​ភ្នំពេញ​: រូបចម្លាក់​ព្រះពុទ្ធ​បដិមា​ ១ ​ព្រះអង្គ​ត្រូវបាន​រៀបចំ​ពិធី​ប្រគល់ជូន​ប្រទេស​កម្ពុជា​វិញ កាលពី​ថ្ងៃទី ​៦ ខែ​​កុម្ភៈ ឆ្នាំ​ ២០២៤ នៅ​ទីក្រុង​ប៊ែ​ន ប្រ​ទេស​ស្វ៊ី​ស ក្រោម​អធិបតី​លោក អ៊ិ​ន​ តារា ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ស្វ៊ី​ស និង​ជា​តំណាង​អចិ​ន្រៃ្ដ​យ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ និង​អង្គ​ការ​អន្តរជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ​។​

​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោម​សក្ខី​ភាព​លោកស្រី Fabienne Baraga ប្រធាន​ផ្នែក​ឯកទេស​ផ្ទេរ​សម្បត្តិ​វប្បធម៌​អន្តរជាតិ​នៃ​ការិយាល័យ​វប្បធម៌​សហ​ព័ន្ធ និង​លោកស្រី Anna Mattei Russo ប្រធាន​ផ្នែក​សម្របសម្រួល​តំបន់​អាស៊ី​អាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​នៃ​ក្រសួងការបរទេស​សហ​ព័ន្ធ​ស្វ៊ី​ស​ព្រមទាំង​មន្ត្រី​និង​អ្នកការទូត​នៃ​ភាគី​ទាំង ​២​។​

​ព្រះពុទ្ធ​បដិមា​ដែល​ត្រូវបាន​ផលិតឡើង​ពី​លោហៈ​ដែលមាន​បណ្តោយ​ ៤១,៥០​ សង់ទីម៉ែត្រ កម្រាស់​[​ព្រះកាយ​ពីមុខ​ទៅក្រោយ​] ២២,៥០​ សង់ទីម៉ែត្រ​និង​កម្ពស់​ ៤៩​ សង់ទីម៉ែត្រ គឺជា​វត្ថុ​បុរាណ​ដ៏​ពិសេស​ដែល​តំណាងឱ្យ​បេតិកភណ្ឌ​ផ្នែក​សិល្បៈ ប្រវត្តិសាស្ត្រ និង​សាសនា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុងអំឡុងពេល​ពិធី​ប្រគល់ និង​ទទួល​នោះ​លោក ​អ៊ិ​ន តារា ​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ការ​ត្រឡប់មកវិញ​នៃ​ព្រះ​ពុទ្ធបដិមា​នេះ បន្ទាប់ពី​ត្រូវបាន​យក​ចេញពី​ទីកន្លែង​ដើម​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ដោយសារតែ​សង្គ្រាមស៊ីវិល​អូសបន្លាយ ការរត់ពន្ធ និង​ការ​ជួញ​​ដូរ​ទៅ​បរទេស​។​

​លោក​ តារា ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​ស្វ៊ី​ស និង​ជា​តំណាង​អចិ​ន្រៃ្ដ​យ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ បាន​ថ្លែងថា​៖«​ភាព​សោមនស្ស​រីករាយ​ក្នុង​ការទទួល​រូបចម្លាក់​មក​កម្ពុជា​វិញ គឺមាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​»​។​

​ខណៈ​អ្នកជំនាញ​ស្វ៊ី​ស​ជឿថា ព្រះ​​ពុទ្ធបដិមា​នេះ​មាន​អាយុកាល​តាំង​ពីមុន​សម័យអង្គរ​ឬ​ដើម​សម័យអង្គរ ហើយ​សន្មត​ថា មាន​អាយុ​ជាង​ ​១ ០០០ ​ឆ្នាំ អ្នកជំនាញ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ (MCFA) បាន​វាយតម្លៃ​ជំហាន​ដំបូង​ដោយ​ផ្អែកលើ​ទម្រង់ និង​រចនាប័ទ្ម​ហើយ​បាន​សន្និដ្ឋានថា ចម្លាក់​នេះ​គឺជា​ព្រះ​ពុទ្ធបដិមា​ផ្ចាញ់​មារ​ដែល​ផលិតឡើង​ពី​លោហៈ​មាន​អាយុកាល​ចន្លោះ​ពី​សតវត្សរ៍​ទី​១៨ ឬ​ទី​១៩​។​

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថា​ត​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ស្វ៊ី​ស​តាមរយៈ​ការប្រៀបធៀប​យ៉ាង​ល្អិតល្អន់​នៃ​បច្ចេកទេស​សិល្បៈ និង​បច្ចេកទេស​នៃ​ការផលិត អ្នកជំនាញ​បាន​សន្និដ្ឋាន​​ថា ព្រះពុទ្ធ​បដិមា​នេះ​គឺជា​វត្ថុ​សិល្បៈ​បុរាណ​ខ្មែរ​ពិតប្រាកដ​ប្រកបដោយ​គុណ​​តម្លៃ​សិល្បៈ និង​សាសនា​ដែល​ចាំបាច់​ត្រូវ​ថែរក្សា​ជា​សម្បត្តិ​វប្បធម៌​ជាតិ​។​

​សេចក្ដីប្រកាស​បានឱ្យដឹង​ថា ដំណើរ​វិលត្រឡប់​រប​ស់​ព្រះពុទ្ធ​បដិមា ​១ ​ព្រះ​​អង្គ​មកកាន់​កម្ពុជា​វិញ​នេះ គឺ​បន្ទាប់ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៃ​ខេត្ត​បា​ហ្សែ​ល ​(Basel)​ រឹបអូស​បាន​នៅ​ឆ្នាំ ​២០១៤​។ យោងតាម​ឯកសារ​សន្មត​ថា ជា​សម្បត្តិ​​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជា ហើយ​ក្រោម​ច្បាប់​របស់​ប្រទេស​ស្វ៊ី​ស ទ្រព្យ​សម្បត្តិ​វប្បធម៌​ដែល​រឹបអូស​បាន​ត្រូវ​ប្រគល់ជូន​ប្រទេស​ដើមកំណើត​វិញ​។​

​ជុំវិញ​ការប្រគល់​ព្រះពុទ្ធ​បដិមា​មក​កម្ពុជា​វិញ​នេះ លោក តារា បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ស្វ៊ី​ស ជាពិសេស​ការិយាល័យ​វប្បធម៌​សហព័ន្ធ និង​ការិយាល័យ​រដ្ឋអាជ្ញា​សាធារណៈ​នៃ​ខេត្ត​ (Basel)​ និង​ភាគី​ពាក់ព័ន្ធ​សម្រាប់​កិច្ចសហប្រតិបត្តិការ ទាំង​ផ្នែក​ច្បាប់ និង​បច្ចេកទេស​ក្នុងការ​ទប់ស្កាត់​ការរត់ពន្ធ​វត្ថុ​បុរាណ​វប្បធម៌​របស់​កម្ពុជា​។​

​លោក តារា បានឱ្យដឹង​ដែរ​ថា​៖ «​កម្ពុជា​កំពុង​ស្រាវជ្រាវ​ដើម្បី​ប្រមូល​ភ័ស្តុតាង​អំពី​សម្បត្តិ​វប្បធម៌​សំខាន់ៗ ដែល​ត្រូវបាន​លួច​យក​ដោយ​ខុសច្បាប់​ពី​ជាតិ​យើង​តាមរយៈ​កិច្ចសហការ​ជាមួយ​សហគមន៍​អន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​សម្រាប់​ដំណើរការ​ទាមទារ​មក​វិញ និង​ការតាមដាន​ប្រកបដោយ​ប្រសិទ្ធភាព​»​។​

​ជាមួយគ្នានេះ លោក អ៊ិ​ន តារា  ​បានស្នើ​ដល់​សារមន្ទីរ ស្ថាប័ន និង​អ្នកថែរក្សា​វត្ថុ​បុរាណ​ខ្មែរ​ទាំងអស់​ឱ្យ​បន្ត​ស្ម័គ្រចិត្ដ​ប្រគល់​វត្ថុ​បុរាណ​ដែលជា​វប្បធម៌​ជាតិ​សំខាន់ៗ​របស់​កម្ពុជា​មកកាន់​ប្រទេស​កំណើត​វិញ​។​

​លោក​ថា​៖ «​រាជរដ្ឋាភិបាល​បាន​ចាត់​​ទុក​ការធ្វើ​មាតុភូមិនិវត្តន៍​វត្ថុ​បុរាណ​របស់​កម្ពុជា​គឺជា​កាយវិការ​ដ៏​ថ្លៃថ្នូរ និង​គួរឱ្យ​គោរព ដែល​ឆ្លុះបញ្ចាំង​ពី​ក្រម​​សីលធម៌ និង​ការគិតគូរ ក្នុង​ការរួម​ចំណែក​ដល់​តម្លៃ​វប្បធម៌​របស់​ប្រទេស​​ជាតិ​» ​ហើយក៏​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​ថ្លៃថ្លា​ក្នុងការ​ផ្សះផ្សា និង​ព្យាបាល​របួស​ផ្លូវចិត្ត​របស់​ប្រជាជន​កម្ពុជា​ដែល​ធ្លាប់បាន​ស៊ូទ្រាំ​នឹង​សង្គ្រាមស៊ីវិល អូស​បន្លាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​»​។​

​លោកស្រី Fabienne Baraga ប្រធាន​ផ្នែក​ឯកទេស​នៃ​ការផ្ទេរ​កម្ម​សិទ្ធិ​វប្បធម៌​អន្តរជាតិ​នៃ​ការិយាល័យ​វប្បធម៌​សហព័ន្ធ​នៃ​ក្រសួងមហាផ្ទៃ​សហព័ន្ធ​ស្វ៊ី​ស​ក៏បាន​បញ្ជាក់​ពី​ការប្តេជ្ញា​​ចិត្ត​របស់​រដ្ឋាភិបាល​ស្វ៊ី​ស​ក្នុងការ​ទប់​ស្កាត់​ការជួញដូរ​ខុសច្បាប់ និង​ការធ្វើ​ពាណិជ្ជកម្ម​ខុសច្បាប់​នៃ​សម្បត្តិ​វប្បធម៌ និង​ការអភិរក្ស​បេតិកភណ្ឌ​វប្បធម៌​របស់​មនុស្សជាតិ​។​

​លោកស្រី​បាន​បន្ថែមថា​៖ «​ការប្រគល់​ត្រឡប់​វិញ​នេះ​មិនមែន​គ្រាន់តែ​ជាការ​ប្រគល់​វត្ថុ​ដ៏​មានតម្លៃ​ទៅកាន់​ទីកន្លែង​កំណើត​នោះទេ វា​ក៏​ជា​និមិត្ត​​រូប​នៃ​ស្មារតី​សាមគ្គីភាព និង​ការគោរព​រវាង​រដ្ឋ​ទាំង​ ២​ ផងដែរ​»៕