​ភ្នំពេញៈ​ក្នុង​រយៈ​ពេល​ជិត ​២​ ខែ​មក​នេះ ​មាន​អ្នក​ចូល​ប្រើ​ប្រាស់​ឬ​អាន​ជិត ​៩​ ម៉ឺន​នាក់ ​ក្នុង​សា​លា​ឌីជីថ​ល ដោយសារមាន​ផ្ទុក​ឯក​សារ​ចំណេះ​ដឹង​ចម្រុះ​នៅក្នុង​សៀវ​ភៅ (E-Book) ជិត ២០០០ ​ក្បាល ​បន្ទាប់​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ដាក់​ឱ្យ​ដំណើរ​ការ​កាលពី​ចុង​ឆ្នាំ​២០២៣។ 

​ទាំង​សិស្ស​និស្សិត​ និង​សាធារ​ណ​ជន ​គ្រប់​វ័យ ​អាច​ចូល​ទៅ​មើល​អត្ថបទ​ ឬ​មេរៀន​នៅ​ក្នុង​​សាលា​មួយ​នេះ​ បាន​តាម​រយៈ​គេហ​ទំព័រ​ https://sala.moeys.gov.kh ហើយនឹង​ទទួល​បាន​ចំណេះ​ដឹង​ពី​ការ​អាន​ឯក​សារ​ចម្រុះ​។​សា​លា​នេះ​ក៏មាន​ការ​ចែក​រំលែក​ផ្ទាល់​អំពី​ចំណេះ​ដឹង​ទូទៅ​ច្រើន​ប្រភេទ​និង​ច្រើន​មុខ​វិជ្ជា​ផង​ដែរ​។​

​ដូច​អ្វី​ដែល​លោក​ស្រី​ ឃួន ​វិច្ឆិកា អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ លើក​ឡើង​ថា​កន្លង​មក​ក្រសួង​អប់រំ​​យុវជន ​និង​កីឡា​ធ្លាប់​ធ្វើ​ជា​យូ​ធូប​ (youtube)​ ឆា​ណែ​ល ​(channel)​ និង​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ផ្សេងៗ​ទៀត​របស់​ក្រសួង​។​ការ​ធ្វើ​ដូច្នេះ​គឺ​ក្រសួង​ចង់​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ក៏ដូច​ជា​ចែក​រំលែក​ចំណេះ​ដឹង​ដែល​ក្រសួង​បាន​រៀប​ចំ​ឬក៏​បាន​ទទួល​ពី​ប្រភព​នានា​។​ហេតុ​នេះហើ​យ​ទើប​ក្រសួង​អប់រំ​បង្កើត​អ៊ែប ​(APP)​ បន្ថែម​សម្រាប់​ដាក់​ឱ្យ​ប្រើ​ប្រាស់​សា​លា​ឌីជី​ថល​នៅ​ចុង​ឆ្នាំ​២០២៣​។​

​លោក​ស្រី​ វិច្ឆិកា​ បាន​ថ្លែងថា​៖«​មូល​ហេតុ​សំខាន់​នៃ​សាលា​ឌីជីថល​នេះ​គឺ​បង្កើត​ជា​វេទិ​កា​១​ ដើម្បី​សម្រួល​ដល់​ការ​រៀន​និង​បង្រៀន​ដល់​អ្នក​ប្រើ​ប្រាស់​។​សា​លា​នេះ​ ក៏​ជា​កន្លែង​ចែក​រំលែក​​ធនធា​ន​ឯកសារក៏ដូច​ជា​ចំណេះដឹ​ង​នានា​តាម​ប្រព័ន្ធ​អន​ឡាញ​ផងដែ​រ​»​។​

​បើតាម​លោកស្រី​​អ្នក​នាំ​ពាក្យ ​ដើម្បី​ឆ្លើយ​តប​នឹង​បរិបទ​សត​វត្សរ៍​ទី​២១​ ក្រសួង​ក៏បាន​ផ្សព្វ​ផ្សាយ​សៀវ​ភៅ ​ឯកសារនិង​ឃ្លីប​វីដេអូ​ជា​ច្រើន​ទាក់​ទង​នឹង​កា​ររៀនក៏ដូច​ជា​ចំណេះ​ដឹង​ផ្សេងៗ​ តាម​ប្រព័ន្ធ​អន​ឡាញ​។​ ចំពោះ​កម្មវិធី​សាលា​ឌីជី​ថល​នេះគឺ​ក្រសួង​បាន​រៀបចំ​ឡើង​ក្នុងទិ​សដៅ​ចែករំ​លែក​ធន​ធាន​ឯកសារ​និង​ការរៀន​សូត្រ​ផង​ដែរ​។​ បើ​គិត​ពី​ចុងឆ្នាំ​២០២៣​រហូត​ដល់​ថ្ងៃទី​៤​ ខែកុម្ភៈ ​ឆ្នាំ​២០២៤​ មាន​អ្នក​ចូល​ប្រើ​ប្រាស់​ចំនួន​ ៨៩៤៣៨​ នាក់ មាន​សៀវ​ភៅ​ចំនួន​១ ​៨៣៦​ ក្បាល​ និង​មាន​១១៨​ មេ​រៀន ​(​ចំនួន​មានការ​កើន​រាល់​ថ្ងៃ​)​។​

លោក​ស្រី​ បានឱ្យដឹ​ងថា​៖ «​ដូច្នេះ​ហើយ​យើង​មិន​បាន​កំណត់​ថា​តើ​មុខ​វិជ្ជា​ណា​ឬក៏​មុខ​វិជ្ជាអី​មិន​អនុញ្ញាត​ទេ​។​ អ៊ីចឹង​អ្វី​ដែល​គាត់​(​សា​ធា​រណ​ជន​)​មាន​បំណង​ចែក​រំលែក​នោះ​គឺ​ក្នុង​វេ​ទិ​កា​នោះ​ក៏មាន​កន្លែង​សម្រាប់​ឱ្យ​អ្នកប្រើ​ប្រាស់​អាច​បង្កើត​ជា​សា​លារៀ​ន​ជា​មេរៀន​ជា​បណ្ណា​ល័យ​​ឬក៏​អត្ថ​បទ​ដែល​គាត់​អាច​ចូលទៅ​ចែក​រំលែក​បានដែ​រ​»​។

​គេ​មើល​ឃើញ​ថា​ សម្រា​ប់​សាលា​ឌីជីថល​នេះ​បាន​ជួយ​ផ្តល់​ឱកាស​និង​លទ្ធភាព​ងាយស្រួ​ល​ច្រើន​ ជា​ពិសេស​ដល់​សិស្សានុ​សិស្ស​ឬ​និស្សិត​នៅ​តាម​ទីជន​បទ​​ព្រោះ​សិស្ស​ឬ​សាធា​រណជ​ន​ទូទៅ​អាច​សិក្សា​នៅ​ក្នុង​សាលា​បាន​ដោយ​ឥត​គិត​ថ្លៃ​តាម​រយៈ​គេហ​ទំព័រ  https://sala.moeys.gov.kh ដោយ​គ្រាន់​តែមាន​ទូរ​ស័ព្ទ​ដៃ​ប៉ុណ្ណោះ​។​

​មិន​ខុស​អី​ពី​ការ​លើក​ឡើង​នេះ​ទេ ​​យុវ​និស្សិត​ ដួង ​មុនី ​ដែលប​ច្ចុប្បន្ន​កំពុ​ងរៀន​ឆ្នាំ​ទី​៤​ នៃ​សា​ក​លវិទ្យា​ល័យ​ក្រចេះ​ បាន​និយាយ​ថា ការ​បង្កើត​សា​លា​ឌីជីថល​នេះ ​ឡើង​គឺ​ពិត​ជា​ផ្ដល់​អត្ថ​ប្រយោជន៍​ច្រើន​ណាស់​ទាំង​ចំពោះ​មាតា​បិតា​សិស្ស​ គ្រូ​បង្រៀន ​សិស្សានុ​សិស្ស​នៅ​ទីក្រុង ​និង​សិស្ស​នៅ​ទីជន​បទ​។​ តាម​រយៈ​សាលា​នេះ ​គឺ​ងាយ​ស្រួល​ក្នុងការ​ស្វែង​រក​មេរៀន​ ដោយសារកម្មវិធី​​មាន​សរ​សេរ​ជា​ខេ​មរ​ភាសា​មាន​មេរៀន ​និង​ចំណេះ​ដឹង​ជា​ច្រើន​សម្រាប់​សិក្សា​ដូច​ជា​អក្ស​រសិល្ប៍  សិល្ប​:ភា​សា​អង់​គ្លេស ​គណិត​វិទ្យា បច្ចេក​វិទ្យា នវានុ​វត្តន៍ រួ​មទាំង​ចំណេះ​ដឹង​ផ្នែក​វិទ្យា​សាស្ត្រ​ផ្សេងៗ​ផង​ដែរ។​

​យុវ​និស្សិត​វ័យ ​២០ ឆ្នាំ រូប​នេះ ​បាន​បន្ត​ថា​ម្យ៉ាង​វិញ​ទៀត​សាលា​ឌីជី​ថល​ថែម​ទាំង​បាន​បង្ហាញ​ពី​ចំណេះ​ដឹង​ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធ​បច្ចេក​វិទ្យា​ដែល​មិន​បាច់​ឱ្យ​អ្នក​ចង់​ចេះ​ចង់​ដឹង​ចំណាយ​ពេល​យូរ​ក្នុង​ការ​ស្វែងរក​ឯក​សា​រ មេរៀន​ ឬ​លំ​ហាត់​នោះ​ទេ​។​

ដួង ​មុនី ​បាន​បន្ដ​ថា ក្រៅ​ពីនោះ​ លោក​គ្រូ អ្នក​គ្រូ ​អាច​បញ្ចូល​មេរៀន​ឬ​ចំណេះដឹ​ង​បន្ថែម​​នៅ​ក្នុង ​Platform [វេទិកា​] សា​លា​ឌីជី​ថល ​ដែល​ធ្វើ​ឱ្យ​សាលា​នេះ​​សម្បូរ​ដោយ​អំ​ណាន​និង​អ​ត្ថប​ទ​ល្អ​ៗ សម្រាប់​ជួ​យ​ដល់​ការ​អភិវឌ្ឍ​​ចំណេះដឹង​ខណៈ​មានសា​លា​ជា​ច្រើន​ដែល​បង្រៀន​មុខវិជ្ជា​ល្អ​ៗផ្សេង​គ្នា​បាន​ដាក់​មេ​រៀនជួយ​ឱ្យ​សិស្សា​នុ​សិស្ស​បាន​រៀន​បន្ថែម​ក្រៅ​ម៉ោង​សិក្សា​របស់​ខ្លួន​បាន។​

យុវ​និស្សិត​ មុនី​ បាន​បន្ថែម​ទៀត​ថា​៖«​​អាណា​ព្យា​បា​ល​​សិស្ស​អាច​ណែ​នាំ​បង្ហាត់​បង្រៀ​ន​កូន​បន្ថែម​នៅផ្ទះ​តាមរយ​:​មេរៀន​ដែ​ល​មាន​ក្នុង​កម្ម​វិធី​ឌីជី​ថល​នេះ​ផង​ដែរ​។​ជួយ​សម្រួល​ដល់​ការ​បង្រៀន​របស់​គ្រូ​បង្រៀន​ដោយ​សារ​សិស្ស​ឆាប់​យល់​ពី​មេ​រៀន​ដោយ​ការ​អាន​បាន​ច្រើន​»​។​

​សម្រាប់​អ្នក​គ្រូ​ឡេង ​ជី​វន ដែល​បង្រៀន​នៅ​វិទ្យា​ល័យព្រះ​ស៊ីសុ​វត្ថិ សាលា​រៀន​ជំនាន់​ថ្មីផ្នែក​រូប​វិទ្យា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថាបើ​តាមតែ​​អ្នក​គ្រូ​បាន​ដឹង​អំពី​អ៊ែប ​(App)​ សាលា​ឌីជីថល​​ក៏ដូច​ជា​តាម​ដែល​អ្នក​គ្រូ​ធ្លាប់​បានឮ​ប្រ​សាសន៍​​របស់​រ​ដ្ឋ​មន្ត្រី​ក្រសួ​ងអប់រំ​ យុ​វជននិ​ង​កីឡា ​លោក ​ហង់ ​ជួន​ណា​រ៉ុ​ន ​ថា សា​លា​ឌីជី​ថល​នេះពិត​ជា​មាន សារ​:​សំខាន់​សម្រាប់​សិស្ស​និស្សិត​គ្រូ ​និង​សា​ធារ​ណ​ជន​ទូទៅ​។​

​អ្នកគ្រូ​បាន​ប្រាប់​ថា​៖«​ដូច​ជា​ងាយ​ស្រួល​ក្នុង​កា​រស្វែង​រកចំ​ណេះ​ដឹង​​ថ្មីៗប​ច្ចេក​វិទ្យា​ថ្មី​ដែល​សា​ធារណ​ជន​​ ទូទៅ​ចង់​ដឹង​ ព្រម​ទាំង​វីដេអូ​បង្រៀន​និង​កំណែ​លំ​ហាត់​គ្រប់​ខ្លឹម​សារ​មេរៀន​គ្រប់​មុខ​វិជ្ជា​ផង​  ​ជា​ពិសេ​សខ្ញុំ​គិត​ថា​សិស្ស​និង​គ្រូ​ក៏​ដឹង​ព័ត៌មា​ន​អាហារូ​បករ​ណ៍​និង​ការ​តាំង​ពិ​ព័រណ៍វិ​ទ្យាសា​ស្ត្រ​ទាំង​ថ្នាក់​ជាតិ​និង​អន្តរ​ជាតិ​ផងដែរ​»​៕