ពី​ដើមខែ​កុម្ភៈ ឆ្នាំ ​២០២៤​ នេះ​តទៅ កម្ពុជា​នៅសល់តែ​រយៈពេល​ជាង​ ៦ ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ នៅក្នុង​ការ​ឈានទៅ​សម្រេចបាន​ផែនការ​ជាតិ​ទសវត្សរ៍​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​២ ដោយ​ឱ្យសម្រេចបាន​ការកាត់បន្ថយ​អ្នកស្លាប់ និង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យបាន ​៥០% ក្នុង​ឆ្នាំ​ ២០៣០​។​

​លោក​បាន​ថ្លែង​ដូចនេះ នា​ថ្ងៃទី​ ៧ ខែកុម្ភៈ ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំឆ្នាំ​ ២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២៤ របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នា​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​លោក ស សុខា ដែលជា​ប្រធានគណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ច​រា​ចរណ៍​ផ្លូវគោក​ផង​នោះ​ថ្លែងថា​៖ «​ការ​​ដោះស្រាយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ មិនចាំបាច់​ទាល់តែ​សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី​ស្រែក ចង្អុល បាន​យើង​នាំគ្នា​ទៅធ្វើ​ទេ​»​។​

​លោក​បាន​បន្តថា ៖ «​យើង​ឃើញ​ហើយ កាលពី​ប្រមាណ ​១០​ ឆ្នាំមុន បញ្ហា​ដែល​ធ្វើឱ្យមាន​មនុស្ស​ស្លាប់​ច្រើនជាងគេ​គឺ យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ការឆ្លង​ជំងឺអេដស៍ និង​គ្រោះថ្នាក់​ចរាចរណ៍ ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ច្រើនជាង​ការឆ្លង​ជំងឺអេដស៍ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​»​។​

​លោក ស សុខា បាន​ស្នើឱ្យ​អភិបាល​រាជធានី​ខេត្ត​ទូទាំងប្រទេស​ត្រូវអនុវត្ត​ឱ្យបាន​គត់មត់​នូវ​ការចុះ​ត្រួតពិនិត្យ​ដែល​កន្លងមក​លោក​ក៏បាន​ណែនាំ​ឱ្យមាន​ការចុះពិនិត្យ​លើ​បណ្ណ​បើកបរ និង​ជាពិសេស​ឡាន​កុងតឺន័រ​បិទ​ស្ទីក​ឃើ ឬ​អក្សរ​ផ្សេងៗ​លើ​ឡាន​ដែល​ធ្វើឱ្យ​អ្នក​បញ្ជា​ឡាន​បាត់បង់​ ១០០%​ នូវ​អ្វីដែល​គាត់​អាច​មើលឃើញ​។​

​លោក​បាន​ថ្លែងថា៖ «​ការណ៍​នេះ​ទាមទារ​ឱ្យ​យើង​មានការ​ចូលរួម និង​ខិតខំ​ប្រឹងប្រែង​បន្តទៀត​ពី​សំណាក់​ក្រសួង​ស្ថាប័ន ក៏ដូចជា​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ក្នុងនោះ​មាន​ទាំង​ប្រជា​ពលរដ្ឋ​ទូទៅ​តាមរយៈ​ការ​រឹតបន្តឹង​ច្បាប់​អនុវត្ត​ចរាចរណ៍ និង​ការគោរព​ច្បាប់​របស់​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ប្រកប​ដោយ​ស្មារតី​ខ្ពស់​»​។​

​យោងតាម​របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ បានឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២៣​ កន្លងទៅនេះ គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើង​សរុប ៣៣១៧​ លើក (​យប់ ៥៥%) ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន ១ ៥៩០ ​នាក់ និង​របួស ៤ ៥១៥​ នាក់​កើន​ ៣៤១ ​លើក ស្មើ​ ១១% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០២២​។​

​មូលហេតុ​ដែល​បង្ក​គ្រោះថ្នាក់ រួម​មាន​៖​ លើស​ល្បឿន ៤១%, មិន​គោរព​សិទ្ធិ ២២%, មិន​ប្រកាន់​ស្តាំ ៩%, បត់ ៩%, ប្រជែង​គ្រោះថ្នាក់ ៧%, កត្តា​យាន ៥%, ស្រវឹង ៣%, ភ្លើង​/​សញ្ញា ១%, ​សុខភាព​/​ងងុយ ១% និង​កត្តា​អាកាសធាតុ ១%​។ ក្នុងចំណោម​អ្នក​ស្លាប់ អ្នកជិះ​ម៉ូតូ​ចំនួន ៨០% (១ ២៧៩​ នាក់​/១ ៥៩០​ នាក់​)​។​

​លោក ស សុខា បាន​ថ្លែងថា គិត​ជា​មធ្យម​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​ប្រចាំថ្ងៃ មាន​ចំនួន ៩​ លើក បណ្តាលឱ្យ​អ្នកស្លាប់​លើសពី ​៤​ នាក់ និង​មាន​អ្នករងរបួស​ចំនួន​ ១២​ នាក់​ក្នុង​ ១ ​ថ្ងៃ​។​

​លោក​ថា ៖ «​តួលេខ​នេះ បាន​បង្ហាញថា គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​អត្ត​ឃាត​លាក់​មុខ​ផ្តាច់ជីវិត​របស់​ប្រជា​ពល​រដ្ឋ​គួរឱ្យ​ព្រួយបារម្ភ​នៅ​ទូទាំងប្រទេស​កម្ពុជា​របស់​យើង​។ ជាមួយគ្នានេះ​បើ​យើង​ពិនិត្យ​ទៅលើ​មូលហេតុ​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​វិញ យើង​ឃើញថា​ឥរិយា​បថ​នៃ​ការបើកបរ​ជា​កត្តា​នាំមុខ​ដែល​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​»​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក៏បាន​ស្នើឱ្យ​អនុគណៈកម្មការ​ចរាចរណ៍​រាជ​ធានី​-ខេត្ត​ ត្រូវ​បន្ត​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ទាំង​ថ្ងៃ និង​យប់​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​និរន្តរភាព​ស្របតាម​ភូមិសាស្ត្រ មុខសញ្ញា ពេលវេលា​ដែលជា​មូលហេតុ​នៃ​គ្រោះថ្នាក់​។​

​លោកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​នាឱកាស​នោះដែរ​ថា សម្រាប់​ឆ្នាំ​ ២០២៣ លទ្ធផល​នៃ​ការ​រឹតបន្តឹង​ការ​​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក សមត្ថ​កិច្ច​បាន​ពិន័យ​យានយន្ត​ល្មើសច្បាប់​ចំនួន​ ៧៤ ៩៣៧​ គ្រឿង លើ​ ៧៥ ០៥៤​ ករណី ដែល​ក្នុងនោះ​មាន​ទោចក្រយាន​យន្ត ត្រីចក្រយានយន្ត​ចំនួន ៦២ ៥២៩ ​គ្រឿង លើ​ ៦២ ៥៣០​ ករណី ដែល​ស្មើនឹង​ ៨៣%​។ ការផាកពិន័យ​ប្រចាំឆ្នាំ​នៅ​ទូទាំងប្រទេស បាន​ចំនួន ៨ ៥៧៣ ៣៨០ ០០០​ រៀល​។ រាជ​ធានី​ខេត្ត​ដែលមាន​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង​ច្រើនជាងគេ​មាន រាជធានី​ភ្នំពេញ ដែលមាន​ ៩៥០ ​លើក​, ខេត្ត​ព្រះសីហនុ ៣០៦​ លើក និង​ខេត្តតាកែវ ២៧០ ​លើក​៕