ភ្នំពេញៈ ប្រទេសកម្ពុជា និងថៃ បានសម្រេចដំឡើងទំនាក់ទំនងទ្វេភាគីពី «ការពង្រឹងភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព» ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ក្នុងផ្នែកនយោបាយ និងការទូត ដោយភាគីទាំង ២ បានសាទរចំពោះកិច្ចសហប្រតិបត្តិការនឹងគ្នាកន្លងមក។
ភាគីទាំង ២ ក៏បានផ្លាស់ប្តូរយោបល់គ្នាលើការពង្រឹងកិច្ចសហប្រិតបត្តិការបន្ថែមលើវិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិ សន្ដិសុខ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការងារ និងវិស័យថាមពល។ នេះបើយោងតាមលទ្ធផលនៃជំនួបទ្វេភាគី និងពិភាក្សាការងាររវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ នាថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៤ នាទីក្រុងបាងកក ប្រទេសថៃ។
លទ្ធផលដែលបានផ្សព្វផ្សាយតាមរយៈតេឡេក្រាមលោក ហ៊ុន ម៉ាណែត បានលើកឡើង ថា នាយករដ្ឋមន្ត្រីទាំង ២ បានជំរុញកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការបោកប្រាស់តាមប្រព័ន្ធអនឡាញ និងការកសាងព្រំដែនប្រទេសទាំង ២ ទៅជាព្រំដែនសន្ដិភាព និងវិបុលភាព។
ប្រភពដដែលបានឱ្យដឹងថា លោក សេដ្ឋា ថាវីស៊ីន បានសាទរចំពោះដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ដែលលោកអះអាងថា នឹងពង្រឹងទំនាក់ទំនងកម្ពុជា-ថៃ កាន់តែរឹងមាំបន្ថែម។ជាមួយគ្នានេះ លោកហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងទៅ ជាពិសេសបានផ្លាស់ប្តូរយោបល់លើពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការងារ និងវិស័យថាមពល។
ប្រភពដដែលបានបញ្ជាក់ថា៖ «ក្នុងក្របខ័ណ្ឌ នៃការពង្រឹងទំនាក់ទំនងនយោបាយ និងការទូត សមភាគីទាំង ២ បានឯកភាពលើការដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីពីការពង្រឹងភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំង ២»។
បន្ថែមពីនេះ ភាគីទាំង ២ បានពិភាក្សាគ្នាលើបញ្ហាតំបន់ និងសកល ដោយបង្ហាញសុច្ឆន្ទៈក្នុងការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ និងជាពិសេស ជំរុញកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការបោកប្រាស់តាមប្រព័ន្ធអនឡាញ និងការកសាងព្រំដែនប្រទេសទាំង ២ ទៅជាព្រំដែនសន្ដិភាព និងវិបុលភាព។
នៅថ្ងៃដដែលនោះដែរ លោក ហ៊ុន ម៉ាណែត ក៏បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក វ៉ាន់មូហាម៉ាត់ណ មះថា (WanmuhamadnoorMatha) ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ។
តាមរយៈលទ្ធផលនៃជំនួបបានលើកឡើងថា ប្រធានរដ្ឋសភា បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ លោក ហ៊ុន ម៉ាណែត មកកាន់ប្រទេសថៃ ព្រមទាំងបានអបអរសាទរចំពោះលោកដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីផងដែរ។
លោក វ៉ាន់មូហាម៉ាត់ណ មះថា ក៏បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសថៃ ដែលលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីទី១ ដែលបានមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ បន្ទាប់ពីលោក សេដ្ឋា ថាវីស៊ីន ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។
ប្រធានរដ្ឋសភាថៃបានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រសើរលើគ្រប់វិស័យនៃប្រទេសទាំង ២ ហើយលោកបានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងនេះនឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀតក្រោយទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីទាំង ២។
ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ប្រធានរដ្ឋសភាថៃនាពេលនេះ។លោក ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវសេចក្តីរីករាយ និងស្វាគមន៍នូវវត្តមានប្រធានរដ្ឋសភានៅព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត។
លោកបានលើកឡើងបន្ថែមថា ៖ «នាថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខ កម្ពុជានឹងមានការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នេះ ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងឈរឈ្មោះជាប្រធានព្រឹទ្ធសភា ហើយសម្ដេចធិបតីមានជំនឿជាក់ថា ឯកឧត្តមប្រធានរដ្ឋសភា នឹងមានជំនួបជាច្រើនទៀតជាមួយនឹងសម្តេចតេជោ នៅក្រោយការបោះឆ្នោតព្រឹទ្ធសភានាពេលខាងមុខនេះ»។
ក្នុងដំណើរទេស្សនកិច្ចនោះដែរ លោក ហ៊ុន ម៉ាណែត បានចូលរួមជាអធិបតីភាពក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា (MoU) លើឯកសារចំនួន ៥ ជាមួយភាគីថៃ ក្នុងនោះរួមមាន៖ ទី១. ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការ លើវិស័យកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតប គ្រោះអាសន្ន រវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា និងក្រសួងមហាផ្ទៃថៃ។
ទី២. កិច្ចសហប្រតិបត្តិការលើវិស័យសិក្សាធិការ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រវាង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា និងក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ថៃ។ ទី៣. អំពីទំនិញឆ្លងកាត់ រវាង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងនាយកដ្ឋានគយថៃ, ទី៤. អនុស្សរណៈ នៃការយោគយល់គ្នារវាង សភាពាណិជ្ជកម្មកម្ពុជា និងធនាគារនាំចេញ-នាំចូលថៃ និងទី៥. អនុស្សរណៈនៃការយោគយល់គ្នារវាង សភាពាណិជ្ជកម្មកម្ពុជា និងគណៈកម្មាធិការពាណិជ្ជកម្មថៃ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកស៊ឺន សម អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា ការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងថៃ ជារឿងសំខាន់ដោយប្រទេសទាំង២ ជាប្រទេសក្បែរខាងគ្នា ហើយប្រជាពលរដ្ឋខ្មែរតាមបណ្តោយព្រំដែនថៃ ច្រើនធ្វើការនៅប្រទេសថៃ បូករួមដំណាំកសិផលខ្មែរមួយភាគធំនាំចេញទៅទីផ្សារថៃផង។
លោក ស៊ឺន សម បានថ្លែងបន្តទៀតថា៖ «ដំណើរទស្សនកិច្ចទៅកាន់ប្រទេសថៃរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ជាការរឹតចំណងមិត្តភាពជាមួយថៃកាន់តែស៊ីជម្រៅ និងស្អិតល្មួតបន្ថែម។ ការរឹតចំណងមិត្តភាពរវាង កម្ពុជានិងថៃ គឺជារឿងសំខាន់ ជាពិសេសការបន្ថែមនូវចំណុចខ្វះចន្លោះ ដែលភាគីទាំង ២ មិនទាន់ឯកភាពគ្នា ក្នុងនាមជាប្រទេសជិតខាង»៕