ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​ដាក់ឱ្យ​ដំណើរការ​ផ្ទាល់​នូវ​ការអប់រំ​សាលា​ឌីជីថល (SalaDigital)​ សម្រាប់​គាំទ្រ​ដល់​ការបង្រៀន និង​រៀន ស្របទៅតាម​បរិបទ​ថ្មី​នៃ​ការ​​អប់រំ​បែប​ឌីជីថល​និង​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា​ ២០២៣-២០៣៥ ប្រកបដោយ​បរិ​យាប​ន្ន គុណ​ភាព និង​ស័ក្តិសិទ្ធិ​ភាព​។​

​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់​ជួន ណា​រ៉ុ​ន បានបញ្ជាក់​នៅក្នុង​សេចក្តីជូនដំណឹង​កាលពី​ថ្ងៃទី​ ៦ ខែកុម្ភៈ​ថា ថ្នាល​អប់រំ​សាលា​ឌីជីថល ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​លើក​​កម្ពស់ ជំរុញ​ការចែករំលែក និង​ប្រើប្រាស់​មាតិកា​អប់រំ​ឌីជីថល​ឱ្យ​កាន់តែ​សម្បូរ​បែប​ សម្រាប់​បម្រើ​ដល់​ការបង្រៀន​រៀន​តាមរយៈ​ការប្រើប្រាស់ បច្ចេកវិទ្យា ដែល​ផ្តល់​ភាពងាយស្រួល​ដល់​គ្រឹះស្ថានសិក្សា គ្រូបង្រៀន និង​សាធារណជន​ទូទៅ​។​

​លោក​បាន​លើកឡើងថា​៖ «​ថ្នាល​​អប់រំ​សាលា​ឌីជីថល​នេះ​អាចឱ្យ​សា​ធា​រណ​ជន​ទូទៅ ​​ចូលទៅ​បង្កើត​សាលារៀន​និម្មិត ​និង​បង្កើត​វគ្គ​សិក្សា​នានា​នៅលើ​ថ្នាល​សាលា​ឌីជីថល​សម្រាប់​សិ​ស្សា​-​នុ​សិស្ស​ចូលធ្វើ​ស្វ័យ​សិក្សា​ដោយ​សេរី​មិន​គិតថ្លៃ គ្រប់ពេលវេលា និង​ទីកន្លែង​»​។​

​លោក ហង់​ជួន ណា​រ៉ុ​ន បាន​បន្ថែមថា​៖«​ថ្នាល​អប់រំ​សាលា​ឌីជីថល​នេះ ក៏បានផ្តល់​ភាពងាយស្រួល​ដល់​អ្នកប្រើប្រាស់​ក្នុងការ​ស្វែងរក​ឯកសា​រ​ឌីជីថល​តាម​កម្រិត​ថ្នាក់​ចាប់ពី​ម​ត្តេ​យ្យ​សិក្សា​រហូតដល់​កម្រិត​ឧត្ដមសិក្សា​ដោយ​អាច​ស្វែង​​រក​តាមរយៈ​ពាក្យ​គន្លឹះ ប្រភេទ​ក្រុម​មុខវិជ្ជា ប្រភេទ​វគ្គ​សិក្សា និង​កម្រិត​ថ្នាក់​ថែមទៀត​»​។​

​ជាមួយគ្នានេះដែរ លោក​ក៏បាន​ណែនាំ​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ​និង​ឯកជន​ចូលទៅ​បង្កើត​សាលារៀន​និម្មិត វគ្គ​សិក្សា និង​បង្ហោះ​ស្នាដៃ​សិក្សា​ស្រាវជ្រាវ​របស់​សិស្ស និស្សិត និង​សាស្ត្រាចារ្យ​នៅក្នុង​ថ្នាល​អប់រំ​សាលា​ឌីជីថល​ដើម្បីឱ្យ​ធនធាន​ឌីជីថល​ជា​ភាសាជាតិ​មាន​សម្បូរបែប​លើ​បណ្តាញ​អ៊ីន​ធឺ​ណិ​ត​សម្រាប់​ជា​ប្រយោជន៍​ដល់​ការសិក្សា ការស្រាវជ្រាវ​និង​ស្វ័យ​សិក្សា​របស់​សិស្ស និស្សិត និង​អ្នក​ស្រឡាញ់​ការសិក្សា​ពេញ​​ ១ ​ជីវិត​។​

​ប្រធាន​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា​លោក គង់ សំនៀង បានឱ្យដឹង​នៅ​ថ្ងៃទី​ ៧ ខែកុម្ភៈ​ថា លោក​គាំទ្រ​ចំពោះ​ការបង្កើតឱ្យមាន​ថ្នាល​អប់រំ​សាលា​ឌីជីថល​នេះ​ឡើង​ដោយ​លោក​ចាត់ទុកថា​នេះ​គឺជា​យុទ្ធ​សាស្ត្រ​ថ្មី​របស់​ក្រសួង​ក្នុងការ​ជំរុញឱ្យមាន​កា​រក​សាង​សមត្ថភាព​យុវជន ពិសេស​សិស្ស​និស្សិត​។​

​លោក​បាន​បញ្ជាក់ថា​៖«​ការជំរុញឱ្យ​មានការ​កសាង​សមត្ថភាព​យុវជន​គឺជា​រឿង​ចាំបាច់​ព្រោះ​បើ​យុវជន​មាន​សមត្ថ​ភាព​នឹង​ក្លាយជា​ធនធាន​សំខាន់​ឆ្លើយ​តប​ដល់​ការជំរុញ​កំណើនសេដ្ឋកិច្ច​ហើយ​​ក៏​សូមឱ្យ​ក្រសួង​បង្កើន​ការផ្សព្វផ្សាយ​ពី​ថ្នាល​អប់រំ​សាលា​ឌីជីថល​ឱ្យ​កាន់តែ​ទូលាយ​បន្ថែមទៀត​ដើម្បី​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាច​សិក្សា​រៀនសូត្រ និង​ចែករំលែក​បន្ត​ឱ្យ​កាន់​តែមាន​ប្រ​​សិទ្ធ​ភាព​»​។​

​លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យដឹង​ដែរ​ថា ក្រសួង​អប់រំ បានដាក់​ដំណើរ​ការឱ្យ​សាកល្បង​ប្រើប្រាស់​ថ្នាល​អប់រំ​សាលា​ឌីជីថល ​ចាប់តាំងពី​ខែធ្នូ ឆ្នាំ​ ២០២៣ មក​ម្ល៉េះ ហើយ​បើ​គិត​មកទល់​បច្ចុប្បន្ន​មាន​អ្នកប្រើប្រាស់​ជិត​ ៩​ ម៉ឺន​នាក់ មាន​សាលា​ចំនួន ​៦២ ដោយមាន​ផ្ទុក​សៀវភៅ​ចំនួន​ ១ ៨៤៩​ ក្បាល និង​មាន​មេរៀន​ចំនួន ១១៨ មេរៀន​៕

ថ្នាល​​អប់រំ​សាលា​ឌីជីថល​នេះ​ អាចឱ្យ​សា​ធា​រណ​ជន​ទូទៅ ​​ចូលទៅ​បង្កើត​សាលារៀន​និម្មិត ​និង​បង្កើត​វគ្គ​សិក្សា​នានា​នៅលើ​ថ្នាល​សាលា​ឌីជីថល​សម្រាប់​សិ​ស្សា​-​នុ​សិស្ស​ចូលធ្វើ​ស្វ័យ​សិក្សា​ដោយ​សេរី​មិន​គិតថ្លៃ គ្រប់ពេលវេលា និង​ទីកន្លែង​។​ ក្រសួង​អប់រំ