ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ និងក្រសួងឧត្តមសិក្សាវិទ្យាសាស្ត្រស្រាវជ្រាវ និងនវានុវត្តន៍ ថៃបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) នាថ្ងៃទី ៧ ខែកុម្ភៈ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសិក្សាធិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារវាងប្រទេសទាំង ២។
អនុស្សរណៈនៃការយោគយល់គ្នានេះបង្ហាញពីការទទួលស្គាល់គ្នាទៅវិញទៅមកលើតួនាទីយ៉ាងសំខាន់នៃវិស័យអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការជំរុញសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ វាក៏បង្ហាញពីបំណងរួមគ្នារវាងប្រទេសទាំង ២ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើផ្នែកសិក្សាធិការ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយផ្អែកលើគោលការណ៍សមភាព សមធម៌ ផលប្រយោជន៍រួម និងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំង ២។ នេះបើយោងតាមក្រសួងឧស្សាហកម្មនៅថ្ងៃទី ៨ ខែកុម្ភៈនេះ។
កិច្ចសហប្រតិបត្តិការនេះគ្របដណ្តប់លើវិស័យសំខាន់ៗរួមមាន៖ ជីវវិទ្យាសាស្ត្រ និងជីវបច្ចេកវិទ្យា វិស័យរ៉ូបូត អេឡិចត្រូនិក និងបច្ចេកវិទ្យានិងសេដ្ឋកិច្ចឌីជីថល សន្តិសុខស្បៀង ទឹក និងថាមពល ព័ត៌មានវិទ្យាភូមិសាស្ត្រ និងបច្ចេកវិទ្យាអវកាស វិទ្យាសាស្ត្រភាវរស់ និងវិទ្យាសាស្ត្រវេជ្ជសាស្ត្រ វិទ្យាសាស្ត្ររូបធាតុ និងបច្ចេកវិទ្យាណាណូ។
ក្រៅពីនោះ កិច្ចសហប្រតិបត្តិការនេះក៏ផ្តោតទៅលើ គោលនយោបាយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(វ.ប.ន.) និងការចូលរួមជាសាធារណៈក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ធុរកិច្ចបង្កើតថ្មី កម្មវិធីបណ្តុះធុរកិច្ចបង្កើតថ្មី និងសួនវ.ប.ន. មាត្រាសាស្ត្រ។
ក្រសួងក៏បានឱ្យដឹងផងដែរថា MoUនេះក៏គ្របដណ្តប់លើ ការគ្រប់គ្រងភ័ស្តុភារ និងខ្សែច្រវាក់ផលិតកម្ម ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាព និងភាពប្រកួតប្រជែងនៃវិស័យដឹកជញ្ជូន និងភ័ស្តុភារ ក៏ដូចជាការបង្កើនប្រសិទ្ធភាពលើលំហូរទំនិញនិងសេវាកម្មផ្សេងៗ ដែលឆ្លងកាត់ព្រំដែន និងតំបន់។ លើសពីនោះក៏មាន ការកែច្នៃចំណីអាហារ និងការវេចខ្ចប់ដែលមានភាតរបរិស្ថាន ក្នុងគោលដៅកាត់បន្ថយផលប៉ះពាល់បរិស្ថានដែលបណ្តាលមកពីផលិតកម្ម និងការប្រើប្រាស់ចំណីអាហារ ក៏ដូចជាការបង្កើនតម្លៃបន្ថែម និងអាយុកាលនៃផលិតផលចំណីអាហារ ដោយប្រើប្រាស់បច្ចេកវិទ្យានិងការអនុវត្តដែលមាននវានុវត្តន៍ក្នុងការកែច្នៃនិងការវេចខ្ចប់ចំណីអាហារ។
ក្រសួងបានបញ្ជាក់ថា៖ «អនុស្សរណៈនៃការយោគយល់គ្នានេះក៏បង្ហាញពីលក្ខខណ្ឌនៃកិច្ចសហប្រតិបត្តិការ ដែលរួមមានគម្រោងស្រាវជ្រាវនិងអភិវឌ្ឍន៍រួមគ្នា ការផ្លាស់ប្តូរអ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញ ការផ្លាស់ប្តូរព័ត៌មាន ការផ្ទេរបច្ចេកវិទ្យា និងសកម្មភាពអប់រំ វិទ្យាសាស្ត្រ និងបច្ចេកទេសជាច្រើនផ្សេង»។
ការចុះអនុស្សរណៈយោគយល់គ្នានេះត្រូវបានធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ ដោយ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ឌឌី និងលោកស្រី សុភាម៉ា អ៊ីសារ៉ាបហាឌី រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍នៃប្រទេសថៃ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃបានធ្វើជាអធិបតីភាពក្នុងពិធីនេះ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសថៃ៕