ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ និងមិនត្រូវដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលចាប់ផ្តើមពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះឡើយ។
ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនរៀបចំសន្តិសុខ សុវត្ថិភាព សណ្ដាសិដ្ឋ ទេពលៈ ជានារីខ្មែរដំបូងគេធ្វើការនៅក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Tesla របស់អាមេរិកប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆាំថ្មីប្រពៃណ៍ចិន និងវៀតណាមនេះផងដែរ។
លោក ស សុខា បានថ្លែងកាលពីថ្ងៃទី៧ ខែកុម្ភៈ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ថា ៖ «ដោយសារតែចូលឆ្នាំប្រពៃណីចិន និងវៀតណាមមកដល់ដែរ ខ្ញុំសូមស្នើឱ្យមានការពង្រឹងលើគ្រោះអគ្គិភ័យដោយសារការអុជធូប ទៀនដែលអាចបង្កជាអគ្គិភ័យដែលខ្វះការប្រុងប្រយ័ត្ន»។
លោកក៏បានស្នើកុំឱ្យមានការដុតផាវ ក្នុងអំឡុងពេលបុណ្យនេះ ប៉ុន្តលោកក៏បានបញ្ជាក់ដែរថា ករណីនេះអាចពិបាកក្នុងការហាមឃាត់ ដោយសារវាជាប្រពៃណីរបស់ជនជាតិចិន។
លោកថា ៖ «ការហាមនេះ ប្រហែលជាមិនអាចទៅរួចទេ តែបើធ្វើបានគឺធ្វើ បើមិនបានទេត្រូវដុតនៅកន្លែងដែលមានសុវត្ថិភាព ព្រោះជាការពិតការដុតផាវនេះជាទំនៀមទម្លាប់របស់ចិន បើគេមិនដុតគឺមិនកើត ដើម្បីជាការអបអរសាទរ»។
ឆ្លៀតឱកាសនោះដែរ លោក ស សុខា ក៏បានស្នើឱ្យប្រជាពលរដ្ឋ ក៏ដូចជាអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តមុនពេលចេញដំណើរដើម្បីបង្ការគ្រោះថ្នាក់ណាមួយដែលអាចកើតមានឡើងជាយថាហេតុ។ លោកថា ត្រូវពិនិត្យល្បឿនដែលបានកំណត់តាមដងផ្លូវនីមួយៗ ហើយនៅថ្ងៃខាងមុខ លោកក៏ស្នើឱ្យមានការពិនិត្យក្នុងការដាក់កាមេរ៉ាក្លែងក្លាយដែលមានភ្លើងលោតដែលជាការពញ្ញាក់ស្មារតីដល់អ្នកបើកបរឱ្យមានការប្រុងប្រយ័ត្នក្នុងការបន្ថយល្បឿន។
ចំណែក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនក្នុងរាជធានីមិនឱ្យដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះឡើយ។
លោកបានលើកឡើងថា ៖ «មិនត្រូវលេងល្បែងស៊ីសងគ្រប់ប្រភេទនិងហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាត ហើយនៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរអង្គភាព រោងចក្រ សហគ្រាសត្រូវរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ»។
លោកបន្តថា ៖ «ដោយឡែកការដុតក្រដាសសែនត្រូវប្រើធុងដែក ឬឆ្នាំងដីដើម្បីដុត ហាមដាច់ខាតមិនឱ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈឡើយ»។
លោកអភិបាលក្រុង ក៏បញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យ ដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបញ្ជាក់ថា ៖ «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវចេញបទបញ្ជាឱ្យម៉ឺងម៉ាត់ដល់កម្លាំងរបស់ខ្លួនដើម្បីឱ្យអនុវត្តឱ្យមានប្រសិទ្ធភាព។ ជនណាដែលបំពាន ឬប្រព្រឹត្តល្មើសបង្កឱ្យមានចលាចលក្នុងសង្គម បាត់សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈត្រូវទទួលទោសតាមច្បាប់ជាធរមាន»។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរតាមបណ្តាខេត្តផ្សេងៗទៀត ក៏បានណែនាំឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ករណីគ្រោះអគ្គិភ័យ ដោយហាមដុតផាវ កាំជ្រួចគ្រប់ប្រភេទ និងហាមការនាំចូលផាវ ក្នុងឱកាសបុណ្យចូលឆ្នាំចិន និងវៀតណាមនេះផងដែរ។
យោងតាមរបាយការណ៍ពីក្រសួងមហាផ្ទៃក្នុងរយៈពេល ១ សប្ដា៍ គិតចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៥ ខែកុម្ភៈ គ្រោះអគ្គិភ័យបានកើតឡើងចំនួន ២៧ ករណី នៅទូទាំងប្រទេស ដែលសមត្ថកិច្ច អាជ្ញាធរ ចំណុះក្រសួងមហាផ្ទៃ និងភាគីពាក់ព័ន្ធផ្សេងៗទៀតបានចូលរួមអន្តរាគមន៍។
គ្រោះអគ្គិភ័យទាំង ២៧ ករណីនេះ បានបណ្ដាលឱ្យឆេះផ្ទះសំបែងប្រជាពលរដ្ឋ ចំនួន២៩ខ្នង ក្រៅពីនេះក៏មានករណីឆេះព្រៃ៨កន្លែង និងករណីឆេះរោងបាយ រោងហូបអាហារ ចំបើង និងទីស្នាក់អាស្រ័យមួយចំនួនទៀតផងដែរ។
ក្នុងឆ្នាំ២០២៣ កន្លងទៅ គ្រោះអគ្គិភ័យកើតឡើងសរុបចំនួន ៧៦១ លើក កើនឡើងលើសឆ្នាំ២០២២ ចំនួន១៤៣លើក បណ្តាលឱ្យជនរងគ្រោះ ៥៤ នាក់ស្លាប់ និង៩៧នាក់ផ្សេងទៀតរងរបួស ខូចខាតផ្ទះ ៥៧៩ ខ្នង និងតូបចំនួន៥៧តូប៕