ប្រធានរដ្ឋសភា​លោកស្រី ឃួន សុ​ដា​រី បាន​ជំរុញ​លើកទឹកចិត្ត​ដល់​សមាគម​ពាណិជ្ជករ​គ្រឿងអលង្ការ និង​ត្បូង​មានតម្លៃ​កម្ពុជា ខិតខំ​កែច្នៃ​គ្រឿងអលង្ការ និង​ត្បូង​មានតម្លៃ ប្រកបដោយ​ប្រណីតភាព និង​គុណភាព​ខ្ពស់ ព្រមទាំង​រំលេច​ពី​ក្បូរ​ក្បាច់រចនា​របស់​ខ្មែរ​ដ៏​ល្អ​ផូរផង់ ដើម្បី​ទាក់ទាញ​ការជឿទុកចិត្ត​ទាំង​ក្នុង​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ​។​

​ការជំរុញ​បែបនេះ ធ្វើឡើង​ក្នុងជំនួប​ទ្វេភាគី​រវាង​លោកស្រី ឃួន សុ​ដា​រី និង​លោក ​ឆាយ ស៊ី​ណាត ប្រធានស្តីទី​សមាគម​ពាណិជ្ជករ​គ្រឿងអលង្ការ​និង​ត្បូង​មានតម្លៃ​កម្ពុជា​កាលពី​ថ្ងៃទី ​៨ ខែកុម្ភៈ ដើម្បី​ពិភាក្សា និង​ទទួល​អនុសាសន៍​នៅក្នុង​ការត្រៀម​រៀបចំ​ការតាំងពិព័រណ៍​គ្រឿងអលង្ការ និង​ត្បូង​មានតម្លៃ​កម្ពុជា​-​អន្តរជាតិ លើក​ទី​១៥ ដែល​នឹង​ប្រ​ព្រឹ​ត្ដទៅ​ក្នុង​ខែមីនា ឆ្នាំ​២០២៤ ខាងមុខ​។ នេះ​បើតាម​ការជូនដំណឹងរ​បស់​រដ្ឋសភា​។​

​ក្នុងជំនួប​នេះ​លោកស្រី ឃួន សុ​ដា​រី ថ្លែងថា សន្តិភាព បានធ្វើឱ្យ​កម្ពុជា​អភិវឌ្ឍន៍​និង​ប្រើប្រាស់​គ្រប់​សក្តានុពល​ដើម្បី​ការរីកចម្រើន​របស់​ស​ង្គ​ម​ជាតិ និង​ការលើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​។ 

លោកស្រី​បាន​គូសបញ្ជាក់ថា​កម្ពុ​ជាមាន​សក្តានុពល​ជាច្រើន​សន្ធឹកសន្ធាប់​ទាំង​សម្បត្តិ​វប្បធម៌ និង​ធនធានធម្មជាតិ ប៉ុន្តែ​ដោយសារ​ភ្លើងសង្គ្រាម បានធ្វើឱ្យ​កម្ពុជា​យឺតយ៉ាវ​ឬ​រំ​លេង​សក្តានុពល​ដែលមាន តួយ៉ាង​ដូចជា វិស័យ​គ្រឿងអលង្ការ និង​ត្បូង​មានតម្លៃ​នេះ​ជាដើម​។​

​ជាមួយគ្នានេះ​លោកស្រី​ប្រធានរដ្ឋសភា បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការរៀបចំ​ការតាំងពិព័រណ៍​គ្រឿងអលង្ការ របស់​សមាគម​ពាណិជ្ជករ​គ្រឿងអលង្ការ ដោយ​ចាត់ទុកថា ជា​ព្រឹត្តិការណ៍​សំខាន់​។​លោកស្រី​ថ្លែងថា​៖« ពីព្រោះ​មិន​ត្រឹម​ជួយ​ដល់​លើកកម្ពស់​វិស័យ​គ្រឿងអលង្ការ​ប៉ុណ្ណោះ​ទេ តែ​ជា​ព្រឹត្តិការណ៍​សម្រាប់​ទាក់ទាញ​អ្នកវិនិយោគទុន​ពី​បរទេស មក​បណ្តាក់ទុន​នៅ​កម្ពុជា​និង​ជា​ឱកាស​ដែល​កម្ពុជា​អាច​ស្រូប​ទាញ​អ្នកទេសចរ ពាណិជ្ជករ និង​អ្នកវិនិយោគ ស្របពេល​ដែល​យើង​បង្ហាញ​ពី​ប្រពៃណី ទំនៀមទម្លាប់ សម្បត្តិ​វប្បធម៌​ជាតិ ស្នាដៃ​សិល្បៈ​ចម្លាក់​របស់​កូន​ខ្មែរ ដល់​ភ្ញៀវ​បរទេស​បាន​ស្គាល់​» ។​

បើតាម​ប្រធានរដ្ឋសភា កម្ពុជា​ជា​ទឹកដី​សុវណ្ណ​ភូមិ ដែលមាន​ពោរពេញ​ដោ​យស​ម្ប​តិ្ត​វប្បធម៌ និង​ធនធានធម្មជាតិ ដូច្នេះ​ការរក្សាបាន​នូវ​សុខសន្តិភាព​គឺ​កម្ពុជា​នឹង​ទទួល​ការរីកចម្រើន អភិវឌ្ឍន៍​គ្រប់​វិស័យ​ជា​លំដាប់ ដោយសារ​សន្តិភាព​និង​ការអភិវឌ្ឍ​ជា​ចំណង​២​លើ​ខ្សែ​តែមួយ​។ 

​ក្នុងឱកាស​នោះដែរ​លោក ឆាយ ស៊ី​ណាត បាន​រាយការណ៍​ពី​ការងារ​និង​សមិទ្ធផល​ដែល​សមាគម​សម្រេចបាន នាពេល​កន្លង​ម​នៅក្នុង​ការចូលរួម​លើ​កក​កម្ពស់​វិស័យ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។ 

លោក​បាន​ថ្លែងថា​៖«​ក្រៅពី​ការធ្វើ​ជំនួញ និង​ការ​កៀរគរ​អ្នកវិនិយោគ​មក​បណ្តាក់​ទុន​នៅ​កម្ពុជា សមាគម​ក៏បាន​ចូលរួម​ការងារ​សង្គម សកម្មភាព​មនុស្សធម៌ នៅក្នុង​នោះ​ក៏បាន​ចូលរួម​លើកកម្ពស់​សមភាព​យេនឌ័រ​ផងដែរ តាមរយៈ​ការផ្តល់​តម្លៃ​ដល់​ស្នាដៃ​ចម្លាក់​របស់​បងប្អូន​ស្ត្រី​»​។​

ដោយឡែក​ក្នុងជំនួប​រវាង​គណៈប្រតិភូ​សមាគម​ពាណិជ្ជករ​គ្រឿងអលង្ការ​និង​ត្បូង​មានតម្លៃ​កម្ពុជា និង​លោក ម៉ៅ ច័ន្ទ​តារា រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​៧ ខែកុម្ភៈ លោក ឆាយ ស៊ី​ណាត បាន​ស្នើសុំ​ការគាំទ្រ និង​យន្តការ​ការពារ​សន្តិសុខ ពី​ក្រសួងមហាផ្ទៃ ក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍​គ្រឿងអលង្ការ ដើម្បី​ញ៉ាំងឱ្យ​ដំណើរការ​ទៅ​រលូន និង​ទទួលបាន​ជោគជ័យ។​

គួរ​ជម្រាប​ថា ប្រភេទ​ទំនិញ​តាំងពិព័រណ៍​នេះ ​រួមមាន​គ្រឿងអលង្ការ​ពេជ្រ គ្រឿងអលង្ការ​ប្រណីត គ្រឿងអលង្ការ​មាស ប្រាក់ ត្បូង គ្រឿងអលង្ការ​ចម្រុះ គ្រឿងអលង្ការ​ធ្វើ​ដោយ​ដៃ មាស ប្លា​ទីន ប្រាក់ ពេជ្រ ត្បូង​ទទឹម ត្បូង​កណ្តៀង ត្បូង​មរកត គ្រី​ស្តា​ល់ ពេជ្រ​ចម្រុះ​ពណ៌ ឧបករណ៍​កែច្នៃ ម៉ាស៊ីន​កែច្នៃ សម្ភារ​វេច​ខ្ចប់ អាជីវកម្ម​ពាក់ព័ន្ធ​គ្រឿងអលង្ការ និង​សេវាកម្ម​ពាក់ព័ន្ធ​ជាច្រើន​ផ្សេងទៀត​៕